អាជីវករ​ថា ក្រុម​សន្ដិសុខ​ជា​អ្នក​«លក់​ផ្លូវ» តែ​អភិបាល​ខណ្ឌ​ថា មិន​ដឹង!

ទន្ទឹមនឹងការប្ដេជ្ញាចិត្ត របស់ក្រុមអាជីវករទាំងអស់ ថានឹងចូលរួមក្នុងការរៀបចំផ្លូវជុំវិញផ្សារ និងផ្សារដើមគរឡើងវិញ តែបញ្ហាជាច្រើនត្រូវបានអាជីវករខ្លួន សម្ដែងចេញជាសាធារណៈ ក្នុងនោះមានទាំងរឿង«រសើបៗ»ជាច្រើននោះផង។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី២៧ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 28, 2014
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បញ្ហាជាច្រើន រាប់​តាំង​ពី​ក្រុម​សន្តិសុខ​ផ្សារ យក​លុយ​ពី​អាជីវករ ការ​បណ្ដេញ​លែង​ឲ្យ​លក់​នៅ​លើ​ទ្រូង​ថ្នល់ ការ​តម្លើង​ថ្លៃ​តូប។ល។ គឺ​ជា​បញ្ហា ដែល​ក្រុម​អាជីវករ​នៅ​ក្នុង​ផ្សារ​ដើម​គរ រាជធានី​ភ្នំពេញ បាន​ថ្លែង​រៀប​រាប់ នៅ​ក្នុង​វេទិការ​សាធារណៈ​លើក​ទី​មួយ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៧ ខែ​តុលា​នេះ។

អាជីវករ​លក់​បន្លែ​ម្នាក់​នៃ​ផ្សារ​ដើម​គរ អ្នកស្រី លឹម ដានី បាន​លើក​ឡើង​ពី​បញ្ហា ដែល​បង្ក​ឡើង​ដោយ​ក្រុម​សន្តិសុខ​ផ្សារ ថា​ចេះ​តែ​ដើរ​ប្រមូល​ប្រាក់ ពី​ក្រុម​អាជីវករ​ដូច​គាត់ យក​ដាក់​ហោប៉ៅ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​រៀបចំ​សណ្ដាប់​ធ្នាប់​ផ្លូវ​ជុំ​វិញ​ផ្សារ​ដើម​គរ នៅ​ជាប់​គាំង​មិន​អាច​ដោះស្រាយ​រួច។ អ្នកស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «សន្តិសុខ​ផ្សារ​ដើម​គរ ជា​អ្នក​លក់​ផ្លូវ​យក​លុយ​ដាក់​ហោប៉ៅ តើ​រៀបចំ​អ្វី​នឹង​ចេញ? មួយ​កន្លែង​ចាប់​ពី​៥០០​ដុល្លា ទៅ​៥០០០​ដុល្លា ស្រេច​តែ​ពួក​គាត់​ថា។ ឥឡូវ​មក​វែក​ផ្លូវ ដើម្បី​ធ្វើ​ចរាចរណ៍​ល្អ វែក​អ្វី​នឹង​ចេញ វែក​យ៉ាង​ម៉េច​បើ​សន្តិសុខ​ជា​អ្នក​លក់​ផ្លូវ។ »

ចំណែកឯលោក ហុង ម៉េងឈៀង អាជីវករលក់បន្លែ ក្នុងផ្សារតាំងពីជាង១០ឆ្នាំមកហើយ បានរៀបរាប់ថា កាល​ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ប្រធានផ្សារដើមគរ បានចុះរៀបចំសណ្តាប់ធ្នាប់ផ្សារ និងឲ្យអាជីវករ​ផ្សារ​មួយចំនួន ឲ្យផ្អាកការលក់ដូរ ជាបណ្តោះអាសន្ន ដើម្បីកិច្ចស្វាគមន៍ លោកនាយករដ្ឋមន្រ្តី មកសម្ភោធ​ស្ពាន​អាកាសស្ទឹងមានជ័យ។ ផ្ទុយមកវិញ វាមិនមែនជាការផ្អាកលក់ដូរ ជាបណ្ដោះអាសន្នទេ តែត្រូវបានដក​ហូត​ទាំង​ស្រុង មិនឲ្យអាជីវករលក់ដូរបន្តទៀតឡើយ ហើយបានយកទីតាំងទាំងនោះ ទៅធ្វើជាចំណតរថយន្ត និង​កន្លែងទទួលផ្ញើរម៉ូតូជាដើម។

លោក ហុង ម៉េង បានត្អូញត្អែរថា៖ «ពេលខ្ញុំដាក់អីវ៉ាន់លក់ សន្តិសុខផ្សារ រួមទាំងប៉ូលីសខណ្ឌ ចុះមកភ្លាម និង​ចាប់យកអីវ៉ាន់ខ្ញុំ តែម្នាក់ប៉ុណ្ណោះ ដោយគ្មានមូលហេតុអ្វីឡើយ។ (...) ឯអាជីវករមួយចំនួនទៀត លក់ពេញ​លើ​ផ្លូវ មិនព្រមចាប់នោះទេ។»

