អ្នកវិភាគគាំទ្រ ចំពោះការចេញប័ណ្ណទទួលស្គាល់ ជនជាតិវៀតណាម មករស់នៅកម្ពុជាខុសច្បាប់
- ដោយ: ប្រាថ្នា ដោយ ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញថ្ងៃទី០៤ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 14, 2014
- ប្រធានបទ: អន្តោប្រវេសន៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខណៈពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងបន្តធ្វើប័ណ្ណប្រកាសជាក្រុម ឲ្យជនអន្តោប្រវេសន៍វៀតណាម ប្រជាពលរដ្ឋ មន្រ្តីសង្គមស៊ីវិល និងអ្នកវិភាគបានគាំទ្រទៅលើចំណាត់ការនេះ។ បើតាមមន្ត្រីអន្តោប្រវេសន៍បញ្ជាក់ថា ជនជាតិវៀតណាម គ្រប់អាយុ ១៨ឆ្នាំទាំងអស់ដែលកំពុងរស់នៅក្នុងទឹកដីកម្ពុជា ត្រូវធ្វើពាក្យស្នើសុំជាជនអន្តោប្រវេសន៍ស្របច្បាប់ ពីអាជ្ញាធរ កម្ពុជា ទាំងអស់គ្នា។ ប័ណ្ណនេះមានសុពលភាពរយៈពេល ២ឆ្នាំ និងត្រូវបង់ប្រាក់ ២៥ម៉ឺនរៀល ហើយបើផុតពេលកំណត់ ត្រូវដាក់ពាក្យស្នើសុំសិទ្ធិរស់នៅបន្តទៀត ក្នុងករណីដែលមិនទាន់មានបំណង ចង់ចាកចេញពីប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់បានឱ្យដឹងថា ផ្តល់ប័ណ្ណទទួលស្គាល់ជនអន្តោប្រវេសន៍ដែលរស់នៅប្រទេសកម្ពុជា គឺដើម្បីងាយស្រួល ដល់ការគ្រប់គ្រងជនអន្តោប្រវេសន៍ឱ្យនៅក្រោមច្បាប់ និងអាចប្រមូលបានថវិកាខ្លះចូលរដ្ឋ។ លោកថា គម្រោងនេះក្រសួងបានចាប់ផ្ដើមធ្វើតាំងពីឆ្នាំ២០០២ មកម្លេះ។
លោកបណ្ឌិត សុខ ទូច អ្នកវិភាគសង្គមឯករាជ្យ និងជាសាកលវិទ្យាធិការនៃសាកលវិទ្យល័យខេមរៈ បានថ្លែងថា លោកគាំទ្រចំពោះការផ្តល់ប័ណ្ណ ទទួលស្គាល់ជនអន្តោប្រវេសន៍ ដែលមករស់នៅប្រទេសកម្ពុជា ជាពិសេសជនជាតិវៀតណាម ដែលមានដ៏ច្រើនលើសលុបនៅទឹកដីខ្មែរ ដើម្បីងាយស្រួលគ្រប់គ្រង់ និងដឹងពីស្ថិតិនៃចំនួនជនអន្តោប្រវេសន៍នេះ។ លោកបន្តថា៖ «ជាការពិត ការទទួលស្គាល់ជនអន្តោប្រវេសន៍នេះ ជាការល្អបំផុត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍ដែលស្របច្បាប់ ខុសច្បាប់ ត្រូវតែវិលទៅប្រទេសរបស់ខ្លួនវិញនេះទីមួយ ហើយទី២ជនប្រអន្តោប្រវេសន៍ហ្នឹង គាត់ត្រូវតែបង់លុយចូលមកឱ្យរដ្ឋ»។
លោកពន្យល់ឲ្យដឹងទៀតថា នៅពេលរដ្ឋាភិបាលចាត់វិធានការបែបនេះ វានឹងមានភាពងាយស្រួល ព្រោះជនអន្តោប្រវេសន៍ ទាំងនោះនឹងគ្មានសិទ្ធិបោះឆ្នោត សិទ្ធិទិញផ្ទះសម្បែងដីធ្លីឡើយ។
បើទោះជាលោក សុខ ទូច បានគាំទ្រចំពោះការចេញប័ណ្ណប្រកាសក្រុមជនអន្តោប្រវេសន៍នេះក៏ដោយ តែប្រជាពលរដ្ឋមួយរូបបានលើកពីការព្រួយបារម្ភរបស់ខ្លួនថា លោកនៅតែមិនទាន់ទុកចិត្តចំពោះចំណាត់ការរបស់មន្រ្តីរដ្ឋាភិបាលនោះទេ។ លោកបានស្នើសូមឱ្យរដ្ឋាភិបាលធ្វើកិច្ចការនេះ ដោយតម្លាភាព និងកំណត់ទិសដៅឲ្យបានច្បាស់លាស់ ជាពិសេសការអនុវត្តត្រូវឲ្យមានប្រសិទ្ធភាព៕