សមាជិក​សភា​អាមេរិកថា ហ៊ុន សែន បង្ក«ការ​រំខាន​​ចិត្ត​​ធ្ងន់ធ្ងរ»

ការគម្រាមដដែលៗរបស់លោក ហ៊ុន សែន ជុំវិញលទ្ធភាពនៃការផ្ទុះសង្គ្រាម បើគណបក្សកាន់អំណាចរបស់លោកសព្វថ្ងៃចាញ់ឆ្នោតនោះ បានជំរុញឲ្យសមាជិកសភាអាមេរិក យ៉ាងហោច៣នាក់ ចេញចេញថ្លែងការណ៍មួយ ហៅ«ការគម្រាម»នេះ ថាជា«ការរំខានចិត្តធ្ងន់ធ្ងរ»។ សមាជិកសភាអាមេរិកទាំងនោះ បានជំរុញក្រសួងការបរទេសអាមេរិក ឲ្យបង្ហាញ​ការ​គាំទ្រ​ជា​សាធារណៈ ដល់​ការ​គោរព​នីតិរដ្ឋ ក្នុងប្រទេសកម្ពុជា និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ។
សមាជិក​សភា​អាមេរិកថា ហ៊ុន សែន បង្ក«ការ​រំខាន​​ចិត្ត​​ធ្ងន់ធ្ងរ»
លោកតំណាងរាស្ត្រ អេដ រ៉យ ប្រធានគណៈកម្មការកិច្ចការបរទេស របស់សភាជាន់ទាបអាមេរិក។ (រូបថត Getty)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៧ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 29, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

​សមាជិកសភាអាមេរិកបីរូប មានអេដ រ៉យ (Ed Royce) លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) និង​លោក ស្ទីវ ឆាបុត (Steve Chabot) បានរួមគ្នាបរិហារការគម្រាមដដែលៗ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាការរំខានចិត្តធ្ងន់ធ្ងរ ហើយបានជំរុញឲ្យក្រសួងការបរទេសអាមេរិក បង្ហាញជាសាធារណៈ នូវជំហរ​ច្បាស់លាស់​របស់សហរដ្ឋអាមេរិក  គាំទ្រឲ្យមានការគោរពនីតិរដ្ឋ នៅកម្ពុជា។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃព្រហស្បត្តិ៍មុន ដោយសមាជិកសភាទាំងបីរូប ផ្ញើរជូនរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល័រសុន (Rex Tillerson)។

លិខិតបានសរសេ​រផ្ដល់សារៈសំខាន់ ទៅដល់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងប៉ុន្មានថ្ងៃខាងមុខ ដែលជាការបោះឆ្នោត ថ្នាក់មូលដ្ឋាន និងជាអនាគតនៃលិទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។ សមាជិកសភាអាមេរិកទាំងបីរូប បានបញ្ជាក់ថា៖ «យើង​មានការរំខាន​ចិត្ត​ធ្ងន់ធ្ងរ នៅចំពោះរបាយការណ៍ ដែលលើកឡើងថា ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​កំពុង​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ ​និង​ប្រើយុទ្ធសាស្ត្រ​បន្លាច​  ដើម្បី​បំភិតបំភ័យ​អ្នក​បោះឆ្នោត​ទាំងឡាយ​ ក្នុង​នោះមាន​ទាំងការ​សម្លុត​ អំពី​សង្គ្រាម​ក្នុង​ស្រុក​ ប្រសិន​បើ​គណបក្ស​របស់​លោកចាញ់​ឆ្នោត»។

