សម រង្ស៊ី ថា​​មែន​ទែន​​ទៅ ហ៊ុន សែន គាត់​គម្រាម​​គ្នា​គាត់​ទេ

ជាប្រតិកម្មជាលើកដំបូង របស់លោក សម រង្ស៊ី ទៅនឹងការលើកឡើង របស់នាយករដ្ឋមន្ត្រី​-ប្រធានគណបក្ស​ប្រជាជន​កម្ពុជា ជុំវិញ​លទ្ធភាព នៃការ​«ផ្ទុះ​សង្គ្រាម» ប្រសិនជា​គណបក្ស​​កាន់អំណាច​​ចាញ់ឆ្នោត។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ឡើង​ថា៖ «មែនទែនទៅ គាត់គម្រាមកំហែង​គ្នាគាត់ទេ សូម​បងប្អូន​ទាំង​អស់ កុំចាប់​អារម្មណ៍ សូមខ្មែរ​ទាំង​អស់ អញ្ជើញ​ទៅ​បោះឆ្នោត»។
សម រង្ស៊ី ថា​​មែន​ទែន​​ទៅ ហ៊ុន សែន គាត់​គម្រាម​​គ្នា​គាត់​ទេ
ពីឆ្វេងទៅស្ដាំ​៖ លោក សម រង្ស៊ី មេដឹកនាំប្រឆាំង និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថត AFP)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២៦ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 26, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការលើក​ឡើង​ម្ដងហើយម្ដងទៀត ថាកម្ពុជា​នឹង​«ផ្ទុះ​សង្គ្រាម»​ឡើងវិញ ប្រសិន​ជា​គណបក្ស​​ប្រជាជន​​កម្ពជា​ចាញ់​​ឆ្នោត​ (មានន័យ ស្មើនឹង​គណបក្ស​សង្គ្រោះជាតិ​ឈ្នះឆ្នោត) នោះ មិន​បាន​ធ្វើឲ្យ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សំដែង​ការចាប់​អារម្មណ៍​ប៉ុន្មាន​ទេ។ ផ្ទុយ​ទៅ​វិញ មេដឹកនាំ​ប្រឆាំងរូបនេះ បាន​ថ្លែង​ថា ការលើក​ឡើង​របៀប​នេះ ជាការ​គម្រាមកំហែង ធ្វើឡើង​សម្រាប់​គ្នីគ្នា បក្ខពួក​របស់​អ្នកគម្រាម នោះ​ទៅ​វិញ​ទេ។

លោក សម រង្ស៊ី បានថ្លែង​ក្នុង​កិច្ច​សម្ភាស ជាមួយវិទ្យុ​អាស៊ីសេរី ក្នុងយប់​ថ្ងៃទី២៦ ខែឧសភា​នេះ ពី​សហរដ្ឋ​អាមេរិក​មក​ថា៖ «ដើម្បីធ្វើសង្គ្រាម ទាល់តែធ្វើសង្គ្រាម​ជាមួយអ្នក​មាន​អាវុធ មានទ័ព។ តើ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទ័ពទីង មាន​អាវុធ មាន​អី ពីអង្កាលណា? ខ្ញុំចំណាស់ប៉ុណ្ណឹង​ហើយ ខ្ញុំមិនដែល​កាន់​កាំភ្លើង មិន​ដែល​ចង់​កាន់ ចង់​ចេះ​បាញ់​អីទេ​បងប្អូន។»។

កាលពីប៉ុន្មានសប្ដាហ៍មុន នាយករដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ព្រមាន​​​ថា លោក​សុខចិត្ត​ឲ្យ «ផ្ទុះសង្គ្រាម ក៏ផ្ទុះទៅចុះ» តែ​លោក​ត្រូវ​​បង្ក្រាប​​ឲ្យ​បាន ទោះក្នុងតម្លៃ​ណា​​ក៏ដោយ ប្រឆាំង​​នឹង​ចលនា​ណា​ក៏ដោយ ដែល​ធ្វើ​ឲ្យខូច ដល់​សណ្ដាប់​​ធ្នាប់​​សាធារណៈ។ បន្ទាប់មក​​ទៀត លោក ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​​ជាតិ ថែមទាំងបាន​​ព្រមាន ថា​នឹង​«វ៉ៃ​បែក​ធ្មេញ» ប្រឆាំង​ជន​ណា ឬក្រុម​ណា ដែលហ៊ានងើបឡើង​​តវ៉ា ​ប្រឆាំង​នឹង​​លទ្ធផល នៃការ​​បោះឆ្នោត​នោះ​ផង​ទៀត។

