៩​ចំណុច ដែល​អ្នក​មិន​គួរ​ធ្វើ នៅ​ពេល​អ្នក​ខឹង

នាពេលអ្នកមិនពេញចិត្ត ឬមានអារម្មណ៏ថា ទទួលរងនូវអំពើអយុត្តិធម៌ចំពោះអ្វីមួយ ងាយស្រួលបង្កឲ្យអ្នកមាន​អារម្មណ៏​ខឹង​សម្បារ​ ដោយមិនដឹងខ្លួន។ ទង្វើរនៃការខឹងនេះ ងាយស្រួលបង្កឲ្យមានគ្រោះថ្នាក់ ចំពោះខ្លួនអ្នក​និង​អ្នក​ដទៃ​ណាស់ ដូច​សុភាសិត​ខ្មែរ តែង​ពោល​ថា ខឹងខុស ខឹងខូច ខឹងខាត។
Loading...
  • ដោយ: ក. សេងហុង ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: October 29, 2014
  • ប្រធានបទ: ជីវិតប្រចាំថ្ងៃ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តម្រាជីវិត - ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​ទាំង​៩ ដែល​ជួយ​ដល់​លោកអ្នក​មិត្ត​អ្នក​អាន ឲ្យ​កាត់​បន្ថយ​អាការៈ​ខឹង ពេល​ជួប​ប្រទះ​​ព្រឹត្តិការណ៏​នេះ។

១. អ្នកមិនគួរចូលគេង ទាំង​មាន​កំហឹង​ក្នុង​ខ្លួន​ឡើយ

អ្នកជំនាញបានផ្តល់ដំបូន្មានថា អ្នក​មិន​គួរ​ទៅ​គេង នា​ពេល​កំពុង​តែ​មាន​កំហឹង​ក្នុង​ខ្លួន​ឡើយ។ តាម​ការ​សិក្សា​របស់​​ទិនានុប្បវត្តិ​នៃ​វិទ្យាសាស្រ្ត​ណឺរ៉ូ (Journal of Neuroscience) បាន​សរសេរ​ថា ការ​ចូល​ទៅ​គេង នា​ពេល​អ្នក​កំពុង​ខឹង នឹង​​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក ងាយ​ស្រួល​ពង្រឹង ឬ​រក្សា អារម្មណ៍​បែប​អវិជ្ជមាន​ទុក ព្រោះ​ការ​គេង​នា​ពេល​ខឹង នឹង​ធ្វើ​ឲ្យ​ខួរ​​ក្បាល​ផ្តិត​យក និង​ចងចាំ​រាល់​ព្រឹត្តិការណ៏​មិន​ល្អ​ទាំង​ឡាយ​ដែល​កើត​មាន ជា​ពិសេស​នា​ពេល​អ្នក​មាន​​អារម្មណ៍​ដិត​​ខ្លាំង ក្នុង​រឿង​អ្វី​មួយ។

លោកវេជ្ជបណ្ឌិត អេឡេន ថវហ្វៃ (Allen Towfigh) ជំនាញខាងថ្នាំងងុយដេកនិង ជាគ្រូពេទ្យ​ឯកទេស​ផ្នែក​ប្រសៃ​ប្រសាទនៅទីក្រុងញ៉ូយក បាននិយាយថា៖ «ពួកយើងកំពុងសិក្សានិងរកមើលថា ការគេងនឹង​ជួយឲ្យ​ដំណើរ និង​ពង្រឹងពត៌មានក្នុងខួរក្បាល»។ លោកវេជ្ជបណ្ឌិតបន្តទៀតថា៖ «ដូច្នេះ ការចូលទៅគេងបន្ទាប់ពីខឹង មិនខុសពីពង្រឹង ការចងចាំកំហឹងកាន់តែកើនឡើង ជាងពេលអ្នកកំពុងខឹងប៉ុន្តែមិនគេង ក្នុងរយៈកាល៨ម៉ោង​ដូច​គ្នា។»

២. អ្នកមិនគួរបើកបរ

ការបើកបរយាន្តជំនិះ នាពេលអ្នកកំពុងខឹង ងាយស្រួលបង្កគ្រោះថ្នាក់ណាស់។ ការសិក្សាបង្ហាញថា អ្នក​បើក​បរដែល​មានកំហឹងក្នុងខ្លួនអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៏ កើនឡើង។

