ធន សារ៉ាយ៖ «វប្បធម៌សន្ទនា» មិនសម្រួលជម្លោះដីធ្លីពលរដ្ឋ
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៣ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 24, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២២ ខែកក្កដា កន្លងមកនេះ អង្គការសមាគមដែលធ្វើការស្និតនឹងបញ្ហាដីថ្លី និងជីវភាពប្រជាពលរដ្ឋនោះ បានលើកឡើងថា «បើមេបក្សទាំងពីរប្រកាន់ភ្ជាប់ នូវវប្បធម៌សន្ទនា» នោះពលរដ្ឋ ដែលកំពុងរងគ្រោះ ព្រោះតែស្តង់ដារច្បាប់ពីរ អាចនឹងត្រូវដោះស្រាយបាន។ លោកបន្តថា បច្ចុប្បន្ននេះ ពលរដ្ឋដែលរងគ្រោះ ព្រោះភាពក្រីក្រ ភាគច្រើនមិនត្រូវបានដោះស្រាយ ឬយកចិត្តទុកដាក់ ពីអាជ្ញាធរមូលដ្ឋាន ឬថ្នាក់លើឡើយ។ ដោយឡែក សម្រាប់មន្រ្តីមានអំណាច អ្នកមានលុយវិញ តែងតែត្រូវបានជួយជ្រោមជ្រែង មិនដាច់ពីអាជ្ញាធរមូលដ្ឋាន ជាពិសេស ពីអ្នកមានអំណាចធំៗ។
«ដីរបស់អ្នកណា» ជាប្រធានបទថ្មីមួយ ក្នុងចំណោមរឿងចាស់ៗ របស់រាស្រ្តរងគ្រោះ ត្រូវបានលើកឡើង ដោយ លោក ធន សារាយ ប្រធានសមាគម ការពារសិទ្ធិមនុស្សអាដហុក នៅស្នាក់ការកណ្តាល រាជធានីភ្នំពេញរបស់ខ្លួន។ លោកបានគួសបញ្ជាក់ ប្រាប់អ្នកសារព័ត៌មានថា តាមការអង្កេត និងការតាមដាន នៃសមាគមរបស់លោក បានរកឃើញថា «ការអនុវត្តច្បាប់» នៅកម្ពុជា បានបែងចែកជាពីរផ្នែក និងដាច់ស្រឡះពីគ្នា។ ឯការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានបែងចែកជាពីរដែរ នោះគឺការរស់នៅ រវាង«អ្នកមាន» និង«អ្នកក្រ»។
លោកបានធ្វើការពន្យល់ថា ពលរដ្ឋដែលជាជនក្រីក្រ ត្រូវបានដាក់ឲ្យស្ថិតនៅ «ក្រោមបទដ្ឋានច្បាប់» ដោយគ្មានការយកចិត្តទុកដាក់ ពីសុខទុក្ខឡើយ។ ផ្ទុយមកវិញ អ្នកមាន, ឧកញ៉ា (លុយ,អំណាច) និងអ្នកមានខ្នងបង្អែក ជាមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ត្រូវបានដាក់ឲ្យស្ថិត នៅពី«លើបទដ្ឋានច្បាប់»។ លោកពន្យល់បែបនេះថា ព្រោះតែអ្នកមានលុយ ឬឧកញ៉ា ទាំងនោះ បានចូលជ្រៅ ទៅក្នុងរឿងជម្លោះដីធ្លី ជាមួយពលរដ្ឋ តែមិនដែល ត្រូវទទួលទោសអ្វីឡើយ។ ផ្ទុយទៅវិញមានតែម្នាស់ដីទេ ដែលប្រឈមមុខយ៉ាងពិតប្រាកដ តាមរយៈការចាប់ចង ឬការចាប់ដាក់ពន្ធនាគារ តាមរយៈតុលាការជាដើម។
លោក ធន់ សារ៉ាយ បានបន្តថា បច្ចុប្បន្ននេះ បុគ្គលតុលាការមួយចំនួន ទាំងចៅក្រម ទាំងព្រះរាជអាជ្ញា មិនបានគោរព និងបំពេញតាមវិជ្ជាជីវៈ និងក្រមសីលធម៌របស់ខ្លួនឡើយ ហើយនេះ ក៏ជាចំណែកមួយនៃអំពើពុករលួយ ដែលនាំឲ្យ ការអនុវត្តច្បាប់នៅកម្ពុជា មានភាពមិនស្មើគ្នានោះ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «នៅមេមត់, នៅឡពាង, នៅរ៉ាំរ៉ៃ, នៅមណ្ឌលគិរី, នៅរតនគិរី ប៉ះនឹងអ្នកដែលមាន អំណាចខ្លាំងៗមួយចំនួន ក្នុងជួររដ្ឋាភិបាល។ ប៉ុន្តែពិបាកដោះ ខេត្តក៏ពិបាកដោះដែរ។ (...) សូមអំពាវនាវប្រមុខរដ្ឋាភិបាល បើមិនមានឆន្ទៈ ពីមេដឹកនាំទេ គឺដោះមិនអាចចេញទេ។»
