ចុងឆ្នាំ២០១៤ អន្តោប្រវេសន៍វៀតណាមខុសច្បាប់ មាន១៦ម៉ឺននាក់ បើតាមក្រសួងមហាផ្ទៃ
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 02, 2015
- ប្រធានបទ: អន្តោប្រវសន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងឆ្នាំ២០០២ មានជនអន្តោប្រវេសន៍វៀតណាម ចូលមកកម្ពុជា ដោយខុសច្បាប់ ចំនួន៧ម៉ឺននាក់។ លុះមកដល់ឆ្នាំ២០១៤ ជនអន្តោប្រវេសវៀតណាមនេះ បានកើនឡើង ដល់ជាង១០ម៉ឺននាក់ និងចុងឆ្នាំ២០១៤ បានកើនឡើង រហូតដល់ជាង១៦ម៉ឺននាក់។ នេះជាការថ្លែងអះអាង របស់លោក សុខ ផល អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គនាយក នៃអគ្គនាយកអន្តោប្រវេសន៍កម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការនៃការគ្រប់គ្រង ជនបរទេសអន្តោប្រវេសន៍ រៀបចំដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥នេះ លោក សុខ ផល បានទទួលស្គាល់ថា ការហូរចូលនៃជនជាតិវៀតណាម ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើង ស្មើមួយគុណនឹងបួន បើធៀបទៅឆ្នាំ២០០០។ តាមរបាយការណ៍ប្រាំបីខែចុងឆ្នាំ២០១៤នេះ លោក បានបញ្ជាក់ទៀតថា ការហូរចូល និងការស្នាក់នៅរបស់ជនបរទេស បែបអន្តោប្រវេសន៍ ឬគ្មានឯកសារស្នាក់នៅកម្ពុជា ឬជនបរទេស ដែលគ្មានលិខិតស្នាមត្រឹមត្រូវ មានប្រមាណជាង១៨០០នាក់ ក្នុងនោះមានជនជាតិវៀតណាម ជាង១៥០០នាក់ ដែលបានបណ្តេញចេញពីកម្ពុជារួច។
លោកបានបន្តថា ក្នុងដើមឆ្នាំ២០១៥នេះ ក្រុមការងារលោក បានរកឃើញជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណជាង១២០០នាក់ទៀត ដែលក្នុងនោះមាន៩៥ ទៅ៩៨ភាគរយ ជាជនជាតិវៀតណាម។ យ៉ាងណាក៏ដោយ អគ្គនាយកនៃអគ្គនាយកអន្តោប្រវេសន៍កម្ពុជា បានទទួលស្គាល់ថា ការធ្វើជំរឿន ដើម្បីស្វែងរកជនអន្តោប្រវេសន៍ វៀតណាមខុសច្បាប់ នៅកម្ពុជានេះ ព្រោះតែមានការសហការ ជាមួយនឹងក្រសួងនគរបាល នៃប្រទេសវៀតណាម។ លោកហៅការសហការនេះថា គោរពអធិបតេយ្យភាព និងឯករាជភាពរបស់ភាគីកម្ពុជា ដោយប្រទេសវៀតណាម។
ដោយមានការសហការ ជាមួយនឹងក្រសួងនគរបាលវៀតណាមនេះ កម្ពុជាបានធ្វើការពិនិត្យ និងជំរឿន លើជនជាតិវៀតណាម ដែលកំពុងស្នាក់នៅកម្ពុជា ជាមួយនឹងការបញ្ជូនចេញ ឬផ្លាស់ប្តូរទីកន្លែង ដោយពុំចាំបាច់មានការសម្រេច ជាមួយក្រសួងនគរបាលវៀតណាម ជាមុនឡើយ។ ក្នុងកិច្ចការពិនិត្យ និងធ្វើជំរឿននោះ លោកស្នើឲ្យមន្រ្តីអន្តោប្រវេសន៍ ទាំង២៥ខេត្ត-ក្រុងរបស់កម្ពុជា ពង្រឹង និងសហការគ្នា ដើម្បីទប់ស្កាត់ ការហូរចូលជនបរទេសដោយខុសច្បាប់ ដោយគំហុកមកកម្ពុជាយ៉ាងដូច្នេះ។
អំពើពុករលួយ...
