ជប៉ុន ដំឡើង​សាច់ដុំ​យោធា​ដាក់​ចិន ដើម្បី​ការពារ​កោះ​មួយ​ចំនួន

ចាប់ពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះមក រាជាណាចក្រជប៉ុន បានបញ្ចេញកងកម្លាំងពិសេសរបស់ខ្លួន ដ៏សម្បើម ដើម្បីឲ្យទទួលបន្ទុក ក្នុងការការពារកោះមួយចំនួន នៅក្នុងសមុទ្រចិនខាងកើត ដែលក្រុងតូក្យូ និងក្រុងប៉េកាំង អះអាងតែរៀងខ្លួន ថាជាទឹកដីរបស់ខ្លួន។
ជប៉ុន ដំឡើង​សាច់ដុំ​យោធា​ដាក់​ចិន ដើម្បី​ការពារ​កោះ​មួយ​ចំនួន
កងកម្លាំងពិសេស នៃអង្គភាពប្រយុទ្ធ «ស្វ័យការពារ» របស់ប្រទេសជប៉ុន ដែលទទួលបន្ទុកការពារកោះ ស្ថិតក្នុងសមុទ្រចិនខាងកើត។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 10, 2018
  • ប្រធានបទ: ជម្លោះ​ចិន-ជប៉ុន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងរដ្ឋធម្មនុញ្ញ សន្តិភាពនិយមរបស់ខ្លួន ដែលត្រូវបានអនុម័ត្រ ក្រោមការឃ្លាំមើល របស់សហរដ្ឋអាមេរិក (ដែលឈ្នះសង្គ្រាមលោក) កាលពីឆ្នាំ១៩៤៧ ប្រទេសជប៉ុនមិនត្រូវបានអនុញ្ញាត ឲ្យប្រើប្រាស់កងកម្លាំងទ័ព ដើម្បីដោះស្រាយ ការកើតទុក្ខមិនសុខចិត្ត​របស់ខ្លួន ទល់នឹងបណ្ដារដ្ឋបរទេសនោះទេ។ ដូច្នេះ រាប់ពីពេលនោះមក ប្រទេសជប៉ុន ដែលក្លាយជារាជាណាចក្រ អាស្រ័យរដ្ឋធម្មនុញ្ញ មានភាពស្ទាក់ស្ទើរខ្លាំងណាស់ នៅពេលដែលមានគម្រោង ចង់បង្កើតអង្គភាពប្រយុទ្ធ ដ៏ជំនាញណាមួយនោះ។

ប៉ុន្តែនៅពេលនេះ ភាពស្ទាក់ស្ទើរទាំងនោះ ទំនងជាបានរលាយបាត់អស់ នៅចំពោះការបង្កើនឥទ្ធិពល និងកម្លាំងផ្នែកយោធា កាន់តែខ្លាំងឡើងៗ ពីសំណាក់ប្រទេសចិន ដែលជាមហាយក្សតំបន់។

កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍មុន ប្រទេសជប៉ុន បានបង្កើតជាផ្លូវការ នូវអង្គភាពប្រយុទ្ធពិសេសមួយ ដែលមានទាហានចំនួន ២១០០នាក់ ក្នុងទម្រង់ជា «កងទ័ពស្វ័យការពារ» និងមានមូលដ្ឋាន នៅក្នុងខេត្ត «Sasebo» ស្ថិតនៅទិសនីរតី នៃប្រទេស។ នៅក្នុងពិធីប្រកាស បង្កើតអង្គភាពជាផ្លូវការនេះ សកម្មភាពហ្វឹកហាត់ ជានិមិត្តរូបមួយ ជាមួយកងទ័ពអាមេរិក ក៏ត្រូវបានធ្វើឡើងដែរ។

អង្គភាពប្រយុទ្ធពិសេសនេះ ត្រូវចាត់ឲ្យ​ទទួលបន្ទុក ការពារកោះមួយចំនួន ដែលស្ថិតក្នុងសមុទ្រចិនខាងកើត។ កោះទាំងនោះ ដែលគ្មានមនុស្សរស់នៅ ត្រូវបានប្រទេសជប៉ុន និងចិន ដណ្ដើមថាជាទឹកដីរបស់ផងខ្លួន តែរៀងៗខ្លួន។ អង្គភាពខាងលើ នឹងត្រូវមានទាហានទាំងអស់ ចំនួន៣០០០នាក់ ក្នុងពេលខាងមុខ ហើយត្រូវ«ឆ្លើយតប» ក្នុងករណីមានការឈ្លានពានកើតឡើង។

កងទ័ពប្រយុទ្ធពិសេសទាំងនេះ ត្រូវបំពាក់ ដោយយន្តហោះ​ដឹកជញ្ជូនឧបករណ៍យោធា ប្រភេទ «V-22 Osprey» ដែលផលិតដោយសហរដ្ឋអាមេរិក និងយានយន្ដជាច្រើនទៀត សម្រាប់បម្រើឲ្យការវាយលុក។

អនុរដ្ឋមន្ត្រីការពារជាតិ លោក «Tomohiro Yamamoto» បានថ្លែងនៅក្នុងពិធីនោះថា៖ «ការការពារ បណ្ដាកោះដាច់ស្រយាល គឺជាកិច្ចការបន្ទាន់មួយ នៅខណៈពេល ដែលសន្តិសុខនៅជុំវិញ​ប្រទេសរបស់យើង កាន់តែគួរឲ្យបារម្ភទៅៗ»។

ជម្លោះដណ្ដើមកោះទាំងនោះ បានកើតមាន តាំងពីច្រើនឆ្នាំមកហើយ រវាងប្រទេសជប៉ុន និងប្រទេសចិន។ ជប៉ុនបានហៅកោះ ដែលគ្មានមនុស្សរស់នៅទាំងនោះ ថា «Senkaku» ខណៈចិន បានហៅថា «Diaoyu»។ តាមឯកសារផ្លូវការជាច្រើន បានអះអាងថា បណ្ដាកោះតូចៗទាំងនោះ ស្ថិតក្រោមរដ្ឋបាល របស់ប្រទេសជប៉ុន។ ប៉ុន្តែជាញយដង នាវាល្បាត​នៃកងទ័ពជើងទឹក របស់ប្រទេសចិន តែងបើកសសៀរៗ ចូលទៅក្បែរ ហើយបានបង្ក ឲ្យផ្ទុះសង្គ្រាមផ្នែកការទូត មិនតិចដងទេ រវាងប្រទេសជិតខាងទាំងពីរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...