លោកបានលើក ជាឧទាហរណ៍ជាក់ស្តែងមួយចំនួន ដែលទាក់ទង នឹងការប្រើប្រាស់អំណាច នៃបុគ្គលតុលាការថា មន្រ្តីនៃសមាគមអាដហុក បានប្តឹងពីមន្រ្តីតុលាការ ខេត្តសៀមរាបចំនួនពីររូប ដែលបានឃុំខ្លួនពលរដ្ឋ ក្នុងរឿងជម្លោះដីធ្លី និងការអនុវត្តន៍ ដោយខុសនីតិវិធីច្បាប់។ លោកថា តែបណ្តឹងរបស់លោកនេះ មិនត្រូវបានតុលាការនោះ ចាត់ការឡើយ ផ្ទុយមកវិញតុលារនោះ បែរជាធ្វើការចោទប្រកាន់ មកលើមន្រ្តីរបស់លោក ដែលប្តឹងបុគ្គលតុលាការ (គ្នាគេ) ទាំងពីរនោះទៅវិញ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់បានចម្លើយតប ពីមន្រ្តីនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅឡើយ ដោយមិនអាចភ្ជាប់ទំនាក់ទំនងបាន។ ថ្មីៗនេះ គណបក្សនយោបាយទាំងពីរ នៅតែប្រកាន់ជំហរ និងអះអាងថា «វប្បធម៌សន្ទនា» នៅតែរក្សាទៅលើគ្រន់និន្នាការ នៃគោលនយោបាយទាំងអស់ របស់គណបក្សទាំងពីរ ដោយអនុវត្តតាមកិច្ចព្រមព្រៀង ថ្ងៃទី២២ ខេកក្កដា ឆ្នាំ២០១៤ កន្លងមក។ ទោះយ៉ាងនេះក្តី គេសង្កេតឃើញថា បញ្ហាជម្លោះដីធ្លី នៅតែតើតមានជាលំដាប់ ក្រោយកិច្ចព្រមព្រៀង នៃគណបក្សទាំងពីរនោះ ហើយរាស្រ្តរងទុក្ខក៏មានហូរហែរ ដោយគ្មានកិច្ចដោះស្រាយតាមច្បាប់ ក្រៅពីការប្រើប្រាស់កម្លាំង គម្រាមកំហែងនោះ។
តាមរបាយការណ៍ នៃសមាគមអាដហុក «ដីរបស់អ្នកណា?» បានលើកឡើងថា ត្រឹមរយៈពេលឆមាសទីមួយ ដើមឆ្នាំ២០១៥នេះ មានបណ្ដឹង៦៦ករណី រឿងជម្លោះដីធ្លី ដែលមានការធ្លាក់ចុះបន្តិចបន្តួច ធៀបនឹងឆ្នាំ២០១៤ ស្មើគ្នានឹងឆ្នាំ២០១៤។ តាមរបាយការណ៍ ដែលចេញផ្សាយ ក្នុងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ បានអះអាងថាកាលពីឆ្នាំ២០១៤ អាដហុក ទទួលបណ្ដឹង១៤០ករណី មានការកើនឡើង ៥ករណី ធៀបទៅនឹងឆ្នាំ២០១៣។
ក្នុងរយៈពេល ១៨ខែ ចាប់ពីចុងឆ្នាំ២០១៤ មកដល់ពេលនេះ បញ្ហាដីធ្លី បានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ប្រមាណជាង៩ពាន់គ្រួសារ ក្នុងជម្លោះដីធ្លី ប្រមាណជាងបីម៉ឺនហិកតារ។ ឯពលរដ្ឋក៏ត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ ក្នុងនោះចំនួន១៣៩នាក់ ត្រូវបានចាប់ឃុំខ្លួន ក្នុងជម្លោះដីធ្លី។ សម្រាប់ដើមឆ្នាំ២០១៥នេះ ពលរដ្ឋចំនួន១៨នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះ៩នាក់ត្រូវបានឃុំខ្លួន, ៦នាក់ ដាក់ឲ្យស្ថិតក្រោម ការត្រួតពិនិត្យ ដោយតុលាការ និង៣នាក់ដោះលែង។ របាយការណ៍ បានសរសេរបន្តថា ការចាប់ខ្លួននេះ នឹងមានការកើនឡើង ជាបន្តបន្ទាប់ទៀត បើសិនជាតុលាការ នៅមិនមានភាពឯករាជ្យនោះ៕