ពលរដ្ឋឃុំព្រែកតាទែន ថាមន្រ្តីធ្វើអត្តសញ្ញាណប័ណ្ណយឺតយ៉ាវ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០១ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 02, 2015
- ប្រធានបទ: អភិបាលកិច្ច
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្រ្តីម្នាក់ដែលមានកូនតូច នៅក្នុងដៃកំពុងឈរចាំមន្រ្តីមូលដ្ឋាន តាមសេចក្តីប្រកាស ឲ្យមកធ្វើអត្តសញ្ញាណប័ណ្ណ អ្នកស្រី លឹម សុខឹម បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៥នេះថា អ្នកស្រីមកដល់កន្លែងធ្វើ (អត្តសញ្ញាណប័ណ្ណ) ហើយតែគ្មានមន្រ្តីណាម្នាក់ ចាប់ផ្តើមធ្វើការងារនេះទេ។ ពេលគាត់ទៅសួរមន្រ្តីទាំងនោះ គេប្រាប់ថា មិនទាន់មានឯកសារគ្រប់គ្រាន់ ដើម្បីចាប់ផ្តើម។
អ្នកស្រី និងពលរដ្ឋជាច្រើននាក់ទៀត ដែលកំពុងចំណាយពេលរង់ចាំដូចគ្នា បានបន្តថា បើមិនទាន់មានឯកសារគ្រប់គ្រាន់ ហេតុអ្វីបិទប្រកាស ឲ្យពលរដ្ឋមកធ្វើពេញភូមិធ្វើអ្វី? ឥឡូវមកដល់មិនបានធ្វើហើយ ត្រូវចំណាយពេលរង់ចាំទៀត។ បន្ទាប់ពីការរអ៊ូរទាំរួច អ្នកខ្លះមានភារៈកិច្ចចាំបាច់ នៅផ្ទះខានមិនបាន សម្រេចចិត្តចាកចេញ មិននៅរង់ចាំបន្ត។ ពលរដ្ឋខ្លះព្យាយាមចាំបន្ត ពីម៉ោង៧ ព្រឹក ដល់ម៉ោង ៩ ឈានដល់ម៉ោង១០ នៅមិនទាន់បានលទ្ធផលទៀត។
កំហុស របស់មន្ត្រីមកពីក្រសួងមហាផ្ទៃ?
ចំពោះភាពយឺតយ៉ាវ នៅក្នុងការចុះធ្វើអត្តសញ្ញាណប័ណ្ណ នៅបរិវេណវត្តិសាម្គីរង្សី ក្នុងភូមិព្រែកតាទែន ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល មិនត្រូវបានមន្រ្តីមូលដ្ឋាន បដិសេធន៍នោះទេ។ លោក ទុយ សុភាព អធិការងស្រុកពញ្ញាឮ ដែលបានដឹងនាំកម្លាំង ចុះធ្វើអត្តសញ្ញាណប័ណ្ណ នៅមូលដ្ឋានខាងលើ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ភាពយឺតយ៉ាវទាំងនេះ បណ្តាលមកពី មន្រ្តីក្រសួងមហាផ្ទៃមួយរូប ដែលត្រូវចុះមកត្រួតពិនិត្យនោះ មិនបានចុះមក។ ឯកសារចុងសន្លឹកបង់ប្រាក់ សម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណ គឺនៅជាមួយមន្រ្តីរូបនោះ ទើបមិនបានចាប់ផ្តើមឲ្យទាន់ពេល នៅថ្ងៃដំបូងនេះ។
លោកប្រាប់ទៀតថា ភ្លាមៗនៅពេលបានដំណឹងនេះ លោកបានបញ្ជូនកម្លាំងម្នាក់ ទៅយកឯកសារនោះជាបន្ទាន់ ដែលទើបនឹងត្រឡប់មកដល់ នៅម៉ោងជាង១០ ព្រឹកនេះ។ ដោយឡែក ចំពោះភាពរញ៉េរញ៉ៃផ្សេងៗ ត្រូវបានលោកបញ្ជាក់ថា មកពីថ្ងៃនេះ ជាថ្ងៃធ្វើអត្តសញ្ញាណប័ណ្ណទីមួយ ទើបមិនទាន់មានសម្ភារៈ (តុ កៅអី) គ្រប់គ្រាន់។
មន្រ្តីតំណាងឲ្យអាជ្ញាធរ ធ្វើអត្តសញ្ញាណប័ណ្ណរូបនេះ បានបញ្ជាក់ចុងក្រោយថា លោកបានប្រជុំ ជាមួយក្រុមការងាររួចស្រេច មុនពេលចុះធ្វើកាងារនេះ ទាក់ទងនឹងរដ្ឋាបាល ពាក្យសម្តី និងអាកប្បកិរិយា នៃការស្លៀកពាក់ជាដើម។ ជាពិសេស គឺការទទួលសំណូកផ្សេងៗ ក្រៅពីប្រាក់១០០០០រៀល សម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណនោះ។ លោក បានថ្លែងថា៖ «មុនចុះ ខ្ញុំបានប្រជុំហាមដាច់ខាត មិនឲ្យប៉ះពាល់ថវិកាពលរដ្ឋនោះទេ»៕