ឆេះពោងហោះមួយ ស្លាប់អ្នកជិះ១៦នាក់ នៅអាមេរិក
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣១ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 31, 2016
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្ស១៦នាក់ ដែលកំពុងជិះ នៅក្នុងពោងហោះដ៏ធំមួយ បានស្លាប់នៅព្រឹកថ្ងៃសៅរ៍ទី៣០ ខែកក្កដា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ អគ្គិភ័យបានឆាបឆេះឡើង នៅមុនពេលពោងហោះបានផ្ទុះ និងធ្លាក់បោកខ្លួន នៅលើដី។ នេះបើតាមការអះអាង របស់ការិយាល័យនគរបាល នៃភូមិ«Caldwell» កន្លែងដែលមាន ហេតុការណ៍នេះកើតឡើង។
បើតាមមន្ត្រីអ្នកនាំពាក្យ របស់នាយកដ្ឋានអាកាសចរណ៍ស៊ីវិលអាមេរិក បានឲ្យដឹងថា ពោងហោះបានធ្លាក់បោកខ្លួន នៅពីលើចំការអ្នកស្រុក ដែលមានចំងាយជាង ៥០គីឡូម៉ែត្រ ខាងត្បូងក្រុង «Austin»។ អ្នកនាំពាក្យដដែល មិនបានបញ្ជាក់ពីចំនួនជនរងគ្រោះនោះទេ។ មន្ត្រីរូបនេះគ្រាន់តែអះអាងថា គ្រោះថ្នាក់បានកើតឡើង នៅព្រឹកម៉ោង៧និង៤០នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងរសៀល ម៉ោង១៤និង៤០នាទី ម៉ោងនៅបារាំង ឬត្រូវនឹងយប់ ម៉ោង១៩និង៤០នាទី ម៉ោងនៅកម្ពុជា ថ្ងៃសៅរ៍ដដែល)។
នគរបាលបាននិយាយទៀតថា ការស៊ើបអង្កេតមួយ កំពុងត្រូវបានធ្វើឡើង ដើម្បីស្វែងរកឲ្យដឹង ពីមូលហេតុ និងដំណើរដើមទង នៃគ្រោះថ្នាក់។ ការិយាល័យនគរបាលតំបន់ បានបញ្ជាក់ទៀតថា៖ «ក្រុមអ្នកស៊ើបអង្កេត កំពុងកំណត់ពីចំនួនច្បាស់លាស់ និងពីអត្តសញ្ញាណ នៃជនរងគ្រោះ»។
រីឯទីភ្នាក់ងារសហព័ន្ធ ស្ដីពីសុវត្ថិភាពដឹកជញ្ជូន របស់សហរដ្ឋអាមេរិក ដែលហៅកាត់ថា «NTSB» បានបញ្ជាក់នៅលើទំព័រទ្វីសធើរ របស់ខ្លួនថា បានបញ្ជូនមន្ត្រីរបស់ខ្លួនមួយក្រុម ជាបន្ទាន់ ទៅកាន់តំបន់ដែលកើតហេតុនេះ។ ខណៈអភិបាលរដ្ឋតិចសាសវិញ បានប្រកាសឡើងថា៖ «យើងសូមសម្ដែងការខ្វាយខ្វល់ និងបន់ស្រន់ សម្រាប់បណ្ដាជនរងគ្រោះ និងគ្រួសាររបស់ពួកគេ»៕