លោក ដាវិត ណារិង (David Narang) បណ្ឌិត​ផ្នែកចិត្តវិទូគ្លីនិកនៅទីក្រុង សានតា ម៉ូនិកា រដ្ឋកាលីហ្វរនី បាន​និយាយ​ថា៖ «នាពេលដែលអ្នកខឹង អ្នកនឹងសម្រុកទៅមុខទាំងកំរោល។ ដូច្នេះវាមិនមែនជាពេលមួយល្អ សម្រាប់​អ្នក​ក្នុងការ​បញ្ជារថយន្តទេ។» ម្យ៉ាងវិញទៀត ការខឹងធ្វើឲ្យមនុស្សងាយភ្លឹក ដែលជាហេតុធ្វើឲ្យ​អ្នក​អាច​​មិនឃើញយានជំនះ​បើក​ផ្សេងៗទៀត ឬអ្នកថ្មើរជើងកំពុងឆ្លងផ្លូវជាដើម។ ដូចនេះបើអ្នកនៅតែចចេស​បញ្ជាយាន្តជំនះ អ្នកត្រូវមានការ​ប្រុង​ប្រយ័ត្ន មើលឆ្វេង មើលស្តាំឲ្យបានច្បាស់ និងជាពិសេស រងចាំដល់ពេល ដែលអារម្មណ៍របស់អ្នកធូរ​ស្រាលពី​ការខឹង​បន្តិចសិន។

៣. អ្នកមិនគួរជះកំហឹង

ការបញ្ចេញកំហឹងជាគំនិតល្អមួយ ប៉ុន្តែវាប្រហែលជាបង្កបញ្ហាទៅវិញទេ ដោយសារតែការបញ្ចេញកំហឹង​នេះ​អាច​ធ្វើ​ឲ្យអ្នក កាន់តែមិនសប្បាយចិត្តឡើង។ នេះបើយោងតាមការសិក្សា ដែលចេញផ្សាយក្នុង​ទិនានុប្បវត្តិ​ផ្នែកចិត្តសាស្រ្ត លើផ្នែកអត្តចរិក និងបណ្តាញសង្គម។ ការសិក្សានោះបាននិយាយថា ការជះកំហឹងដោយ​ការ​វៃខ្នើយ មិនបាន​ធ្វើឲ្យ​កំហឹងថមថយកម្លាំងនាពេលភ្លាមៗទេ ប៉ុន្តែវានឹងជះឥទ្ធិពលអាក្រក់ទៅថ្ងៃអនាគត។

លោកវេជ្ជបណ្ឌិត ដាវិត ណារិង និយាយថា៖ «អ្នកមានអារម្មណ៏កាន់តែមានសក្តានុពលឡើង នាពេលអ្នក​កំពុង​​និយាយអ្វីមួយ កំឡុងពេលអ្នកមានកំហឹង ប៉ុន្តែកំហឹងរបស់អ្នកមិនបានថយចុះឡើយ។»

៤. អ្នកមិនគួរញុំាទេ

អ្នកស្រីវេជ្ជបណ្ឌិត ខាធី ហ្គូវឺ (Kathy Gruver ) អ្នកនិពន្ធសៀវភៅមួយមានចំណងជើង «ការយកឈ្នះ​ភាព​តាន​តឹង ដោយបច្ចេកវិទ្យា នៃការប្រើគំនិតនិងខួរក្បាល» បានថ្លែងឡើងថា ការជះកំហឹរបស់អ្នក ដោយការបរិភោគ​ជាគូរគ្នា​នឹង​កំហឹង។ អ្នកស្រ្តីនិយាយថា នាពេលពួកយើងខឹង ជាញឹកញាប់យើងតែងជ្រើសរើសអាហារ​មិន​ផ្តល់​​ផាសុខភាព​បរិភោគ។ នៅពេលខឹង គ្មាននរណានឹកឃើញ ពីការជ្រើសរើសអាហារដើម្បីបម្រើឲ្យសុខភាព មកបរិភោគឡើយ។ ការបរិភោគជាមួយនឹងកំហឹង វាអាចនឹងធ្វើឲ្យការគិតរបស់អ្នក កាន់តែប្រកបដោយ​គ្រោះ​ថ្នាក់ថែមទៀត។ អ្នកស្រី​បន្ថែមទៀតថា មិនត្រឹមតែប៉ុណ្ណោះ វានឹងធ្វើឲ្យអ្នកងាយកើតរោគរាគរួស ឬទល់​លាមក​ជាដើម។

