តុលាការ​សាក​សួរ ថោង សារ៉ាត់ ជា​ថ្មី​ទៀត

នារសៀលថ្ងៃទី២៣ ខែមេសានេះ ជនជាប់ចោទ ថោង សារ៉ាត់ និងត្រូវបាននាំមកសាកសួរ ដោយសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការបាញ់សម្លាប់ លោក អ៊ឹង ម៉េងជឺ កាលពីព្រលប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ កណ្តាលរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ របស់លោកមេធាវីការពារក្ដី ឲ្យលោក ថោង សារ៉ាត់។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២៣ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 23, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងនីតិវិធីរបស់ខ្លួន តុលាការសាលាដំបូងរាជធានី បានហៅលោក ថោង សារ៉ាត់ មកសាកសួរជាថ្មីទៀត កាលពី​រសៀល​​ថ្ងៃទី២៣ ខែមេសា នេះ តែនៅមិនទាន់ មានការកំណត់ជាក់លាក់ អ្វីឡើយ។ នេះជាការបញ្ជាក់អះអាង ដោយមិន​មាន​ភាព​លំអិតជាងនេះ របស់លោកមេធាវី ការពារក្ដីឲ្យលោក ថោង សារ៉ាត់។

លោកមេធាវី គា អ៊ាវ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមានមេធាវីដៃគូ ចំនួនពីររូបផ្សេងទៀត ក្នុង​ការ​ការពាររឿងក្តីនេះ។ ដូច្នេះលោកនៅមានកិច្ចប្រជុំបន្ទាប់ទៀត មុននឹងឡើងសវនានានោះ នៅឡើយ។ ចំណែកលោក​មេធាវី លឹម វណ្ណា និងលោក ស៊ី សត្យា ទស្សនាវដ្តីមិនអាច សុំការបញ្ជាក់បន្ថែមបានឡើយ ដោយលោកបានថ្លែងថា កំពុង​ជាប់ប្រជុំ ហើយអាចសារសួរ ក្រោយបញ្ចប់សវនាការ នារសៀលថ្ងៃទី២៣ ខែមេសានេះ។

បើតាមការចេញផ្សាយ របស់គេហទំព័រអគ្គស្នងការដ្ឋាន នគរបាលជាតិ បានបង្ហាញថា លោកថោង សារ៉ាត់ មាន​ជាប់​ពាក់ព័ន្ធ ក្នុងការផ្តើមគំនិតឃាតកម្ម គិតទុកជាមុន លើលោក អ៊ឹង ម៉េងជឺ ដែលនឹងត្រូវផ្តន្ទាទោស តាមមាត្រាមាត្រា២៨ និង២០០ នៃក្រមព្រហ្មទណ្ឌ។ បើពិនិត្យលើក្រមព្រហ្មទណ្ឌ មាត្រា២០០ បានចែងថា ឃាតកម្មគិតទុកជាមុន គឺអំពើ​សម្លាប់​មនុស្ស ដោយចេតនាគិតទុកជាមុន ឬដោយការពួនស្ទាក់។ ច្បាប់នេះ បានចែងថា៖ «ឃាតកម្មគិតទុកជាមុន ត្រូវ​ផ្ដន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត»។

លោក ថោង សារ៉ាត់ ត្រូវបានចាប់ខ្លួននាយប់ថ្ងៃទី១៦ ខែមេសា នៅច្រកព្រំដែនក្រុងបាវិត ខេត្តស្វាយរៀង ខណៈពេល​លោកឆ្លងដែន ចូលមកកម្ពុជា។ លោកជាជនសង្ស័យទីមួយ ថាជាមេខ្លោង នៅពីក្រោយការបាញ់សម្លាប់ លោក អ៊ឹង ម៉េងជឺ។ ក្រោយការចាប់ខ្លួន និងបន្ទាប់ពីសាកសួរហើយនោះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លី សុខលេង បានដាក់ការចោទប្រកាន់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ពីបទផ្ដួចផ្ដើមគំនិត ក្នុងអំពើឃាតកម្មគិត​ទុក​ជាមុន មុននឹងបញ្ជូនខ្លួនលោក ថោង សារ៉ាត់ ទៅឃុំជាបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស តាមដីកាឃុំខ្លួន របស់​សាលា​ដំបូងរាជធានីភ្នំពេញ ចុះហត្ថលេខា ក្នុងថ្ងៃទី១៧ ខែមេសាដដែល។

ដោយឡែកលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បន្ទាប់ពីមានការចាប់ខ្លួនលោក ថោង សារ៉ាត់ មិនបាន​បញ្ជាក់ ពីកិច្ចប្រតិបត្តិការយ៉ាណានោះឡើយ ដោយលោកគ្រាន់តែបង្ហាញថា ការចាប់ខ្លួននេះ ធ្វើឡើងក្នុងទឹកដីកម្ពុជា និង​ជា​ការ​ខិតខំ នៃអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។ ជាមួយគ្នានេះ លោកហៅការចាប់ខ្លួននេះ ថាអាចមកពីលោក ថោង សារ៉ាត់ ភ្លេចខ្លួន ក៏ថាបាន។ លោក ខៀវ សុភ័គ បានថ្លែងឲ្យដឹងថា៖ «កុកអាចភ្លេចជង់ តែជង់វិញ មិនដែលភ្លេចកុកទេ»។

ប៉ុន្តែបើតាមការអះអាងរបស់លោកមេធាវី គា អ៊ាវ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា នេះជាការចូល​សារភាព របស់​លោក ថោង សារ៉ាត់ ខ្លួនលោក ដើម្បីប្រឈមមុខតតាំង ទៅនឹងការចោទប្រកាន់ ដែលលោកខ្លួនឯង​បាន​វាយ​តម្លៃ​​ថា ជា​អំពើ​អយុត្តិធម៌ធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា លោក អ៊ឹង ម៉េងជឺ ជាប្រធានក្រុមហ៊ុនស៊ីម៉ងត៍ត្បូងពេជ្រ និង ជាម្ចាស់ហាងពេជ្រហុងកុង ត្រូវបាន​ឃាតករ​​បាញ់​សម្លាប់ កាលពីព្រលប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ មុខហាងលក់ផ្លែឈើមួយ ក្នុងសង្កាត់​ទួល​ស្វាយព្រៃ​ទី២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...