ចិន៖ ការ​ផ្ទុះ​ដ៏​សម្បើម​មួយ ធ្វើ​ឲ្យ​យ៉ាង​ហោច​៧នាក់​ស្លាប់ ​និង​រាប់​រយ​នាក់​របួស

នាយប់ថ្ងៃពុធ វេលាម៉ោង២៣ និង៣០នាទី ការផ្ទុះដ៏ធំមួយ បានកើតឡើងនៅលើឃ្លាំង ផ្ទុកគ្រឿងឆាបឆេះមួយកន្លែង ក្នុងប្រទេសចិន បង្កឲ្យមានមនុស្សយ៉ាងហោច ៧នាក់ បានស្លាប់ និងច្រើនរយនាក់រងរបួស។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១២ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 12, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការផ្ទុះឡើងដ៏ធំសម្បើមមួយ បានកើតឡើង នៅយប់ថ្ងៃពុធនេះ នៅក្នុងតំបន់ឧស្សហកម្មមួយ នៃក្រុងធានជីង (Tianjin) ភាគខាងជើង នៃប្រទេសចិន។ ការផ្ទុះបានបង្កឲ្យមានការរង្គើ រញ្ជួយដល់តំបន់ជុំវិញ រាប់សិប​គីឡូ​ម៉ែត្រ។ នៅក្នុងការអះអាង ក្រៅផ្លូវការភ្លាមៗក្រោយការផ្ទុះ បាននិយាយថា មានមនុស្សយ៉ាងហោច ៧នាក់ បាន​ស្លាប់ និងច្រើនសិបនាក់ បានរងរបួស។ ស្ថានីយទូរទស្សន៍ជាតិចិន «CCTV» បានរាយការណ៍ថា អ្នក​ជួយ​សង្គ្រោះ២នាក់ បានបាត់ខ្លួន។

សារព័ត៌មានចេញផ្សាយប្រចាំថ្ងៃ «Beijing News» បានឲ្យដឹង នៅក្នុងអត្ថបទរបស់ខ្លួន ដែលចេញផ្សាយនៅ​លើអ៊ិនធើណែតថា មនុស្សរវាងពី៣០០ ទៅ៤០០នាក់ ត្រូវបានទទួលឲ្យចូលទៅព្យាបាល នៅក្នុងមន្ទីរពេទ្យ​ច្រើន​កន្លែង នៃទីក្រុងមួយនេះ ដែលជាប់ឈ្មោះ ជាទីក្រុងសេដ្ឋកិច្ចទី៤ ស្ថិតនៅភាគខាងកើត នៃរដ្ឋធានី​ប៉េកាំង។ សារព័ត៌មានបានដកស្រង់សម្ដី របស់បុគ្គលិកមន្ទីរពេទ្យម្នាក់ បានអះអាងថា គេនៅមិនទាន់អាច​រាប់ ជន​រង​គ្រោះ​ថ្មីៗទៀត ដែលកំពុងត្រូវបញ្ជូនមក ជាបន្តបន្ទាប់ បន្ទាប់ពីការផ្ទុះនោះ នៅឡើយ។

ជនរងគ្រោះខ្លះ ត្រូវឆេះខ្លោចខ្លួន...

បើតាមទូរទស្សន៍រដ្ឋ «CCTV» និងទីភ្នាក់ងារសារព័ត៌មានផ្លូវការ «ចិនថ្មី» បានអះអាងទៀតថា ការផ្ទុះដ៏ធំ​សម្បើម​នេះ នៅវេលាម៉ោង២៣ និង៣០នាទី។ ការផ្ទុះបានកើតឡើង នៅលើសហគ្រាស ដែលផ្ទុកផលិតផល ដែល​ងាយឆាបឆេះ។ ប្រភពខ្លះទៀតថា ការផ្ទុះបានកើតឡើង នៅក្នុងសហគ្រាស ដែលផ្ទុកគ្រឿងផ្ទុះ។

បំណែកឆេះជាច្រើន បានរបើកហោះចេញ ទៅក្នុងអាកាស

ទូរទស្សន៍រដ្ឋ «CCTV» បានរាយការណ៍ទៀតថា ការផ្ទុះបានកើតឡើង ត្រឹមតែ៣០វិនាទីប៉ុណ្ណោះ ហើយរថយន្ដ​អ្នកជួយសង្គ្រោះ ប្រមាណជា១០០គ្រឿង ត្រូវបានបញ្ជូនទៅដល់កន្លែង។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ «ចិនថ្មី»​ វិញបានបញ្ជាក់ថា បំណែកឆេះជាច្រើន បានរបើកហោះចេញ ទៅក្នុងអាកាស នៅពេលការផ្ទុះដំបូង ហើយ​បាន​ទៅប៉ះ និងបង្កឲ្យមានផលិតផលឆាបឆេះផ្សេងទៀត បានផ្ទុះឡើងដែរ។

វីដេអូជាច្រើន ដែលថតជាប់ដោយបណ្ដាជន នៅជុំវិញ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម និងបណ្ដាញចែក​រំលែងវីដេអូ ដោយបង្ហាញពីរូបភាព នៃការផ្ទុះដ៏ធំ និងមានពន្លឺខ្លាំងអស្ចារ្យ បានកើតឡើងទៅលើមេឃ៕


» ខាងក្រោមនេះ ជារូបភាពនៃការផ្ទុះ ដែលបង្ហោះនៅលើយូធូប៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...