ពលរដ្ឋ​ពីរ​ក្រុម​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត តែ​គ្មាន​លទ្ធផល

ប្រជាពលរដ្ឋ ប្រមាណ១០០នាក់ មានពីរក្រុម មកពីកន្លែងផ្សេងគ្នា បានដាក់ការតវ៉ា នៅមុខ​សាលា​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ ដំណាលគ្នា នៅព្រឹកថ្ងៃទ១២ ខែសីហា ឆ្នាំ២០១៥ ព្រោះតែការសន្យា នា​ពេល​កន្លង​មក របស់​ក្រុម​អាជ្ញាធរ​ផង​ខ្លួន គ្មានប្រសិទ្ធភាព។ ប៉ុន្តែការតវ៉ាលើកនេះ គ្មានប្រជាពលរដ្ឋ​ក្រុម​ណា​មួយ ទទួល​បាន​ដំណោះ​ស្រាយ​សមរម្យ​នៅ​ឡើយ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១២សីហា ២០១៥
  • កែប្រែចុងក្រោយ: August 12, 2015
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអ្នកតវ៉ាមួយក្រុម ដែលមានកាន់បដា សរសេរអក្សរធំៗថា «ប្រជាពលរដ្ឋភូមិបាលិលេយ្យ២ ប្រឆាំង​ដាច់​ខាត​មិនឲ្យបុគ្គលណា យកដីផ្លូវធ្វើជាសម្បត្តិ​ផ្ទាល់ខ្លូននោះទេ» បានឲ្យដឹងថា អ្នកដែលរស់នៅ សងខាងផ្លូវ​សារធារណៈ ប្រមាណជា១៣គ្រួសារ ត្រូវបានអាជ្ញាធរបិទផ្លូវមិនឲ្យចេញចូល និងគ្រោងដេញអ្នកទាំងនេះ ឈប់​ឲ្យរស់នៅ ដោយមិនផ្តល់ជាទីតាំងថ្មីណាមួយឡើយ។ អ្នកទាំងនោះ បានផ្ទុះការតវ៉ានេះឡើង ដើម្បីសុំឲ្យ​សាលា​ក្រុងប៉ោយប៉ែត ជួយអន្តរាគមន៍ និងបញ្ឈប់ការដេញចេញ ហើយបើឲ្យចេញ សុំឲ្យមានសំណងសមរម្យ ដល់​ពួក​គាត់។

ដោយឡែក អ្នកតវ៉ាមួយក្រុមទៀត ដែលផ្ទុះការតវ៉ានៅក្នុងពេលតែមួយនេះ បានសរសេរអក្សរ នៅលើបដា​របស់​ពួកគាត់ថា «ពួកយើងទាំងអស់គ្នា សុំឲ្យរដ្ឋាភិបាលផ្តល់លំនៅដ្ឋាន ទាំង៤៣គ្រួសារផង។ យើងត្រូវការដី សង់លំនៅដ្ឋាន។» ក្រុមអ្នកតវ៉ា ប្រមាណ៤៣គ្រួសារនេះ បានស្រែកខ្លាំងៗថា ខ្លូនគ្មានដីសម្រាប់ការ​ធ្វើ​លំនៅ​ដ្ឋាន បានពិតប្រាកដនោះទេ។ មានតែការរុះរើ និងគ្មានអាជ្ញាធរណាដោះស្រាយនោះទេ បានតែសន្យា ចំណែក​ការអនុវត្តន៍ នៅតែគ្មានលទ្ធផល។

ទាក់ទងនឹងការតវ៉ាទាំងនេះ លោក ស៊ុំ ចាន់គា មន្រ្តីសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខត្ត​បន្ទាយ​មាន​ជ័យ បានថ្លែងដោយដឹងថា ក្រុមអ្នកតវ៉ាទាំងពីរក្រុម សុទ្ធតែមានបញ្ហាដីធ្លី ហើយបញ្ហានេះ មិនមែនទើបតែកើត​ឡើងនោះទេ វាជាបញ្ហារ៉ាំរ៉ៃ ជាយូរមកហើយ តែការដោះស្រាយជួនប្រជាពលរដ្ឋ នៅតែគ្មានលទ្ធផល។

លោកថាករណីនៅព្រឹកថ្ងៃទី១២ ខេសីហា ឆ្នាំ២០១៥ នាមុខសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឹ​គ្មាន​ការបំពេញបន្ថែម សម្រាប់ប្រជាពលរដ្ឋនោះទេ គឹមានតែការសន្យា និងនិយាយឲ្យរួចពីមាត់ ដើម្បីឲ្យហ្វូង​បាតុកម្ម ចាកចេញពីមុខសាលាក្រុងប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត មន្ត្រីសិទ្ធមនុស្សរូបនេះ បានបញ្ជាក់ជាចុង​ក្រោយ​ថា បញ្ហារបស់អ្នកភូមិខាងលើ សំខាន់គឹ តុលាការខេត្តនឹងចេញដីកា ដេញប្រជាពលរដ្ឋនៅថ្ងៃទី១៣ សីហា​ស្អែកនេះ ជាកំហិតពីដីចំណីផ្លូវ ដែលពួកគាត់ធ្លាប់រស់នៅ អស់ជាច្រើនឆ្នាំកន្លងមក។

រហូតមកដល់ថ្ងៃត្រង់ ថ្ងៃដដែលនេះ ក្រុមអ្នកតវ៉ានៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំគ្នារំសាយចេញ ពីមុខសាលាក្រុង ទាំងមិនទាន់បានលទ្ធផល ដោយមាន​កម្លាំង​ចម្រុះ​មួយក្រុម ស្នើឲ្យចាកចេញ។ តែក្រុមប្រជាពលរដ្ឋ ដែលនឹងរងការបណ្ដេញចេញ នៅថ្ងៃស្អែកនេះ មិន​ព្រម​ធ្វើ​ដំណើរ ចេញពីមុខសាលាក្រុងទេ ដោយហេតុពីការព្រួយបារម្ភ ពីបញ្ហាដែលគ្មានជម្រកនៅ របស់ពួកគេ និង​គ្រួសារ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...