រងទឹកអាស៊ីត ធ្វើឲ្យខ្ទេចមុខនិងខ្វាក់ភ្នែក ព្រោះ... ច្រឡំមនុស្ស
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១០ តុលា ២០១៥
- កែប្រែចុងក្រោយ: October 12, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនជាប់ចោទ លោក ដេវីដ ហ្វីលីព (David Phillips) ត្រូវបានផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទបានបង្ករបួសស្នាម នៅលើបុរសម្នាក់ដោយទឹកអាស៊ីត។ ជនជាប់ចោទ បានទទួលស្គាល់ថា បានបង្កនិងរៀបចំគម្រោងការទុកជាមុន នូវការស្រោចទឹកអាស៊ីតនេះ ដោយសារខ្លួនបានជឿជាក់ថា បុរសជាជនរងគ្រោះ បានបំពានខាងផ្លូវភេទ ទៅលើសាច់ញាតិខ្លួនម្នាក់។ ប៉ុន្តែ លោក ដេវីដ ហ្វីលីព បានយល់ច្រឡំ ទៅលើអត្តសញ្ញាណ របស់អ្នកប្រព្រឹត្តិ។
លោក អេនឌ្រៀស គ្រីស្តូហ្វើរូស (Andreas Christopheros) ដែលជាជនរងគ្រោះ បានឆេះដាច់មុខរលេះរលួយ និងបានខ្វាក់ភ្នែកមួយចំហៀង។ លោកត្រូវបានវាយប្រហារ ដោយទឹកអាស៊ីត កាលពីខែធ្នូឆ្នាំទៅម៉ិញ នៅក្នុងគេហដ្ឋានរបស់លោក នាក្រុង «Truro» ស្ថិតក្នុងភាគខាងត្បូង នៃចក្រភពអង់គ្លេស។ កាលណោះ លោក អេនឌ្រៀស នៅក្នុងផ្ទះរបស់លោក ដូចធម្មតា ហើយបានចេញ មកបើកទ្វាឲ្យលោក ដេវីដ ហ្វីលីព។ រំពេចនោះ លោក ដេវីដ បានស្រែកឡើងថា៖ «អានេះ (ទឹកអាស៊ីត) គឺសម្រាប់អ្នកឯង» មុននឹងជះទឹកអាស៊ីតស៊ុលហ្វ័រីច ដ៏ខាប់ ទៅលើជនរងគ្រោះ។
កម្លាំងរបស់ទឹកអាស៊ីតសុទ្ធ និងខាប់ មានកម្លាំងខ្លាំងណាស់ រហូតដល់អាវដែលលោក អេនឌ្រៀស ពាក់ បានពុកផុយខ្ទេចម៉ត់ ហើយក្ដាកម្រាលនៅក្នុងផ្ទះ ត្រូវបានស៊ីរូង និងមានស្នាមខូចខាតជាប់រហូត។ នេះបើតាមសេចក្ដីរាយការណ៍បន្ថែម របស់ស្ថានីយ៍ទូរទស្សន៍ ប៊ីប៊ីស៊ី (BBC)។
កូនខ្លួនឯង ភ័យនឹងឪពុក...
លោក អេនឌ្រៀស បានបង្ហាញខ្លួន នៅក្នុងសវនាការ ក្នុងថានៈជាជនរងគ្រោះ ដោយមានពាក់មុខ ធ្វើពីជាតិ ស៊ីលីកូន និងវែនតាខ្មៅ។ លោកបានថ្លែង នៅចំពោះចៅក្រមថា លោកបានរងនូវការវះកាត់ ទៅលើរាងកាយមួយចំនួន ដែលបានរលេះរលួយ និងពិការ។ លោកនឹងត្រូវខូចមុខ ហើយមើលមិនច្បាស់ រហូតអស់មួយជីវិត។ លោកថែមទាំង បានបញ្ជាក់ទៀតថា កូនប្រុសដែលនៅតូចរបស់លោក លែងមើលលោកស្គាល់ ថាជាឪពុក និងមានការភ័យភិត នឹងឃើញមុខលោក។
» គ្រួសារលោក អេនឌ្រៀស និងជនជាប់ចោទ៖
ជនជាប់ចោទ ដែលបានទទួលស្គាល់ ពីគម្រោងការដ៏អាក្រក់របស់ខ្លួន នឹងត្រូវរស់នៅរហូតចុងបញ្ចប់នៃជីវិត ក្នុងពន្ធនាគារ។ នៅពេលចេញពីតុលាការ លោក ដេវីដ ហ្វីលីព បានទៅសម្ដែងការសោកស្ដាយ របស់ខ្លួន នៅចំពោះជនរងគ្រោះ។ សម្រាប់មន្ត្រីអាជ្ញាធរ ដែលទទួលបន្ទុកស៊ើបអង្កេតករណីនេះ បានឲ្យដឹងថា៖ «វាជារឿងដែលតក់ស្លុតរកទីបំផុតគ្មាន ដោយសារតែទង្វើល្មើស បានធ្វើឲ្យរបួស និងបានផ្លាស់ប្ដូរជីវិត របស់បុរសម្នាក់ ដែលមិនដឹងរឿងអីទាល់តែសោះ»៕