៥. អ្នកមិនគួររក្សាកំហឹងទុក

វេជ្ជបណ្ឌិត គ្រីស្ទីន អឹមអាឡែន (Christine M.Allen) សាស្ត្រាចារ្យជំនាញខាងចិត្តិវិទ្យា មកពីក្រុង ស៊ីរាឃូស (Syracuse) សហរដ្ឋអាមេរិក បាននិយាយថា នាពេលអ្នកខឹង អ្នកពិបាកធ្វើសម្លេងស្រទន់ ក្នុងកិច្ចសន្ទនាជា​មួយដៃគូ​របស់អ្នក ហើយវានឹងបង្កឲ្យអ្នកមានភាពសោកស្តាយ នាពេលក្រោយ។ អ្នកស្រីបានពន្យល់ថា៖ «បើ​អ្នកនៅតែ​និយាយ​អ្វីដែលបង្កឲ្យមាន ការឈឺចាប់។ អ្នកនឹងមានវិប្បដិសារី ដោយមិនអាចត្រឡប់ក្រោយបាន។ កំឡុងពេល​អ្នក​ខឹង អ្នកគួរតែបញ្ឈប់ការសន្ទនាសិន រងចាំដល់ពេលអ្នកឈប់ខឹង ចាំត្រឡប់មករកដៃគូរ​សន្ទនា​វិញ។ នេះជាគន្លឹះមួយ នាំយកមកនូវគំនិតនិងអាម្មណ៏ថ្មី មកកាន់ដៃគូសន្ទនារបស់អ្នក។ អ្នកអាចប្រើ​ពេល​វេលា ដើម្បីរំសាយចិត្តតាម​រយៈ​ការ​ធ្វើលំហាត់ប្រាណ និងសមាធិ ដើម្បីគ្រប់គ្រងវា។»
៦. អ្នកមិនគួរបង្ហោះកំហឹង ឬជម្លោះរបស់អ្នកតាមបណ្តាញហ្វេសប៊ុក

នាពេលខឹង អ្នកមិនគួរបង្ហោះគំនិតរបស់អ្នក តាមបណ្តាញហ្វេសប៊ុក ឬបណ្តាយសង្គមផ្សេងៗ ទៀត ដើម្បី​ឲ្យ​មិត្តភក្តិ និងក្រុមគ្រួសារបានដឹងឡើយ ព្រោះវាអាចបង្កបញ្ហាដល់អ្នកទៅវិញ។ វេជ្ជបណ្ឌិត ដាវិត ណារិង បាន​និយាយថា៖ «ការបង្ហោះអ្វីមួយជាលក្ខណៈសាធារណៈ មិនអាចយកវាត្រឡប់មកវិញបានទេ»។ អ្នកគួរតែ​សរសេររាល់កំហឹង ដែលផ្ទុកទុកក្នុងខួរក្បាលរបស់អ្នក នៅលើក្រដាស ឬសៀវភៅអ្វីមួយផ្សេង ប្រសើរជាង។ ម្យ៉ាងវិញទៀត អ្នកមិនគួរ​សរសេរវាទុកចោលក្នុងអ៊ីម៉េល ព្រោះអ្នកអាចច្រលំផ្ញើរទៅបុគ្គលដែលអ្នកខឹង ណា​មួយការរក្សាទុកបែបនេះ គ្មាន​សុវត្តិភាព ផងដែរ។

៧. អ្នកមិនគួរផឹកស្រា

ការខឹងរហូតដល់ថ្នាក់ផឹកស្រា មិនបានធ្វើឲ្យកំហឹងរបស់អ្នកថយចុះទេ។ វេជ្ជបណ្ឌិត ដាវិត ណារិង បាន​និយាយ​ថា «ស្រានឹងធ្វើឲ្យកំហឹងរបស់អ្នក កាន់តែកើនឡើង ពីព្រោះវានឹងធ្វើឲ្យចិត្តរបស់អ្នកស្រាល និង​ពិបាក​​គ្រប់គ្រង»។ សុរាអាចកាត់បន្ថយសកម្មភាព នៃការវិភាគរបស់ខួរក្បាល ផ្នែកទំនួលខុសត្រូវ ព្រមទាំង​អាច​បង្ក​នូវ​គ្រោះថ្នាក់​ដល់​ខ្លួនអ្នកផងដែរ។ វេជ្ជបណ្ឌិត ណារិង បានបន្ថែមថា៖ «ការផឹកស្រា គឺជាការបំផ្លាញ​ជា​អចិន្ត្រៃយ៏​​ដល់​រាងកាយ​និង​សុខភាព ដែលជាហេតុធ្វើឲ្យអ្នកមានវប្បដិសារីលើអ្វី ដែលអ្នកបានធ្វើ»។

