មរណភាពរបស់ស្ត្រីម្នាក់នៅខេត្តរតនៈគីរី ស្ថិតក្នុងអាថ៌កំបាំង
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៩ មករា ២០១៥
- កែប្រែចុងក្រោយ: January 30, 2015
- ប្រធានបទ: អគ្គិភ័យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្ត្រីអង្គការសង្គមស៊ីវិលមួយរូប លោក ឆាយ ធី ដែលជាប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តរតនៈគីរី បានបង្ហើបប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នារសៀលថ្ងៃទី២៩ ខែមករា នេះថា លោកមិនទាន់មានជំនឿថា ការស្លាប់នេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ហើយឆេះស្លាប់នោះឡើយ។ ព្រោះថាប្រភេទផ្ទះសំណាក់នេះ ខ្សែរភ្លើងទាំងអស់ ត្រូវបានបង្កប់ក្នុងជញ្ជាំងថ្ម ឬលាក់ក្នុងពិដានទាំងអស់។
លោកបានពន្យល់ថា៖ «ការស្លាប់ដោយសារទុស្សេខ្សែរភ្លើងឆេះស្លាប់ វាមិនទំនងសោះ។ ឯសភាពសាកសព ភ្លើងនោះមិនបានឆេះដល់ពូក ភួយ ខ្នើយ ឬសម្លៀកបំពាក់ សម្ភារៈក្នុងបន្ទប់ ក្រៅពីឃើញមានការឆេះរោលជាផ្សែង នៅលើពិដានប៉ុណ្ណោះ។ (…) ខ្សែរភ្លើងនៅផ្ទះសំណាក់ ដាក់ដោយមានសុវត្តិភាព មិនដូចនៅទីសាធារណៈទេ។ នេះហើយ ដែលនាំឲ្យមានការសង្ស័យ។ (…) បើតាមការឆេះ មិនអាចដល់ថ្នាក់ នាំឲ្យមានមនុស្សស្លាប់នោះឡើយ ហើយមនុស្សអាចរត់គេចខ្លួនបាន។»
យ៉ាងណាក៏ដោយ មន្រ្តីអាដហុករូបនេះ មិនអាចបញ្ជាក់ថា តើនឹងមានហេតុការណ៍អ្វីក្រៅពីនោះឡើយ។ លោកគ្រាន់តែដាក់ការសង្ស័យថា អាចនឹងមានរឿងហេតុកើតឡើង ក្រៅពីករណីភ្លើងឆេះ ដោយឆ្លងចរន្តអគ្គីសនី។ ហេតុការណ៍ភ្លើងឆេះនេះ កើតឡើងនាវេលាម៉ោង៦និង៣០ នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី។
ស្រ្តីម្នាក់ជាអ្នកបំរើការ នៅហាងការ៉ាអូខេមួយ នាក្រុងបានលុង ឈ្មោះ លី លី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មកពីខេត្តតាកែវ។ នាងជាភ្ញៀវស្នាក់នៅផ្ទះសំណាក់ ឈ្មោះ ឆាយ វ៉ាង ក្នុងក្រុងបានលុង ខេត្តរតនគិរី ត្រូវបានភ្លើងឆេះស្លាប់ភ្លាមៗក្នុងដំណេក នៅបន្តប់លេខ៣២ នៃផ្ទះសំណាក់ ឆាយ វ៉ាង។ ឯបុរសម្នាក់ ជាប្រុសស្នេហ៍របស់នាង ដែលបានស្នាក់នៅជាមួយនោះ ឈ្មោះ កុល រិទ្ធី អាយុ២៧ឆ្នាំ មកពីខេត្តព្រៃវែង រងរបួសធ្ងន់លើដៃម្ខាង ដោយសាររលាកភ្លើង។
មកទល់ពេលនេះ បុរសជាសង្សារបស់ស្រ្តីរងគ្រោះ ដោយភ្លើងឆេះស្លាប់នោះ បានរួចជិវិតពីភ្លើង ហើយក៏កំពុងស្នាក់នៅព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តដែរ ក្រោមការឃ្លាំមើលរបស់សមត្ថកិច្ច។ បុរសម្នាក់នេះ នៅមិនទាន់មានការសាកសួរណាមួយ ពីសមត្ថកិច្ចនៅឡើយ។ ប្រុសស្នេហ៍រូបនេះ នឹងផ្តល់ចម្លើយជុំវិញករណីភ្លើងឆេះ ដល់សមត្ថកិច្ចជំនាញនារសៀលថ្ងៃទី២៩ ខែមករានេះ។ នេះបើតាមការបញ្ជាក់របល់លោក ឆាយ ធី។
យ៉ាងណាមកទល់ព្រឹកថ្ងៃទី៣០ ខែមករានេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនទាន់មានការបញ្ជាក់ជាថ្មីនៃការស្លាប់របស់ស្រ្តី និងការសួរនាំលើបុរសរងគ្រោះនោះ នៅឡើយដែរ។ តែក្រោយហេតុការណ៍ឆេះ និងពន្លត់ភ្លើងរួចរាល់ សមត្ថកិច្ចដែលបានចុះអន្តរាគមន៍ បានត្រឹមតែបង្ហាញថា ជាករណីទុស្សេខ្សែរភ្លើង ព្រោះក្រោយការពិនិត្យឃើញភ្លាមៗ ឃើញថា ភ្លើងចាប់ផ្តើមឆេះពិដាន និងកង្ហារខ្ទេចខាងលើអស់។ ហើយភ្លើងនេះ ផ្តើមចេញពីបន្ទប់លេខ៣២ នេះតែម្តង។
រីឯម្ចាស់ផ្ទះសំណាក់ ឈ្មោះ ឆាយ វ៉ាង មិនបានបំភ្លឺហេតុការណ៍ជុំវិញនៃការស្លាប់នោះឡើយ។ តាមការស្រង់សំដីដោយលោក ឆាយ ធី បានបញ្ជាក់ថា ម្ចាស់ផ្ទះសំណាក់នោះ មិនបាននិយាយអ្វីផ្សេង ក្រៅពីការភ័យនិងឆោឡោជាមួយនឹងភ្លើងឆេះនេះ។ ម្ចាស់ផ្ទះគ្រាន់តែបង្ហើបថា មុនពេលកើតហេតុ ឃើញមានផ្សែងហុយ នាផ្នែកខាងក្រោយជាន់ទីពីរ។ ផ្សែងកាន់តែខ្លាំងឡើង ក៏មានការផ្អើលឆោឡោឡើង និងបានហៅរថយន្តពន្លត់អគ្គិភ័យជួយបាញ់ទឹកពន្លត់។
មន្រ្តីសិទ្ធិមនុស្សអាដហុកដដែល បានបន្ថែមថា ក្រោយការពិនិត្យលើសាកសពរួច មន្ត្រីបច្ចេកទេស និងកោសល្យវិច្ឆ័យ របស់អធិការដ្ឋានព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តរតនគីរី មិនបានបង្ហាញនូវរបាយការណ៍លំអិតនៅឡើយ។ ឯសពស្រ្តីរងគ្រោះ បានយកទៅតំកល់នៅក្នុងវត្តភូមិថ្មី រងចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ។ លោកនឹងតាមដានករណីនេះជាបន្តទៀត នូវភាពមិនប្រក្រតីនេះ។ ហើយភាពអាថ៌កំបាំងនេះ ក៏ត្រូវបានក្រុមសមត្ថកិច្ច រួមនឹងសាធារណៈជនផង ដាក់ការសង្ស័យដូចគ្នាដែរ៕