រដ្ឋាភិបាលអនុម័តសេចក្តី«ព្រាង»គោលនយោបាយជាតិ ស្តីពីលំនៅឋាន
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសុក្រ បានអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពីលំនៅឋាន ដើម្បីជួយដល់ពលរដ្ឋងាយរងគ្រោះ និងក្រីក្រ ខណៈដែលគេប៉ានប្រមាណថា កម្ពុជាអាចត្រូវការលំនៅដ្ឋានថ្មី១.១លានបន្ថែមទៀតនៅក្នុងឆ្នាំ ២០៣០ ដោយមិនរាប់បញ្ចូលលំនៅដ្ឋានបច្ចុប្បន្ន។
តំបន់ប៊ុលឌីង«ស» នៅនឹងច្រមុះរបស់រាជធានីភ្នំពេញ។ (រូបភាពឯកសារ)
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១០ ឧសភា ២០១៤
------------------
លំនៅដ្ឋាន - សេចក្តីប្រកាសព័ត៌មានរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ របស់គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបានឆ្លងសេចក្តីព្រាងគោលនយោបាយជាតិស្តីពីលំនៅឋាន ដោយលើកឡើងថាបន្ទាប់ពីឆ្លងកាត់សង្គ្រាមពីឆ្នាំ១៩៧០ដល់១៩៧៥ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ត្រូវបានបំផ្លិចបំផ្លាញ ក្នុងនោះលំនៅឋានប្រជាពលរដ្ឋមួយចំនួនធំ ក៏ត្រូវបានបំផ្លិចបំផ្លាញដែរ ដែលធ្វើឲ្យកំណត់ត្រាដីធ្លី ត្រូវបានបាត់បង់។ គួបផ្សំនឹងអត្រាកំណើនប្រជាជនខ្ពស់ក្រោយសង្គ្រាម ជាពិសេសកំណើនសេដ្ឋកិច្ចខ្ពស់នៅរយៈពលេប៉ុន្មានឆ្នាំថ្មីៗនេះ បានបង្កឲ្យមានលំហូរប្រជាជនមួយចំនួន ធ្វើបម្លាស់ទីពីជនបទមកកាន់ទីក្រុង ទីប្រជុំជន ដែលមានសក្តានុពលសេដ្ឋកិច្ច ធ្វើឲ្យទីក្រុង និងទីប្រជុំជន មានសម្ពាធកាន់តែធ្ងន់ធ្ងរថែមទៀតទៅលើតម្រូវការលំនៅឋាន និងដីធ្លី។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា៖ «តាមការប៉ាន់ស្មាននៅឆ្នាំ២០៣០ ប្រជាជនកម្ពុជា នឹងមានទៅដល់១៨លាននាក់ កម្ពុជា អាចត្រូវការលំនៅឋានថ្មីប្រមាណជាង១.១លានបន្ថែមទៀត ដោយមិនរាប់បញ្ចូលលំនៅឋានបច្ចុប្បន្ន»។
សេចក្តីប្រកាសព័ត៌មាន ឲ្យដឹងទៀថា រាជរដ្ឋាភិបាល ប្តេជ្ញាការអនុវត្តគោលការណ៍សិទ្ធិមនុស្ស ជាអាទិ៍សិទ្ធិទទួលបានលំនៅឋានសមរម្យសម្រាប់ស្នាក់នៅរបស់ប្រជាជន គ្រប់រូប ដោយដាក់ចេញនូវយុទ្ធសាស្ត្រនានា ដែលក្នុងនោះរួមមានយុទ្ធសាស្ត្រជាតិកាត់បន្ថយភាពក្រីក្រ ផែនការសកម្មភាពអភិបាលកិច្ច ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចុតុកោណជាដើម ដោយធានានូវសិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាជនកម្ពុជា ជាពិសេសអ្នក្រីក្រ និងក្រុមជនងាយរងគ្រោះ។
សេចក្តីប្រកាសព័ត៌មានឲ្យដឹងទៀតថា សេចក្តីព្រាងគោលនយោបាយលំនៅឋាននេះ នឹងក្លាយជាផែនទីចង្អុលផ្លូវរយៈពេលវែង ត្រូវបានរៀបចំឡើងដោយមានគោលបំណង ផ្តល់ដល់ប្រជាជនទូទៅនូវលទ្ធភាព និងមធ្យោបាយ ដែលអាចទទួលបានលំនៅឋានសមរម្យ ឬជួសជួលកែលំនៅឋាន និងការគិតគូរជាពិសេសដល់ក្រុមគ្រួសារ ដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំនួនទាប និងក្រុមជនងាយរងគ្រោះ និងដោះស្រាយជូនពលរដ្ឋ ដែលរស់នៅបណ្តោះអាសន្នក្នុងទីតាំងមិនរៀបរយ ដោយមានកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល សប្បុរសជន ដើម្បីកសាងកម្មវិធីលំនៅឋានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់រយៈពេលខ្លី មធ្យម និងវែង។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា៖ «សេចក្តីព្រាងគោលនយោបាយនេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍជនបទសេដ្ឋកិច្ចគ្រួសារ បង្កើតការងារធ្វើ ការពារបរិស្ថាន និងប្រពៃណីទំនៀមទម្លាប់ល្អរបស់សង្គមជាតិ»។
កាលពីថ្ងៃសុក្រកន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំដល់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយជំរុញឲ្យ សហការជាមួយបណ្តារោងចក្រនីមួយៗ សាងសង់ផ្ទះសម្រាប់ការស្នាក់នៅរបស់កម្មករកម្មការិនី ដែលមកពីតាមបណ្តាខេត្តនានា មកធ្វើការនៅភ្នំពេញ ក្នុងគោលបំណងជួយកាត់បន្ថយបន្ទុកការចំណាយរបស់កម្មករ-កម្មការិនី។
កាលពីខែកុម្ភៈ ឆ្នាំ ២០១៤ លោក គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចាំការបានបង្ហាញថា ក្នុងរយៈពេល៧ឆ្នាំរដ្ឋាភិបាលបានរំដោះមនុស្ស៤លាននាក់ ឲ្យចាកផុតពីភាពក្រីក្រ។
លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានថ្លែងឲ្យដឹងថា លោកស្វាគមន៍ចំពោះ រដ្ឋាភិបាលដែលបានអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពីលំនៅឋាន បន្ទាប់ពីពិភាក្សាគ្នាជាមួយសង្គមស៊ីវិល អស់រយៈពេល៤លើកកន្លងមក ពីព្រោះចំណុចទាំងឡាយ លើកដំកើងនិងការពារផលប្រយោជន៍ប្រជាជនក្រីក្រមានសិទ្ធិទទួលបានលំនៅដ្ឋានសមរម្យ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «យើងនឹងមានការសោកស្តាយ ប្រសិនបើរដ្ឋាភិបាលធ្វើសេចក្តីអនុម័តសេចក្តីព្រាងចាស់ទេនោះ ពីព្រោះ ពុំបានបំរើឲ្យផលប្រយោជន៍ ឲ្យប្រជាជនទូរទៅនោះទេ គឺបំរើឲ្យតែផលប្រយោជន៍អ្នកមានអំណាចតែប៉ុណ្ណោះ»៕