អាមេរិក៖ ទៅបោះជំរុំនៅមាត់ជ្រោះ យប់ឡើងដេកមមើដើរធ្លាក់ជ្រោះ ...
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៣ តុលា ២០១៤
- កែប្រែចុងក្រោយ: September 13, 2014
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កុំថាឡើយដល់ទៅមនុស្សធ្លាប់គេងមមើ បើសូម្បីតែមនុស្សធម្មតា ក៏មិនគួនឹងទៅផ្សងគ្រោះថ្នាក់ បោះតង់គេងនៅពេលយប់ នៅក្បែរមាត់ជ្រោះជ្រលងដងភ្នំដូច្នេះដែរ។ ហេតុផល៖ នោះគឺដើម្បីបញ្ជៀសគ្រោះថ្នាក់ជាយថាហេតុទាំងឡាយ ពិសេសបើមានសត្វសាហារ ឬសត្រូវធ្វើការវាយប្រហាពីខាងជម្រាលភ្នំ តើអ្នកបោះតង់ទាំងនេះនឹងរត់ទៅណា? ឬក៏ត្រូវលោតចុះទៅក្នុងជ្រោះ?
ប៉ុន្តែសំនួរចម្លើយខាងលើនេះ ទំនងជាមិនដែលត្រូវបានបុរសជាតិអាមេរិកាំងមួយរូប ដែលមានទីលំនៅនៅក្នុងរដ្ឋ អូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិក ខ្វល់ខ្វាយយកមកគិតនោះទេ។ បើទោះជាដឹងខ្លួនថា ខ្លួនឧស្សាហ៍គេងមមើ«ក្រោបដើរពេលយប់ ទាំងបិទភ្នែក» ក៏ដោយ តែបុរសម្នាក់នេះ នៅតែមិនរាថយក្នុងការបោះជំរុំគេង នៅក្បែរមាត់ជ្រោះដែលមានជម្រៅយ៉ាងជ្រៅ ជាមួយនឹងមិត្តភ័ក្ដិផ្សេងទៀត បន្ទាប់ពីពួកគេ បាននាំគ្នាទៅដើរកំសាន្ដ នៅជ្រលងព្រៃភ្នំ រ៉េដ រីវ័រ (Red River) ក្នុងរដ្ឋកេនទុគី (Kentucky) ភាគកណ្ដាលខាងកើតនៃសហរដ្ឋអាមេរិក។
គេហទំព័រក្នុងតំបន់មួយរបស់អាមេរិក បានរៀបរាប់ថា នៅពាក់កណ្ដាលយប់ថ្ងៃព្រហស្បត្តិ៍ឈានមកថ្ងៃសុក្រ សប្ដាហ៍នេះ មិត្តភ័ក្តិបានមើលដឹងថា បុរសគេងមមើរមិននៅក្នុងតង់គេងរបស់ខ្លួនទេ ហើយពួកគេក៏បាននាំគ្នាដើររកជាបន្ទាន់។ បន្តិចក្រោយមក ពួកគេបានរកឃើញបុរសនោះ ដេកស្ដូកស្ដឹង នៅលើផ្ទាំងថ្មមួយ ជម្រៅប្រមាណជា១៨ម៉ែត្រ ខាងក្រោម។ តែជាសំណាងល្អ បុរសយើងនៅមានជីវិតនៅឡើយ។
ដោយសារតែល័ក្ខខ័ណ្ឌនៃជ្រលងភ្នំមិនអំណោយផលង បុរសត្រូវបានក្រុមអ្នកជួយសង្គ្រោះ ទាញមកខាងលើវិញ នៅប្រមាណជាបួនម៉ោងក្រោយមក។ បុរសបានរងរបួស នៅត្រង់ក្បាល ស្មារម្ខាង និងបាក់ជើងមួយចំហៀង។ អ្នកជួយសង្គ្រោះម្នាក់បានលាន់មាត់ឡើងថា៖ «នេះជារឿងដ៏អស្ចារ្យមួយ។ ដើរទាំងដេកបិទភ្នែក ដើរធ្លាក់ជ្រោះហើយមិនស្លាប់ ...។»៕