«ហេតុអ្វី?» ជាភាពយន្តឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមខ្មែរ
- ដោយ: ប្រាថ្នា ដោយ ចាន់នីតា (ទាក់ទង៖ [email protected] ) - ភ្នំពេញថ្ងៃទី០៤ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 14, 2014
- ប្រធានបទ: នៅលើផ្ទាំងសំពត់ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភាពយន្តខ្មែរ រឿង«ហេតុអ្វី?» ជាវណ្ណកម្មថ្មីមួយទៀត របស់ផលិតកម្មរ៉ក់ កំពុងតែឈានជើងចូលក្នុងទីផ្សារភាពយន្ត ក្នុងប្រទេសកម្ពុជា ដែលនិពន្ធឡើងលោក ហួត ស៊ីថន និងដឹកនាំសម្ដែងលោក មាស បូព៌ា។ រឿងនេះដែរ មានការចូលរួមសម្ដែងដោយលោក សូត្រ វិទូ ជាតួឯកប្រុស និងកញ្ញា ឌី សុនីតា ជាតួឯកស្រី និងរួមទាំងតារាល្បីៗមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា។ ខ្សែភាពយន្តនេះបានបង្ហាញឱ្យដឹង ពីស្រ្តីម្នាក់ មានរូបសម្រស់ស្រស់ស្អាត ចរិតស្លូតបូត ប៉ុន្តែក្រោយមកបានក្លាយ ទៅជាមនុស្សរឹងរុស មានៈ រហូតក្លាយទៅជាឃាតកទាំងវ័យក្មេង ។
ថ្លែងនៅក្នុងពិធីបើកសម្ពោធ កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤ នៅរោងភាពយន្ត លំដាប់អន្តរជាតិ Platimun Cineplex ផ្សារទំនើបសូរិយា លោក យឹម សុសត្យាជាប្រធានគ្រប់គ្រង ផលិកម្មរ៉ក់ បានបញ្ជាក់ថា ខ្សែភាពយន្តនេះ បានចំណាយទុនថត ប្រមាណពី៥ទៅ៦ម៉ឺនដុល្លារ ដើម្បីប្រកួតប្រជែង ទីផ្សារភាពយន្តក្នុងស្រុក ដែលកំពុងតែរីកលូតលាស់។
លោកថា ភាពយន្ដនេះផលិតឡើង តាមបែបស្ដង់ដារក្នុងស្រុក តម្រូវតាមទីផ្សារក្នុងប្រទេសកម្ពុជា។ ប្រធានគ្រប់គ្រងរូបនេះបន្តថា បន្ទាប់ពីផលិតកម្មរ៉ក់ទទួលបានជោគជ័យ ក្នុងការថតរឿង និងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ និងនៅតាមបណ្តារោងភាពយន្ត ជាបន្តបន្ទាប់មក ភាពយន្តថ្មីដែលផលិកម្មរ៉ក់ បានបើកសម្ពោធនេះ ដែលជាស្នាដៃថ្មីមួយ រួមចំណែកលើកស្ទួយទីផ្សារភាពយន្តខ្មែរ និងជាប្រភេទរឿងពិត ក្រោមការផ្ដួចផ្ដើមថត របស់លោកឧកញ៉ា គិត ធាង។
រឿង"ហេតុអ្វី?" ឬ "Why?" ត្រូវបានចាក់បញ្ចាំង នៅរោងភាពយន្តជាច្រើន ដូចជាម៉ាជើ ស៊ីណេផ្លិច (Major Cineplex) ផ្លាទីនៀមស៊ីណេផ្លិច (Platimun Cineplex) លេជេនស៊ីនីម៉ា (Legend Cinema) និងរោងភាពយន្តលុច្ស ចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ កន្លងមកនេះ៕
វីដេអូផ្សាយពាណិជ្ជកម្ម របស់ភាពយន្ដនេះ៖