សេចក្ដីថ្លែងការណ៍នោះ បានចេញផ្សាយនៅក្នុងថ្ងៃតែមួយ និងក្រោយការថ្លែងគម្រាមជាថ្មី របស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានធ្វើឡើង នៅចំពោះគ្រឹស្ទបរិស័ទច្រើនរយនាក់ នៅក្នុងសាលមហោស្រព កោះពេជ្រ កណ្ដាលរាជធានីភ្នំពេញ។ លោក ហ៊ុន សែន បានវាយប្រហារ ដោយពាក្យសំដីខ្លាំងៗ ទៅកាន់ក្រុមអ្នកនយោបាយប្រឆាំង ទាក់ទងនឹងគោលនយោបាយបង្កើន​កញ្ចប់​ថវិកា ​ដល់​រដ្ឋបាល​ថ្នាក់​មូលដ្ឋាន រួមជាមួយការលើកឡើងជាច្រើនទៀត ដែលបុរសខ្លាំងរូបនេះ ចាត់ទុកថា ជាការប្រមាថ​ចំពោះអ្នកគាំទ្រ​គណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារលោកផ្ទាល់។ លោក ហ៊ុន សែន ថែមទាំងបានគម្រាមទៀតថា សង្គ្រាម​នឹង​ផ្ទុះឡើង​ ប្រសិន​បើ​គណបក្ស​របស់​លោក​មិន​ឈ្នះ​ឆ្នោត​ ហើយលោកត្រៀម នឹងកម្ចាត់មន្ត្រីគណបក្សប្រឆាំង ពី១០០ ទៅ២០០នាក់ចោល ដើម្បីអ្វីមួយ ដែលលោកហៅថា នឹងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា រាប់លាននាក់។

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឡើងថា៖ «ទង្វើ​​ណា​ក៏​​ដោយ ដែលនាំ​ទៅដល់​ការ​ផ្តួលរំលំ គឺជាទង្វើ​ ដែល​ត្រូវតែបង្រ្កាប​​ដាច់​ខាត​​តែម្តង។ ​គ្មាន​ការ​អត់ឱន​ទេ​ ដើម្បីធានា​ជីវិតមនុស្ស​រាប់លាន​នាក់ យើង​សុខ​ចិត្ត​​កំចាត់​​ចោល ​១០០-២០០នាក់ ព្រោះ​យើង​ធ្លាប់​បាន​ឃើញ នៅ​អតីតកាល។»។

សមាជិកសភាអាមេរិកទាំងបីរូប ដែលបានអះអាង ពី«ការរំខានចិត្ត» នៅចំពោះការថ្លែងទាំងនេះ របស់លោក ហ៊ុន សែន បានជំរុញរដ្ឋាភិបាលអាមេរិក ឲ្យបង្ហាញពីជំហរច្បាស់លាស់ តាមរយៈសេចក្ដីថ្លែងការណ៍ណាមួយ ដើម្បី​ការពារ​លិទ្ធិ​ប្រជាធិបតេយ្យ នៅ​កម្ពុជា និងដើម្បីផ្ញើសារ ទៅរដ្ឋាភិបាលកម្ពុជា ដែលត្រូវតែគោរពសិទ្ធិសេរីភាព របស់ពលរដ្ឋខ្មែរ។ សេចក្ដីថ្លែងការណ៍បានបន្តថា៖ «យើង​អំពាវនាវ​ ឲ្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ​និង​ស្ថានទូត​សហរដ្ឋ​អាមេរិក ​ប្រចាំ​កម្ពុជា​ បង្ហាញ​ការ​គាំទ្រ​ជា​សាធារណៈ ​ដល់​នីតិរដ្ឋ​ និង​ស្នើ​ដល់​រដ្ឋាភិបាលកម្ពុជា ​ឲ្យ​គោរព​សិទ្ធិ​បោះឆ្នោត​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ នៅ​មុន​ការ​បោះឆ្នោត»។​

«ត្រូវប្រើសង្គ្រាម ដើម្បីសន្តិភាព»

ការលើកឡើងខាងលើ របស់ក្រុមអ្នកតំណាងរាស្ត្រអាមេរិក ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោល និងចាត់ទុកថា ជាសិទ្ធយល់ឃើញមួយផ្នែកតូច របស់សមាជិកសភាទាំងបីរូបនោះ តែប៉ុណ្ណោះ។ លោក ឥសាន បានថ្លែងឡើងថា គណបក្សប្រជាជនកម្ពុជា ជាស្ថាបនិកតែមួយគត់ នៃសន្ដិភាពនៅកម្ពុជា និងមិនដែលបំភិតបំភ័យ គំរាមកំហែងពលរដ្ឋនោះទេ។ លោកថា ការលើកឡើង ពីភាសា«សង្គ្រាម» របស់លោក ហ៊ុន សែន ជារឿងត្រឹមត្រូវ ព្រោះសង្គ្រាមនោះ នឹងត្រូវយកមកប្រើប្រាស់ ដើម្បីសន្តិភាព។

