ប៉ែន ចំរ៉ុង៖ ខ្ញុំពិតជាស្រលាញ់កូនខ្ញុំខ្លាំងណាស់
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 31, 2016
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះជាកូន នៅក្នុងផ្ទៃ មិនទាន់បើកភ្នែក ឃើញពន្លឺថ្ងៃក៏ដោយ តែលោក ប៉ែន ចំរ៉ុង ដែលកំពុងមានរឿងចម្រូងចម្រាស ជាមួយអតីតភរិយា អ្នកនាង ភិន សុដាលីស បានប្រកាសរួចជាស្រេចហើយ ថាលោកពិតជាស្រឡាញ់កូនលោកនេះខ្លាំងណាស់ និងស្រឡាញ់ខ្លាំងបំផុតនោះផង។ ជាការប្រកាសមួយ ដែលមានភាពប្រទាំងប្រទើស ជាមួយនឹងការលើកឡើង របស់អតីតភរិយារបស់លោក ដែលបានចោទប្រកាន់លោក នៅក្នុងសន្និសីទសារព័ត៌មានថា បានសម្ដែងការសង្ស័យនៅចំពោះតុលាការ ថាកូននេះអាចមិនមែន ជាកូនរបស់លោក។
ថ្លែងតាមរយៈការផ្ដល់កិច្ចសម្ភាសផ្ដាច់មុខមួយ ទៅឲ្យលោក សាន្ដ ប៊ុនធឿន ចាងហ្វាងសារព័ត៌មាន«ស្នេហាជាតិ» ដែលបង្ហោះផ្សាយ នៅតាមបណ្ដាញសង្គម លោក ប៉ែន ចំរ៉ុង បាននិយាយអះអាងថា លោកនៅតែស្រលាញ់ ចង់ជួប និងចង់ផ្គត់ផ្គង់ ដល់កូនលោកខ្លាំងណាស់ បើទោះជាក្រោយលែងលះដាច់ស្រេច ជាមួយអតីតភរិយាហើយក៏ដោយ។ លោកបានបញ្ជាក់ថា លោកនៅតែជួយផ្គត់ផ្គង់ទៅកូនតាមលទ្ធភាពដែលអាចធ្វើទៅបាន។
នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅ អ្នកនាង ភិន សុដាលីស បានបរិហារលោក ប៉ែន ចំរ៉ុង ថាមានបំណងទម្លាក់កំហុស ថានាងមានកូនជាមួយអ្នកដទៃ ដើម្បីជាលេសសម្រាប់ធ្វើការលែងលះ។ អ្នកនាង សុដាលីស ដែលបានជំទាស់បំណងរបស់ឪពុកនាង និងបានទៅចុះលិខិតអាពាហ៍ពិពាហ៍ ជាមួយលោក ប៉ែន ចំរ៉ុង កាលពីឆ្នាំមុននោះ បានថ្លែងនៅពេលនេះថា អ្នកនាងមិនចង់ឲ្យលោក ចំរ៉ុង មានចំណែក ក្នុងការជួយទំនុបម្រុងចិញ្ចឹមកូន ដែលនៅមិនទាន់កើតនេះឡើយ។ អ្នកនាងថែមទាំងអះអាងបន្ថែមថា នាងនឹងមិនឲ្យកូននាង ទៅជួប ឬហៅឪពុកនោះទៀត។
» អានអត្ថបទដែលទាក់ទង៖ ភិន សុដាលីស សូមទោសឪពុក
ខាងក្រោមនេះ ជាវីដេអូសម្ភាស នៃការឆ្លើយតបដែលមិនសូវ«លំអិត» របស់លោក ប៉ែន ចំរ៉ុង៖
នៅចំពោះការឆ្លើយតបនេះ អ្នកនាង ភិន សុដាលីស បានថ្លែងយ៉ាងខ្លី ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា នាងមិនធ្វើការឆ្លងឆ្លើយ ជាមួយអតីតស្វាមីរូបនេះបន្តទៀតទេ តែនាងបានអះអាងថា នឹងយកវីដេអូរបស់លោក ប៉ែន ចំរ៉ុង ខាងលើ ទៅធ្វើជាភស្តុងតាង នៅក្នុងតុលាការ។ នៅមុននេះបន្តិច (មុនពេលលោក ប៉ែន ចំរ៉ុង ផ្ដល់កិច្ចសម្ភាស) លោក អ៊ិន សុភិន ដែលជាឪពុករបស់អ្នកនាង ភិន សុដាលីស ក៏បានព្រមានដែរថា លោកបានត្រៀមមេធាវីរួចជាស្រេច ដើម្បីប្ដឹងលោកប៉ែន ចំរ៉ុង ឡើងទៅតុលាការ ក្នុងករណីដែលតារាសម្ដែងបុរស វ័យជាង៣០ឆ្នាំរូបនេះ ធ្វើប្រតិកម្ម ច្រានចោលការលើកឡើង របស់អតីតភរិយាខ្លួន នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២៥ ខែកក្កដាកន្លងមកនោះ៕