សិស្សជាប់និទ្ទេស A ឆ្នាំនេះ ជាបេក្ខជនល្បី និងសំណាងជាងគេ
- ដោយ: ប្រាថ្នា ដោយ ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញថ្ងៃទី០៥ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 14, 2014
- ប្រធានបទ: ប្រព័ន្ធអប់រំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រាល់ឆ្នាំកន្លងទៅ សិស្សដែលទទួលបាននិទ្ទេស ល្អប្រសើរ ឬនិទ្ទេស A មិនត្រូវបានស្ថានប័ននានា ឬនាយករដ្ឋមន្រ្តីយកចិត្តទុកដាក់ប៉ុន្មានឡើយ ខុសប្លែកសិស្សនិទ្ទេស A ក្នុងសម័យប្រលងឆ្នាំ២០១៤ នេះ ដែលជាឆ្នាំរបស់លោក ហង់ ជួនណារ៉ុន ក្នុងដំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ លើកដំបូង។
ប្លែកពីឆ្នាំមុនៗ ដោយសារតែរាល់ឆ្នាំប្រព័ន្ធអប់រំកម្ពុជា ត្រូវបានគេរិះគន់ថាខ្សោយ មានអំពើពុករលួយពេលប្រលង ដែលធ្វើសិស្សប្រលងជាប់ មិនត្រូវបានគេទទួលស្គាល់គុណភាពឡើយ។ ផ្ទុយទៅវិញ សិស្សជាប់និទ្ទេស A ក្នុងឆ្នាំ២០១៤នេះ ជាឆ្នាំខ្មៅសម្រាប់សិស្សប្រលងធ្លាក់ ដែលមានចំនួនច្រើនជាងគេ រហូតដល់៧៥%នោះ សុទ្ធតែត្រូវបានគេទទួលស្គាល់ពីសមត្ថភាព ខណៈដែលមានអ្នកធ្លាក់ ស្ទើរពេញប្រទេស ប៉ុន្តែអ្នកទាំង១១នាក់នេះ នៅតែដណ្តើមបានជោគជ័យ ស្ទើតែមិនគួរឱ្យជឿ។ ពួកគេត្រូវបណ្តាញសារព័ត៌មាននានា ចាត់ទុកថាជា«ជនល្បី» និងយកមកផ្សព្វផ្សាយ ស្ទើភ្លូកទឹកភ្លូកដី។
អ្នកកាសែត ដែលមានបទពិសោធន៍ ក្នុងវិស័យសារព័ត៌មានខ្មែរ ជាងពីរទសវត្សលោក ពុយ គា បានហៅ បេក្ខជនជាប់និទ្ទេស A ទាំង១១នាក់ ថាជាតារាល្បីកំពុងរះថ្មីក្នុងសង្គម ព្រោះតែសមត្ថភាពរបស់អ្នកទាំង១១នាក់នេះ បានធ្វើឱ្យប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ ទទួលស្គាល់ពីសមត្ថភាពពិត និងកោតស្ញប់ស្ញែង។
រីឯសិស្សជំនាន់មុនៗបានលើកឡើងដែរថា សិស្សជាប់និទ្ទេស A ក្នុងឆ្នាំនេះ ហាក់មានសំណាងជាងសិស្សជាប់និទ្ទេស A ក្នុងឆ្នាំមុនៗ។ មានសំណាងព្រោះតែឆ្នាំនេះ ត្រូវបានការយកចិត្តទុកដាក់ពីលោកនាយករដ្ឋមន្រ្តី និងមានសាលាល្បីៗជាច្រើន សុទ្ធតែផ្តល់អាហារូបករណ៍ឱ្យ។
សូមបញ្ជាក់ផងដែរថា នៅវេលាម៉ោង ៤ រសៀលថ្ងៃទី ៥ សីហា ឆ្នាំ២០១៤ សិស្សនិទ្ទេស A ទាំង ១១ រូប ត្រូវបានអញ្ជើញជាកិត្តិយស ឱ្យចូលជួបសំណេះសំណាលសម្ដែងការគួរសម ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានរដ្ឋាភិបាល។ រីក្រុមហ៊ុនវីតាល់ឧបត្ថម្ភ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ បានឧបត្ថម្ភម៉ាស៊ីនបោះពុម្ភម្នាក់មួយគ្រឿង និងជូននូវទឹកពិសារពេញមួយឆ្នាំផងដែរ។
សិស្សប្រលងបាក់ឌុបជាប់និទ្ទេស A ទូទាំងប្រទេសនៅឆ្នាំនេះ មាន១១នាក់ ក្នុងនោះ បេក្ខជន៣នាក់នៅភ្នំពេញ និង ៨ នាក់ទៀតជាបេក្ខជននៅតាមបណ្ដាខេត្ត៕