ធ្វើអាម៉ុកខ្យង តាមវិធីសាស្ត្ររបស់ចុងភៅខ្មែរជនបទម្តងមើល!
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៦ តុលា ២០១៥
- កែប្រែចុងក្រោយ: October 17, 2015
- ប្រធានបទ: ឆ្ងាញ់ៗ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្យងជាសត្វមួយប្រភេទ ដែលមានស្នូកតូចកំប៉ាត មានកន្ទុយកន្ទប់ សម្បុរប្រហាក់ប្រហែលនឹងក្ដាមដែរ។ ប្រជាពលរដ្ឋនៅតាមជនបទ មួយចំនួនចូលចិត្តទទួលទាន «ខ្យង» ជាម្ហួបអាហារណាស់។ ចង់ដឹងថា ខ្យងមានវិធីចំណិនអ្វីខ្លះ ហើយមួយណា មានភាពទាក់ទាញជាងគេនោះ សូមអានបទពិសោធន៍ អ្នកធ្វើអាម៉ុកខ្យងម្នាក់ ដែល្បីថាឆ្ងាញ់ ដូចខាងក្រោម។
អ្នកស្រី ផានី វ័យប្រមាណ៤០ឆ្នាំ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា គាត់ឧស្សាហ៍ធ្វើអាម៉ុកខ្យងនេះហូប ជាលក្ខណៈគ្រូសារណាស់ ជាពិសេស នៅពេលរដូវមានខ្យងច្រើន អ្នកជិតខាងតែងតែសុំអ្នកស្រី ឲ្យជួយប្រាប់វិធីធ្វើ ព្រោះពួកគេចង់ទទួលទាន អាម៉ុកខ្យងដែរ។ អ្នកស្រីបាននិយាយថា តាមពិតទៅ ខ្យងមានវិធីចំអិនច្រើនមុខណាស់ មិនខុសពីប្រភេទម្ហូបផ្សេងៗដែរ។ ក្នុងនោះមាន ស្ងោរ, ឆា, អាម៉ុក, ឬដុតជាដើម។ ការធ្វើបែបនេះ អាស្រ័យទៅលើចំណង់ចំណូលចិត្ត អ្នកទទួលទាន។
អ្នកស្រីបានរៀបរាប់ ពីគ្រឿងគ្រៅ និងវិធីធ្វើ«អាម៉ុកខ្យង»ថា អ្នកចង់ធ្វើម្ហួមនេះ ត្រូវមានខ្យង, សាច់ជ្រូកបីជាន់, សណ្ដែកដី, ម្ទេសឆ្អើរ, ខ្ទិះដូង, គ្រឿងបុកមាន (រំដេង រមៀត ស្លឹកគ្រៃហាន់), កាពិ, ប្រេងខ្យង, ស្លឹកកន្ទួត, ពងមាន់ និងស្លឹកក្រូចសើច។ គ្រឿងទាំងអស់នេះ ត្រូវដាក់តាមបរិមាណនៃខ្យង ដែលអ្នកបម្រុងនឹងធ្វើ (ឧទាហរណ៍ ខ្យងមួយគីឡូ ត្រូវប្រើសាច់ជ្រូកបីជាន់ ១ខាំជាដើម) ចំណែកគ្រឿងផ្សេងៗទៀត ដាក់តាមចំណង់ចំណូលចិត្ត របស់អ្នកទទួលទាន។
ចំពោះវិធីធ្វើវិញ ត្រូវបានអ្នកជំនាញធ្វើម្ហូបនៅជនបទរូបនេះ បានបញ្ជាក់ថា ដំបូងត្រូស្ងោរខ្យងមួយសន្ទុះល្មមអាចចាក់យកសាច់ចេញបាន រួចចាក់យកសាច់ចេញឲ្យអស់ ប៉ុន្តែអ្នកត្រូវរក្សាសម្បកខ្យង ទុកឲ្យស្រួល។ បន្ទាប់ពីចាក់ខ្យងរួច ត្រូវហាន់វាជាចំណិតតូចៗ រួចឆាជាមួយគ្រឿងម៉ត់, ម្ទេសឆ្អើរ, កាពិដែលមានស្រាប់ លើកនេះអ្នកឆាខ្យង ជាមួយគ្រឿងឲ្យឆ្អិនល្អ។ បន្ទាប់ពីឆ្អិនរួចរាល់ អ្នកត្រូវយកស្លឹកកន្ទួត មកខ្ចប់ជាមួយសាច់ខ្យងដែលឆារួច ហើយញាត់វា ចូលទៅក្នុងសម្បកខ្យង ដែលរក្សាទុកវិញ។
ដំណាក់កាលចុងក្រោយនេះ អ្នកគ្រាន់តែយកទឹកខ្ទិះ ដែលឆាបញ្ចូលគ្នា ជាមួយពងមាន់, ម្ទេស និងស្លឹកក្រូចសើច ទៅស្រោចពីលើខ្យង ដែលញាត់សាច់ទ្រាប់ស្លឹកកន្ទួតនោះ រួចយកទៅចំហ៊ុយ ប្រមាណ១០នាទី (ឲ្យក្តៅ) រួចរាល់។ ពេលអ្នកទទួលទាន អាចបន្ថែមដោយប្រើទឹកខ្ទិះ ធ្វើជាទឹកជ្រលក់ក៏បាន តាមចំណង់ចំណូលចិត្ត៕