ឯក្រុមអាជីវករមួយចំនួនទៀត ស្នើដល់អាជ្ញាធរខណ្ឌ ធ្វើយ៉ាងណាជួយរៀបរយផ្លូវ ព្រោះក្រុមអាជីវករ​ផ្សេង​ទៀត បានយកឥវ៉ាន់ មកលក់ស្ទើរពេញផ្លូវ អស់ទៅហើយ។ អាជីវករខ្លះ លក់នៅពីមុខផ្ទះអាជីវករខាងក្នុង រក​ច្រកចូលទៅទិញ សឹងតែគ្មានទៅហើយ។ ម្យ៉ាងទៀត ក្រុមអាជីវករទាំងនោះ បានរអ៊ូរទៀតថា ជារៀងរាល់​ថ្ងៃ​នេះ ពួកគាត់លក់មិនចាច់ទាល់តែសោះ ព្រោះតែគ្មានផ្លូវសម្រាប់អ្នកទិញ ចូលទៅទិញ។

អាជីវករភាគច្រើនពីក្នុងចំណោមនោះ ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំផ្សារដែរ ថាត្រូវតែធ្វើការយោគយល់ ហើយមិនត្រូវតម្លើងថ្លៃតូបនោះឡើយ ដោយហេតុថា ក្នុងពេលបច្ចុប្បន្ន មានតូបមួយចំនួនធំ កំពុងរងនូវ​ការ​បិទ​ទ្វា។ ជាពិសេសទៅទៀត នៅក្នុងទីផ្សារមួយ គេចាំបាច់ត្រូវរៀបចំ ធ្វើអនាម័យឲ្យបានស្អាត និងរហ័ស ឲ្យ​ដូច​ពេលដែលថ្នាក់ដឹកនាំទាំងនោះ មក«យកលុយ»នោះផង។

សម្រាប់លោក លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក មិនបានខ្វល់ទៅលើក្រុមការងាររបស់លោក ដែលបានដើរយកលុយ ឬកំណត់ថ្លៃលើទីតាំងណាមួយ ដែលតម្រូវឲ្យអាជីវករបង់នោះឡើយ។ តែផ្ទុយមកវិញ លោកបានរិះគន់លើក្រុមអាជីវករទាំងអស់ថា បានចូលរួមលាក់លៀម ជាមួយក្រុមយកភាស៊ីទាំងនោះ តាម​រយៈការសរសេរក្នុងសៀវភៅ ថា«ត្រឹមត្រូវតាមសៀវភៅបន្ទុក»។

លោកបានវាយតម្លៃថា ទាំងនេះជាមូលហេតមួយ ដែលបានបិទបាំងនូវកំហុសអ្នកវិនិយោគ និងក៏មិនអាច​ឲ្យ​លោក ស្វែងរកចាប់កំហុសគេ បាននោះដែរ។ លោកនិយាយទៀតថា៖ «ខ្ញុំប្រាប់ត្រង់ថា ខ្ញុំមិនដែលបានទទួល​លុយ​មួយរៀលខ្មែរ ពីក្រុមប្រមូលភាស៊ីទាំងនោះទេ។ ខ្ញុំមិនទទួលដាច់ខាត សុំតែឲ្យមានការធ្វើតាមសៀវភៅ​បន្ទុកបានហើយ។»

ចំពោះការទិញលក់ នៅលើទ្រូងផ្លូវ ដែលត្រូវបានធ្វើកន្លងមក មិនត្រូវបានលោក ឯក ឃុនដឿន ទទួល​ស្គាល់​នោះទេ។ លោកពន្យល់ថា បើអាជីវករលក់ទិញផ្លូវពីអ្នកណា ត្រូវស្វែរកអ្នកនោះមកដោះស្រាយ។ លោកមិន​អាច​ធ្វើការដោះស្រាយបានទេ ព្រោះលោកមិនមែនជាអ្នកលក់ឡើយ។ លោកបានបន្តថា ផ្សារដើមគរ ជាផ្សារ​មួយត្រូវបានដាក់បញ្ចូល ជាផ្សារគំរូសម្រាប់ខណ្ឌទួលគោក ទាក់ទង់នឹងអនាម័យ ហេដ្ឋារចនាសម្ព័ន្ធ ការ​គ្រប់​គ្រង ការធ្វើចរាចរលើបណ្តោយផ្លូវមួយចំនួន ជុំវិញផ្សារជាដើម។

សេចក្តីជូនដំណឹងមួយ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ថ្មីៗនេះ របស់អភិបាលខណ្ឌទួលគោកស្តីទី លោក ប៉ាង លីដា ធ្វើទៅកាន់ថ្នាក់គ្រប់គ្រង និងអាជីវករផ្សារដើមគរទាំងអស់ បានប្រកាសបដិសេធ មិនទទួលស្គាល់​លោក ចាន់ សុខុម ហៅឡេង ដែលជាអ្នកប្រមូលលុយសណ្តាប់ធ្នាប់ជុំវិញផ្សារដើមគរ ចាប់​ពីថ្ងៃចុះ​ហត្ថលេខា​តទៅ។

ឯលោក កើត ស៊ីវិនី ដែលជាប្រធានផ្សារដើមគរនោះ មិនបានផ្តល់កិច្ចសម្ភាសណាមួយ ទៅឲ្យអ្នក​សារព័ត៌មាន​ទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...