ក្រុងហាណូយ និងម៉ានីល បន្តក្ដៅក្រហាយក្រុងប៉េកាំង នៅជំនួបអាស៊ាន
ប្រទេសវៀតណាម និងហ្វីលីពីន បានបរិហារទីក្រុងប៉េកាំង ទាក់ទងនឹងចរិករំលោភបំពាន នៅក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃអាទិត្យទី១១ ខែឧសភានេះ នៅក្នុងជំនួបកំពូលអាស៊ាន ដែលបានប្រារព្ធធ្វើជាលើកទីមួយ នៅក្នុងប្រទេសភូមា។
វានាចិនប្រើប្រដាប់បាញ់ទឹកដាក់នាវាល្បាតរៀតណាម នៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០១៤។ (រូបថត Reuters)
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ ឧសភា ២០១៤
-----------------------------------
ជម្លោះដែនទឹក - ការប្រឈមមុខគ្នា រវាងនាវាចម្បាំងចិន និងវៀតណាមនៅក្បែរនឹងប្រជុំកោះប៉ារ៉ាសែល បានធ្វើឲ្យកំហឹងដែលកើតពីជម្លោះដែនទឹកនៃប្រទេសទាំងពីរ បានផ្ទុះឡើងសារជាថ្មី។ បញ្ហាដែលសំខាន់ និងមិនពិបាករកមូលហេតុនោះ គឺក្រុងប៉េកាំង បានកំណត់ថាតំបន់នៅជុំវិញនោះ ស្ថិតក្នុងអធិបតេយ្យនៃដែនទឹករបស់ខ្លួន។
សមាជិកជាច្រើនរបស់សមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានច្រានចោលនូវការកំណត់របស់ប្រទេសចិន ដោយនិយាយតែរៀងៗខ្លួនដែរថា តំបន់នោះក៏មានស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ពួកគេដែរ។ ប៉ុន្តែពីក្នុងចំណោមនោះ មានសមាជិកភាគច្រើន មិនចង់មានបញ្ហានយោបាយ និងសេដ្ឋកិច្ចជាមួយមហាយក្សចិន ដោយសារតែជម្លោះទឹកដីនេះទេ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ នៅពេលបញ្ចប់ជំនួបនៅថ្ងៃអាទិត្យតី១១ ខែឧសភា នៃមេដឹកនាំនៃក្រុមប្រទេសអាស៊ាន បានបង្ហាញពីការព្រួយបារម្ភរបស់ពួកគេ និងបានទាមទារឲ្យភាគីមានជម្លោះ ដោះស្រាយស្រាយបញ្ហាដែនសមុទ្រនេះ ដោយការអត់ធ្មត់ ប៉ុន្តែមិនបានដាក់បញ្ចូលប្រទេសចិន នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះទេ។
យ៉ាងណាក៏ដោយ ប្រទេសវៀតណាម និងប្រទេសហ្វីលីពីន បានបកស្រាយថា សេចក្ដីប្រកាសព័ត៌មាននេះ មានលក្ខណៈ«មិនគ្រប់គ្រាន់»។
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង តាន់ដុង បានថ្លែងប្រកាសថា ក្រុងប៉េកាំងបានបោះទីតាំងនៅលើដែនសមុទ្ររបស់ខ្លួន នូវសម្ភារៈរុករកប្រេង ដោយមានអមជាមួយនឹងនាវាចម្បាំង ព្រមទាំងយន្ដហោះប្រដេញជាច្រើនគ្រឿង។ លោកបាននិយាយទៀតថា នាវារបស់ប្រទេសចិន បានប្រើម៉ាស៊ីនធំៗ បាញ់ទឹកសំដៅនាវាល្បាត និងកាណូតរបស់ពលរដ្ឋវៀតណាម ដែលធ្វើឲ្យមានការខូចខាត និងមានមនុស្សមួយចំនួនរងរបួសនោះផង។
ចំណែកប្រធានាធិបតីនៃប្រទេសហ្វីលីពីន ប៊េនីណូ អាគីណូ បានថ្លែងនៅក្នុងឱកាសនោះ ប្រហាក់ប្រហែលនឹងបញ្ហាដែលប្រទេសវៀតណាមបានលើកឡើងដែរ ហើយលោក បានសុំឲ្យសមាជិកផ្សេងទៀត នៅក្នុងអាស៊ាន ជួយដោះស្រាយបញ្ហានេះ ដោយរំពឹងទៅលើសហគមន៍អន្តរជាតិជាអាជ្ញាកណ្ដាល៕