កន្លងមកមានការរិះគន់ ថាលំហូរចូលមករស់នៅ របស់ជនអន្តោប្រវេសន៍ខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា ដោយសារការប្រព្រឹត្តិអំពើពុករលួយ នៃមន្ត្រីអាជ្ញាធរ ដែលបានបើកព្រំដែន ឲ្យជនជាតិបរទេសទាំងនោះ អាចចូលមកក្នុងប្រទេសកម្ពុជា ទាំងគ្មានសំបុត្រស្នាមច្បាស់លាស់។ ការរិះគន់ខ្លះទៀត បានលើកឡើងថា ជនអន្តោប្រវេសន៍ដ ខុសច្បាប់ជាច្រើន អាចរស់នៅយ៉ាងស្រួល រហូតអាចធ្វើការបោះឆ្នោត នៅកម្ពុជាបាន ដោយសារតែមន្ត្រីអាជ្ញាធរថ្នាក់មូលដ្ឋាន បានឃុបឃិត ប្រព្រឹត្តិអំពើពុករលួយ លួចធ្វើអត្តសញ្ញាណប័ណ្ណ និងប័ណ្ណគ្រួសារជាដើម ឲ្យទៅជនអន្តោប្រវេសន៍ទាំងនោះ។
ឆ្លើយតបនឹងការចោទប្រកាន់ខាងលើ លោក ខាត់ សារ៉េត មន្រ្តីអន្តោប្រវេសន៍ប្រចាំច្រកបាវិត ខេត្តស្វាយរៀងបានលើកឡើងថា ក្រុមការងាររបស់លោក មានការរិតត្បិតការហូរចូល នៃជនអន្តោប្រវេសន៍វៀតណាមខ្លាំងណាស់។ តែលោកនៅតែបង្ហាញការសោកស្តាយ ដោយជនអន្តោប្រវេសន៍ទាំងនោះ បានលបលួចចូលតាមច្រករបៀង ដែលមាននៅតាមបណ្តាខេត្តទាំង៩ ស្ថិតនៅជាប់ព្រំប្រទល់វៀតណាម។
លោក ខាត់ សារ៉េត បានលើកឡើងទៀតថា ច្រកបាវិតនេះ មានទំហំធំធេងណាស់។ លោកបន្តថា ចំណុចដែលផុតពីការគ្រប់គ្រងរបស់លោក ខាងខេត្តជាអ្នកតាមដាន និងគ្រប់គ្រង។ លោកបានបញ្ជាក់ថា៖ «វាតាមបណ្តោយព្រំដែន វាមានឆ្ងាយណាស់ វាមានច្រករបៀង(ខេត្តគ្រប់គ្រង) មានវាលស្រែ ព្រៃ...។ ខ្ញុំត្រួតពិនិត្យ តែមួយច្រកព្រំដែនទេ។ (...) ភូមិសាស្រ្តរបស់ខ្ញុំ គឺមានកម្រិតដែលត្រួតត្រាបាន។»
ចំពោះករណីឃុបឃិត លួចធ្វើលិខិតស្នាមស្របច្បាប់ ដោយមន្ត្រីអាជ្ញាធរមូលដ្ឋានោះ ត្រូវបានលោក សុខ ផល បញ្ជាក់ទៅមន្រ្តីអន្តោប្រវេសន៍ទាំងអស់ នៅថ្នាក់មូលដ្ឋាន ថាត្រូវតែបញ្ឈប់ការធ្វើសំបុត្រកំណើត សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ «ខុសច្បាប់» ឲ្យជនបរទេស ដែលបានចូលមកកម្ពុជាចាប់ពីពេលនេះតទៅ៕