លោក សុខ ឥសាន មានប្រសាសន៍ថា៖ «[ក្នុង]ឆន្ទៈមោះមុតក្នុងការពារជាតិ ការពារប្រជាជននេះ គឺដាច់ខាត យើងត្រូវប្រើសង្គ្រាមដើម្បីសន្ដិភាព ក៏យើងត្រូវប្រើដែរ មិនមានជនណា ឬគណបក្សណាមកធ្វើឲ្យរង្គោះរង្គើរដល់សន្ដិភាព ស្ថិរភាពនយោបាយទេ។ ខ្ញុំយល់ថា មានតែគណបក្សប្រជាជនទេ ដែលជាស្ថាបនិកសន្ដិភាព។»

យ៉ាងណា សហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានធ្វើប្រតិកម្មដល់ទៅពីរដងហើយ គ្រាន់តែនៅក្នុងខែឧសភាតែមួយនេះ ទាក់ទងនឹងសេរីភាព និងការគោរពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។

លើកទីមួយ ជាសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយ កាលពីថ្ងៃសុក្រទី៥ ខែឧសភា កន្លងមក។ នៅក្នុង​សេចក្ដីថ្លែងការណ៍នោះ  ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បានប្រកាស​គាំទ្រ​សេចក្ដី​ថ្លែងការណ៍ របស់​សហភាព​អ៊ឺរ៉ុប និង​​ការិយាល័យ​ នៃ​​ឧត្ដម​ស្នងការ ​អង្គការ​សហប្រជាជាតិ​ ទទួល​​បន្ទុក​សិទ្ធិមនុស្ស ដែល​ទាមទារ​ ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្សបួនរូប និងមន្ត្រីគ.ជ.បមួយរូប ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។ មន្ត្រីទាំងប្រាំរូបនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រាប់បន្តឃុំខ្លួនពួកគេ ចំនួន៦ខែទៅមុនទៀត ខណៈពួកគេបានជាប់ឃុំ ទាំងគ្មានការជំនុំជម្រះ តាំងពីជាងមួយឆ្នាំ កន្លងមកហើយ។

លើកទីពីរ គឺជាការថ្លែងដោយផ្ទាល់មាត់ ទៅកាន់ក្រុមអ្នកសារព័ត៌មាន ពីសំណាក់អ្នកស្រី «Katina Adams» អ្នកនាំពាក្យក្រសួងការបរទេស ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កាលពីថ្ងៃសុក្រ ទី២០ ខែឧសភា ដែលជាថ្ងៃដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់។ អ្នកនាំពាក្យរូបនេះ បានថ្លែងអំពាវនាវដលរដ្ឋាភិបាលកម្ពុជា  ត្រូវចាត់វិធានការបន្ទាន់ ដើម្បីធានាសេរីភាព នៃលំហរនយោបាយដែលគ្មានការគំរាមកំហែង ឬការបំភិតបំភ័យក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងអំឡុងពេល នៃការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ រហូតដល់ពេលបោះឆ្នោតរួច។

អ្នកស្រី «Katina Adams» បានថ្លែងឡើង នៅពេលនោះថា៖ «យើងទទូចឱ្យរដ្ឋាភិបាល[កម្ពុជា ត្រូវ]ចាត់វិធានការបបន្ទាន់ ដើម្បីធានាសេរីភាព នៃលំហរនយោបាយ ដែលគ្មានការគំរាមកំហែង ឬការបំភិតបំភ័យ ក្នុងប្រទេសកម្ពុជា។ យើងអំពាវនា​វ​ដល់រដ្ឋាភិបាលកម្ពុជា លើកកម្ពស់សិទ្ធិសេរីភាព ខាងការបញ្ចេញមតិ ដែល​មាន​ការ​ទទួលស្គាល់​ជាអន្តរជាតិ សម្រាប់ពលរដ្ឋកម្ពុជាទាំងអស់។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...