រលំដើមឈើ និងផ្ទាំងប៉ាណូ បីកន្លែងក្នុងពេលតែមួយនៅភ្នំពេញ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០១ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 02, 2015
- ប្រធានបទ: គ្រោះធម្មជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ទាំងបីនេះ បានកើតឡើងផ្សេងពីគ្នា នៅរាជធានីភ្នំពេញ។ ទីមួយ បង្ករឲ្យផ្ទាំងប៉ាណូធំមួយផ្ទាំង នៅគល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត បានបាក់រលំមកទាំងកំរោល ពេលកំពុងមានខ្យល់ខ្លាំង។ តាមការបញ្ជាក់ របស់លោក កែវ សុខជា មន្រ្តីប៉ូលិសខណ្ឌជ្រោយចង្វារ បានប្រាប់ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វួដឹងថា ផ្ទាំងប៉ាណូនោះ លោកគ្រាន់តែដឹងថា ជារបស់ទូរទស្សន៍ឯកជនមួយ។
លោកបានបន្តថា ក្នុងការគួចបក់របស់ខ្យល់ ដែលមានសន្ធឹកខ្លាំងនេះ ម៉ូតូរបស់លោកមួយគ្រឿង ម៉ាកឌ្រីម សេរី២០០៨ ស្លាកលេខភ្នំពេញ ១AC-១០៨០ ដែលទុកពីក្រោមនោះ ក៏រងកាខូចខាតដែរ។ មន្រ្តីប៉ូលីសរូបនេះបន្តថា ដំបូង លោកក៏នៅក្រោមផ្ទាំងប៉ាណូធំនោះដែរ ក្រោយមកឃើញខ្យល់ខ្លាំងពេក មើលទៅវារគើរ លោកបានដើរចេញទៅម្ខាងឈរមើល ភ្លាមៗបន្ទាប់ពីលោកចេញផុត ផ្ទាំងនោះបានរលំបាក់ សង្កត់ម៉ូតូរបស់លោក បណ្តាលឲ្យខ្ទេចសល់តែបង្គោល។
ក្រៅពីបង្គោលប៉ាណូធំនៅសង្កាត់ជ្រោយចង្វារ នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញឯណេះវិញ ក៏មានហេតុការណ៍រលំនេះដែរ គឺបណ្តាលឲ្យរថយន្តពីរគ្រឿង រងការខូចខាត ដោយសារដើមឈើសង្កត់។ ដោយមានម្ចាស់ផ្សេងគ្នានោះ រថយន្តមួយគ្រឿង មានពណ៍សម្បកឪឡឹក ស្លាកលេខភ្នំពេញ ២A-៣១០០ និងមួយគ្រឿងទៀត មានពណ៍ក្រហមស្លាកលេខ ភ្នំពេញ ២R-៥៤៩៥ ហើយបានចត នៅតាមបណ្តោយផ្លូវ១០៨។
ចំណែកឯហេតុការណ៍មួយទៀត នៅក្នុងពេលតែមួយនេះ គឺនៅតាមបណ្តោយផ្លូវ ៤៧ មហាវិថីប្រទេសបារាំង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យឡានមួយគ្រឿង រងការខូចខាតដែរ។ រថយន្តនោះស្លាកលេខ ខេមរៈភូមិន្ទ១ ២-៥២០៩។ គ្រោះធម្មជាតិ បង្ករការភ្ញាក់ផ្អើល នៅរាជធានីភ្នំពេញនេះ បានកើតឡើង កាលពីវេលាម៉ោង២ និង៣០នាទី ថ្ងៃទី០១ ខែកក្កដា កន្លងទៅនេះ៕