ប៉ុន្តែអតីតប្រធានគណបក្សប្រឆាំងធំជាងគេ បានពន្យល់វិញថា៖ «សូមបងប្អូនកុំភ័យខ្លាច! ព្រោះអ្នក​ប្រើ​ពាក្យ​សំដី គម្រាម​កំហែង គឺអត់មានរឿងអីនិយាយ មិនប្រើប្រាជ្ញា មិនប្រើគំនិត ប្រើតែភាសាគម្រាមកំហែង មាន​ន័យ​ថា ជាការ​សារភាព។ អ្នកដែលប្រើភាសា​គម្រាម​កំហែង គឺគេសារភាព ថាគេចាញ់​ហើយ ផ្លូវចិត្ត ផ្លូវប្រាជ្ញា គឺគេ​ចាញ់ ដូច្នេះ​គេនៅ​តែផ្លូវ​សាច់ដុំ ផ្លូវកងទ័ព គេយក​មកប្រើ (...) ហើយប្រជារាស្ត្រ លោកមិនចូល​ចិត្តទេ អ្នក​ណា​ដែល​ប្រើភាសា​គម្រាម។ ប្រជារាស្ត្រ​លោក​ចង់បានអ្នកណា ដែលមានគំនិតជឿនលឿន គំនិត​ច្បាស់លាស់ ​គំនិត​ស្នេហា​ជាតិ គំនិតយុត្តិធម៌ អញ្ចឹងហើយ ខ្ញុំជឿជាក់ បើបងប្អូន​ទៅបោះឆ្នោត​ឲ្យបានច្រើន កាន់​តែ​ច្រើន​កាន់​តែ​ល្អ នឹងមានការ​ប្រែប្រួល​ឆ្នាំ២០១៧ នឹងមាន​ការផ្លាស់ប្ដូរ​ជាវិជ្ជមាន ហើយ​ឆ្នាំ២០១៨ នឹង​មាន​ការ​ផ្លាស់ប្ដូរ​ថ្នាក់​ជាតិ តែ​ម្ដង។»។

គូប្រជែងនយោបាយដ៏សំខាន់ របស់លោក ហ៊ុន សែន បានបន្តបកស្រាយថា៖ «សម័យ​មុន ៤០ឆ្នាំ​មុន​នោះ ​យើង​ត្រូវ​ការ​អ្នក​ដែល​ប្រយុទ្ធ តាមយោធា។ តែសម័យនេះ គេឈប់ត្រូវការប្រយុទ្ធ តាមយោធា​ហើយ។ គេ​ត្រូវ​ការ​កម្លាំង​ប្រាជ្ញា គេត្រូវការ​អ្នក​សេដ្ឋកិច្ច គេត្រូវការរៀបចំ​ប្រទេស ឲ្យសម្បូរ​សប្បាយ គេត្រូវ​បង្កើត​ការងារ ឲ្យ​យុវជន​មាន​ការងារធ្វើ តម្លើងប្រាក់ខែ​ឲ្យបានត្រឹមត្រូវ ឲ្យសហគ្រាស ដែលមក​រកទទួល​ទាន នៅប្រទេស​កម្ពុជា​ គេ​រក​បាន​ផលចំណេញ ដោយយុត្តិធម៌ ដើម្បីបង្កើត​ការងារ​​ឲ្យប្រជាពលរដ្ឋ។ ហ្នឹង​ហើយ ជាវិធានការណ៍​​សេដ្ឋកិច្ច ដែល​យើង​ត្រូវចាត់ រកដំណោះស្រាយ​សេដ្ឋកិច្ច ដែលយើងត្រូវរិះរក មិនត្រូវស្អី​បន្តិច បញ្ចេញ​ធ្មេញ ​បញ្ចេញ​កម្លាំង បញ្ចេញ​ទ័ព បញ្ចេញ​អីនោះ វាហួស​សម័យ​ហើយ។»។

«គ្នាគាត់ខ្លះប្រុងបែកផ្លូវ»

លោក សម រង្ស៊ី ថា៖ «អញ្ចឹងខ្ញុំជឿថា ការគម្រាមកំហែងនេះ មិនមែន​គម្រាមកំហែង​តែ​គណបក្ស​សង្គ្រោះ​ជាតិ ​គម្រាម​កំហែង​តែ​ប្រជារាស្ត្រទេ គាត់គម្រាម​កំហែង​គ្នាគាត់​ហ្នឹង ព្រោះគ្នាគាត់ដឹងថា​ គាត់អស់​លក្ខណ៍​ហើយ គ្នា​គាត់​បែប​ចង់​បែក​ផ្លូវ​ហើយ គ្នាគាត់​គឺមិនអាច​​មកធ្វើបាប​​ប្រជាពលរដ្ឋ តាមបញ្ជា​​របស់​គាត់​​នោះ​ទេ។ គាត់​បញ្ជា​បាន នៅ​ពេល​ណា​គាត់​​នៅមាន​អំណាច​​ស្របច្បាប់ តែពេលណា​គាត់​ចាញ់​ឆ្នោត គាត់អត់មាន​អំណាច​ស្រប​ច្បាប់​ហើយ ដូច្នេះ​ទៅ​បញ្ជា​អ្នកណា​ទៀត ហើយដោយ​សារ​គាត់ដឹងថា គ្នាគាត់​ខ្លះប្រុង​បែកផ្លូវ​ហើយ អញ្ចឹង​បាន​ជាគាត់​គម្រាម​កំហែង​នោះ។»។

«មែនទែនទៅ គាត់គម្រាមកំហែង​គ្នាគាត់ទេ សូមបងប្អូនទាំងអស់ កុំចាប់អារម្មណ៍ សូមខ្មែរ​ទាំងអស់ អញ្ជើញ​ទៅ​បោះ​ឆ្នោត។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...