កូនស្រីអាយុទើបនឹងបីឆ្នាំ តែចេះជួយការងារផ្ទះសព្វគ្រប់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៦តុលា ២០១៥
- កែប្រែចុងក្រោយ: October 17, 2015
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកស្រី ឡឹម សុឃិម ដែលជាម្តាយនៅក្នុងវ័យ៣៥ឆ្នាំ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទាំងទឹកមុខរីករាយថា គាត់មិននឹកស្មានថា កូនស្រីរបស់គាត់ឈ្មោះ ហេង លឹមចន្ទរក្សា ដែលទើបតែមានអាយុ ០៣សោះ តែនាងតូចចេះជួយ រំលែកការងារគាត់ បានច្រើនយ៉ាងនេះសោះ។ អ្នកស្រីបន្ថែមទៀតថា គាត់សប្បាយចិត្ត នៅពេលឃើញកូនស្រី ជាទីស្រឡាញចេះ និងមានអាកប្បកិរិយាល្អ តាំងពីតូចបែបនេះ។ ម្យ៉ាងវិញទៀត អ្នកស្រីក៏សប្បាយចិត្តដែរ នៅពេលដែលអ្នកជិតខាងនិយាយថា កូនរបស់ពួកគេ មានអាយុដំណាលនឹងកុមារីដែរ តែមិនទាន់ចេះអ្វីទាំងអស់ នៅរត់លេងដូចក្មេងដ៏ទៃធម្មតា។
អ្នកស្រីប្រាប់ទៀតថា រក្សា អាចធ្វើការងារបានទាំងអស់ ក្រៅពីការងារធ្ងន់ៗមួយចំនួន។ កុមារីតូចរូបនេះ ចេះជួយសំអាតចានឆ្នាំង និងកិច្ចការផ្ទះមួយចំនួនទៀត។ អ្នកស្រីបញ្ជាក់ថា រៀងរាល់ពេលធ្វើអ្វី ក៏កូនស្រីរូបនេះស្រែកសួរសិនដែរ ថាអ្វីដែលនាងធ្វើ អាចទទួលយកបានឬនៅ។ ក្មេងតូចសួរម្តាយ ជាញ៉យៗថា៖ «ម៉ែ ស្អាត ហើយនៅ?»។
អ្នកស្រី ឡឹម សុឃិម បានបញ្ជាក់ទៀតថា សព្វថ្ងៃអ្នកស្រីមានកូនពីរនាក់ ក្នុងបន្ទុកគ្រួសារ កូនប្រុសម្នាក់ និងកូនស្រីម្នាក់ គឺរក្សានេះឯង។ រស់នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល អ្នកស្រី និងស្វាមីសប្បាយចិត្តណាស់ ដែលមានកូនស្រីម្នាក់ឆ្លាតវៃ ចេះធ្វើអ្វីដែលមនុស្សធំ ធ្វើបានយ៉ាងនេះ។ អ្នកស្រីបញ្ជាក់ចុងក្រោយថា ពេលខ្លះការងារនៅក្នុងផ្ទះអ្នកស្រី មិនដែលប្រាប់ ឬប្រើនាងទេ ប៉ុន្តែនាងធ្វើដោយខ្លូនឯង។ នៅពេលម្តាយ ឬឪពុកទៅឃាត់ ដោយបារម្ភ ខ្លាចនាងមានគ្រោះថ្នាក់ផ្សេងៗ មិនឲ្យធ្វើ នាងបែរជាយំទៅវិញ។
បើធៀបទៅនឹងមនុស្សធំ ពេញវ័យមួយចំនួន នៅមានអ្នកខ្លះ មិនអាចធ្វើដូចក្មេងស្រីខាងលើបានទេ ដោយមានហេតុផលផ្សេងៗ នៅពេលអ្នកមានគុណប្រាប់ ឬប្រើឲ្យធ្វើអ្វីមួយ។ មានយុវវ័យមួយចំនួន បានទាំងតមាត់ ឬ បញ្ចេញអាកប្បកិរិយាមិនល្អ ទៅលើអ្នកមានគុណវិញ នោះថែមទៀតផង។ ជាក់ស្តែង មានរហូតដល់ប្រើអំពើហិង្សា ទៅលើឪពុកម្តាយ នៅពេលអ្នកមានគុណ ប្រើឲ្យធ្វើអ្វីដែលខ្លួនមិនពេញចិត្ត។ ផ្ទុយស្រឡះទៅនឹងអ្វី ដែលអ្នកអ្នកស្រី ឡឹម សុឃិម បានប្រាប់ពីទង្វើកូនអ្នកស្រី ក្នុងវ័យ០៣ឆ្នាំនេះ៕
---------
» «លាងចាន» ជាការងារមួយ ដែលកុមារីជួយសម្រាលឪពុកម្ដាយ៖
-------------