ហេតុអ្វី​យុវជន​មិន​សូវ​ខ្វល់​ពី​បញ្ហា​ដី​ធ្លី នៅ​កម្ពុជា?

វេទិការយុវជនមួយ ត្រូវបានរៀបចំឡើង ក្រោយកិច្ចសហការរវាង ក្រុមអង្គការសង្គមស៊ីវិល បានសហការ​ជា​មួយ​នឹង​រដ្ឋាភិបាល ដើម្បី​លើកកម្ពស់ចំណេះដឹងសីលធម៌ និងការចូលរួមរបស់យុវជន ក្នុងការកាត់​បន្ថយ​បញ្ហា​ដី​ធ្លី និងលំនៅដ្ឋាន ដែលមានរយៈពេលមួយថ្ងៃពេញ នៅថ្ងៃទី ២៧ ខែតុលានេះ។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៧ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 28, 2014
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បញ្ហាដីធ្លី និងលំនៅដ្ឋាន ជា​បញ្ហា​ក្តៅ​ដែល​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​នៅ​ក្នុង​រាជធានី ទីប្រជុំ​ជន និង​​នៅ​ជនបទ។ បញ្ហា​ដី​ធ្លី បាន​កើត​ឡើង​តាម​រយៈ ការ​វិនិយោគ​ទុន នៅ​ក្នុង​រូបភាព​ជា​ដី​សម្បទាន ឫ​គំរោង​អភិវឌ្ឍន៍ និង​ការ​ចាប់​យក​ដី ហើយ​វា​បាន​ប្រែ​ក្លាយ ទៅ​ជា​បញ្ហា​មុត​ស្រួច ដែល​បាន​នាំ​ឲ្យ​មាន​ជំលោះ​ដី​ធ្លី ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

នេះជាការលើកឡើង របស់​វាគ្មិន​នៅ​ក្នុង​វេទិការ កាល​ពី​ថ្ងៃ​ទី ២៧ ខែ​តុលា​នេះ ស្ដី​ពី​ចំណេះ​ដឹង​សីលធម៌ និង​ការ​ចូលរួម​របស់​យុវជន ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​ដី​ធ្លី និង​លំនៅ​ដ្ឋាន ដែល​មាន​យុវជន​ចូល​រួម​ជាង ២០០នាក់។ យុវជន​ទាំង​នោះ ភាគ​ច្រើន​សុទ្ធ​សឹង​ជា​យុវជន​សកម្ម​ក្នុង​សង្គម និង​ជា​យុវជន​ដែល​ចង់​ដឹង ចង់​ឮ​អំពី​បញ្ហា​ជម្លោះ​ដី​ធ្លី និងចង់​បញ្ចេញ​មតិ ក្នុង​ការ​រក​វិធី​សាស្រ្ត​ដោះ​ស្រាយ បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​កម្ពុជា។

លោក ប៉ែន សុមន្នី នាយកប្រតិបត្តិនៃអង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS) បានថ្លែងថា បច្ចុប្បន្នការចូលរួម​របស់​យុវជន មិនបានផុសផុលនៅឡើយទេ កត្តានេះ បានកើតឡើងដោយសារយុវជនខ្លួនឯង ទស្សនៈ​របស់​ចាស់ៗ ហើយយុវជនមិនសូវចាប់អារម្មណ៍ ទាក់ទងនឹងបញ្ហារបស់សង្គម ឫបញ្ហាដីធ្លី ដែលកំពុងកើតមាន​ក្នុង​សហគមន៍របស់ខ្លួនទេ។

ចំណែកឯលោក តឹក វណ្ណរ៉ា នាយកប្រតិបត្តិវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាល បានលើកឡើងថា យុវជនគឺ​ជាកំលាំងស្នូល នៃការអភិវឌ្ឍន៍ប្រទេសជាតិ ហើយកន្លងមក យុវជនបានចូលរួមខ្លះហើយ ទាក់ទងនឹង​ការ​ដោះស្រាយបញ្ហាលំនៅដ្ឋាន។ កន្លងមក យុវជនមិនសូវបានចូលរួមសកម្មភាព ក្នុងបញ្ហាដីធ្លី ឫបញ្ហាសង្គម គឺ​បណ្តាលមកពីកត្តាខ្វះខាតព័ត៌មាន និងទាក់ទងនឹងការបើកចំហរការចូលរួម ក្នុងសកម្មភាពសង្គមផ្សេងៗ។

លោកបានបន្តទៀតថា៖ «នៅពេលដែលយុវជន បានទទួលព័ត៌មាន មានន័យថា គាត់អាចចូលរួមក្នុងការ​ដោះ​ស្រាយ អាចចូលរួម ក្នុងការតាមដានត្រួតពិនិត្យ ទៅលើគំរោងអភិវឌ្ឍន៍ធំៗ ដែលធ្វើឲ្យប៉ះពាល់ដល់បញ្ហាដីធ្លី និងលំនៅដ្ឋាន។ អញ្ចឹងគាត់អាចចូលរួមចំណែក អាចផ្តល់ជាការងារបច្ចេកទេស អាចជាមតិយោបល់អាច​ជា​កំលាំង ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា។» ហើយប្រសិនជា​យុវជន មិនបានទទួលនូវព័ត៌មានពីរដ្ឋាភិបាល យុវជននឹងបាត់បង់នៅលំហូរព័ត៌មាន និងមិនបានចូលរួមយ៉ាង​សកម្ម​នៅក្នុងសង្គមឡើយ។

ចំណែកឯយុវជន ឌីម សុផល ជានិស្សិតឆ្នាំទី ១ នៃសាកលវិទ្យាល័យភូមិន្ទ និតិសាស្ត្រ និងវិទ្យាសាស្ត្រ​សេដ្ឋកិច្ច បានលើកឡើងថា បញ្ហាជំលោះដីធ្លី មានជាច្រើនកន្លែង ហើយព័ត៌មាននេះមិនសូវ​ទូលំទូលាយ​ប៉ុន្មាន​ទេ នៅតាមទីជនបទ។ យុវជនរូបនេះ​បានបន្តទៀតថា ខ្លួនចង់ឲ្យរដ្ឋាភិបាល ជួយពង្រឹងការផ្សព្វផ្សាយ​បញ្ហានេះទៅតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យមានការរីកចំរើនជាងនេះទៀត។

គួរបញ្ជាក់ថា រឿងបញ្ហាដីធ្លីនៅមិនទាន់មានដំណោះស្រាយណាមួយ ជាក់លាក់នៅឡើយ ពីព្រោះបញ្ហានេះ មានជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាចធំៗ ដែលបង្កជាបញ្ហាជាប់ស្រេះ មិនងាយនឹងដោះស្រាយបាន ហើយ​ជាពិសេសមានពាក់ព័ន្ធ នឹងនយោបាយដែលធ្វើឲ្យបញ្ហា កាន់តែមានភាពពិបាក ទ្វេឡើងថែមទៀត។

បើតាមសម្តីលោក សរ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា ផែនការដោះស្រាយបញ្ហាដីធ្លីចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣ នឹងទួលបានលទ្ធផល ៧០ ភាគរយ។ លោក​បានបញ្ជាក់ទៀតថា៖ «អ្វីដែលយើងធ្វើនេះ គឺទៅតាមសមត្ថភាព និងអ្វីដែលយើងមាន ប៉ុន្តែបើយើងមាន​សមត្ថភាព​ច្រើន ហើយយើងមានលទ្ធភាពច្រើន យើងអាចពង្រួញវាឲ្យកាន់តែខ្លី។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...