៨. អ្នកមិនគួរខឹង ព្រោះវាធ្វើឲ្យសម្ពាធឈាមអ្នកឡើង

តាមការសិក្សារបស់ទិនានុប្បវត្តិបេះដូងនៅអ៊ឺរ៉ុប បានរកឃើញថា ហានិភ័យនៃការវាយ​ប្រហារមួយ​នៃជំងឺ​បេះដូង និង​ការដាច់សសៃឈាមខួរក្បាលកើនឡើង ដោយសារការរក្សាកំហឹងចាប់ពី ពីរម៉ោងឡើងទៅ ជាពិសេស​​គឺអ្នក​មាន​ជំងឺ​គាំងបេះដូង។ ហានិភ័យ នៃការកើនឡើងនៃការកើតជំងឺគាំងបេះដូង អាចឈាន​ជិត​ប្រាំដង និងការឈានទៅដល់​ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល អាចកើនឡើងរហូតដល់បីដង បណ្តាលមក​ពីការខឹងនេះ។

វេជ្ជបណ្ឌិត ប្រាលី ប៊ែល (Bradley Bale) គ្រូពេទ្យ និងជាអ្នកនិពន្ធសៀវភៅ «វាស់ចលនានៃការវាយប្រហារ​បេះដូង» (ដំណោះ​ស្រាយ​ការទប់ស្កាត់ជំងឺបេះដូង ជំងឺដាច់សសៃឈាមក្នុងខួរក្បាល និងជំងឺទឹកនោមផ្អែម) បាននិយាយថា៖ «បើសិន​ជា​សម្ពាធឈាមរបស់អ្នកងាយស្រួលកើនឡើង មធ្យោបាយល្អមួយ គឺពេល​ដែល​អ្នក​ខឹង អ្នកត្រូវត្រួតពិនិត្យ​វាមើល» ។ លោកបានបន្ថែមថា ជនណាម្នាក់ជាបុគ្គលឆាប់ខឹង ត្រូវតែដឹងពី​របៀប​ទប់ស្កាត់បញ្ហានេះ។ បើមិន​ចង់ឲ្យ​វាកើតមានទេ អ្នកទាំងនោះ គួរតែស្វែងរកវិធីសាស្រ្តដើម្បី​គ្រប់គ្រងកំហឹង​របស់ខ្លួន ជាមួយនឹងការហាត់ប្រាណ ការ​សម្រាក​ឲ្យបាន​ល្អ និងរបៀបធ្វើប្រតិកម្មតាមជីវសាស្រ្ត។

៩. ការខឹងនឹងថយចុះ បើអ្នកមិនធ្វើការសញ្ជឹងគិត

វេជ្ជបណ្ឌិត គ្រីស្ទីន អឹមអាឡែន បាននិយាយថា ការគិតខ្វល់ខ្វាយគំនិតនៃអំពើអាក្រក់ ដែលអ្នកដទៃបានធ្វើ​ដាក់អ្នក ឬភាពអយុត្តិធម៌ទាំងឡាយ ដែលកើតមានចំពោះអ្នក នឹងធ្វើឲ្យការខឹងក្រេវក្រោក​ នៅក្នុងក្បាល​របស់​អ្នក​ផ្ទុះឡើង​កាន់តែខ្លាំង។ រីឯវេជ្ជបណ្ឌិត ណារិង បាននិយាយថា ការសញ្ជឹងគិតបែបនេះ មិនមែនជា​ដំណោះស្រាយ​ទេ។

បើសិនអ្នកចង់បញ្ឈប់ការខឹងចំពោះអ្នកដទៃ ជំហានទីមួយដែលអ្នកគួរធ្វើ គឺតាមរយៈការធ្វើឲ្យចិត្ត​ស្ងប់​ជា​មុន។ ការ​ចាប់ផ្តើមនិយាយទៅកាន់មនុស្សខឹងដោយ កាយវិការវិជ្ជមាន ក្នុងអត្ថន័យធ្វើឲ្យចិត្តគេ​ស្ងប់ជា​បណ្តើរៗនោះ នឹងធ្វើ​ឲ្យពួកគេស្ងប់ ដូចអ្វីដែលអ្នកនិយាយ។ បណ្ឌិត ណាវិង បាននិយាយថា៖ «នេះជាវិធី​ដឹកនាំ​ចិត្តអ្នកខឹង មកកាន់ភាព​ប្រក្រតីវិញ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...