រឿន កុសល៖ នួន ជា និង ខៀវ សំផន ជា​ឃាតករ​សិប្បនិមិត្ត​ មក​ទទួល​ទោស​ជំនួស​គេ

ដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿង០០២/០១ នៃសាលាក្តីដែលកំពុងកាត់ក្ដីលើមេដឹកនាំខ្មែរក្រហម បាន​ចេញ​មុខ​ធ្វើ​កូដកម្ម ដោយចោទប្រកាន់ តុលាការកូនកាត់មួយនេះ ថាកំពុងបង្កើតភាពអយុត្តិធម៌ ដល់ជនជាប់ចោទ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 27, 2014
  • ប្រធានបទ: ខ្មែរក្រហម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គិតស្មានមិនដល់ ​ព្រោះ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប ដែល​បាន​ប្ដឹង​ប្រឆាំង​​នឹង​អ្នក​ទទួល​ខុស​ត្រូវ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បែរ​ជា​ចេញ​មុខ​ធ្វើ​កូដកម្ម ការពារ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ទៅ​វិញ។

កូដករលោក រឿន កុសល ដែល​សម្រេច​ចិត្ត​ធ្វើ​កូដកម្ម​រយៈ​ពេល​ពីរ​ថ្ងៃ បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា លោក​បដិសេធ និង​ប្រឆាំង​ចំពោះ​មេធាវី និង​សហមេធាវី​អន្តរជាតិ ដែល​មិន​អនុញ្ញាតិ ឲ្យ​លោក​ធ្វើការ​ប្តឹង​សារ​ទុក្ខ ទៅ​តុលាការ​កំពូល ក្នុង​សំណុំ​រឿង ០០២/០១ ដែល​លោក​យល់​ថា មាន​ភាព​អយុត្តិធម៌។ លោក​ថ្លែង​ទៀត​ថា នោះ​ជា​ដំណើរ​រឿង​ប្រឌិត​មួយ ដែល​បាន​បង្កើត​នូវ​ភស្តុតាង​នានា ដើម្បី​ដាក់​ទោស ទៅ​លើ​ឃាតករ​សិប្បនិម្មិត ឲ្យ​មក​ទទួល​ទោស​ជំនួស​គេ។

អង្គុយ​កណ្តាល​ទី​លាន​ប្រជាធិបតេយ្យ​តែម្នាក់ឯង នាព្រឹកថ្ងៃទី២៧ ខែតុលានេះ ជាមួយនឹងបដាជាច្រើន​ផ្ទាំង​នោះ លោកបានបន្ថែមថា លោកមានភាពខ្លាចរអា ចំពោះសកម្មភាពដែលលោកកំពុងធ្វើ ដែលអាចប្រឈម​ទៅនឹងការ​ចាប់ខ្លួនលោក ពីសំណាក់អាជ្ញារមានសមត្ថកិច្ច។ តែអ្វីដែលបង្ខំចិត្តលោកឲ្យធ្វើដូច្នេះ ព្រោះលោក​មានឯកសារ និងភស្តុតាង និងសាក្សីរស់ជាច្រើន ដែលអាចបញ្ជាក់ថា តុលាការមួយនេះកំពុង បង្ហាញនូវ​ភាព​អយុត្តិធម៌ ដល់ជនជាប់ចោទ ដូចជាលោក នួនជា និងលោក ខៀវសំផនជាដើម។

ក្នុងបដាជាច្រើនផ្ទាំង ដែលសរសេរតាំងនាមជាជនរងញគ្រោះ ក៏ដូចជាដើមបណ្តឹងរដ្ឋប្បវេណីម្នាក់នោះ ជា​ភាសា​ខ្មែរ និងភាសាអង់គ្លេស សំដៅដល់តុលាការខ្មែរក្រហម មានន័យជាអាថ៌ថា៖ «តុលាការអើយ!​ឈប់​បោកប្រាស់គេទៅ។ (...) នួន ជា និង ខៀវ សំផន ជាឃាតករសិប្បនិម្មិត។ (...) អ្នកជម្លៀសគ្រួសារខ្ញុំ មិនមែន នួន ជា និងខៀវ សំផន ទេ។ គឺវៀតកុង។»

លោកបន្តថា ក្នុងពាក្យបណ្តឹងសារទុក្ខរបស់លោក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ មិនសុខចិត្ត ចំពោះ​តុលាការ​កូនកាត់មួយនេះ ដែលមានមេធាវី និងសហមេធាវី ដែលបដិសេធថា លោកមិនមានសិទ្ធិ​ក្នុង​ការ​ប្តឹង​សាទុក្ខ ដែលបញ្ជាក់ពីភាពគ្មាន ឬមានទោស របស់ជនជាប់ចោទឡើយ។ មានសិទ្ធិត្រឹមតែសំណងផ្លូវចិត្ត និង​សំណងសមូហភាពប៉ុណ្ណោះ។ លោកនិយាយថា៖ «សំណងផ្លូវចិត្តក៏ដោយ សំណងសមូហភាពក៏ដោយ ត្រូវ​តែ​យកអ្នកប្រព្រឹត្តផ្ទាល់មកទទួលទោស។ មិនមែនឲ្យ ខៀវ សំផន និង នួន ជា ជាអ្នកសងទេ ព្រោះគាត់មិន​មែន​ជាអ្នកប្រព្រឹត្តិ។ ខ្ញុំចង់ដាក់ភស្តុតាងបង្ហាញសវនាការ។»

លោកចាត់ទុកថាតុលាការមួយនេះ កំពុងបំភ្លៃអង្គហេតុ និងអង្គច្បាប់ ព្រោះសម្រាប់រូបលោកផ្ទាល់​យល់​ឃើញ​ថា៖ «ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មិនមែនជារបប្រល័យពូជសាសន៍ទេ ហើយក៏មិនមែនជាសកម្មភាព​ឧក្រិដ្ឋកម្ម​សង្គ្រាម ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែរ តែជាអំពើដែលឈ្លានពាន និងការប្លន់ព្រទ្យសម្បត្តិ​ប្រជា​ពលរដ្ឋ​កម្ពុជា ជាមួយនឹងការសម្លាប់រង្គាល ដើម្បីបង្ខំជនជាតិខ្មែរឲ្យធ្វើជារណបនយោបាយ យួន​កុម្មុយនីស​ឥណ្ឌូចិន។»

យ៉ាងណាក៏ដោយលោកអះអាងថា លោកនឹងនៅរង់ចាំការកោះហៅរបស់តុលាការកូនកាត់មួយនេះ រួមទាំង​ការផ្តល់នូវឯកសារនានា ភស្តុតាង និងសាក្សីដែលពាក់ព័ន្ធតាមផ្លូវច្បាប់ ចំពោះមុខតុលាការ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់ស្វែងរកប្រតិកម្មបញ្ជាក់ ពីករណីនៃពាក្យបណ្តឹងសារទុក្ខ និងការ​ធ្វើ​កូដកម្មរបស់លោក រឿន កុសល ពីសាលាក្ដីខ្មែរក្រហមបាននៅឡើយ។

គួរបញ្ជាក់ផងដែរថា សំណុំរឿង០០២ ជាសំណុំរឿងមួយដ៏ធំ ហើយមានជនរងគ្រោះមិនតិចជាងបួនពាន់នាក់ បានដាក់ពាក្យបណ្តឹងមកសាលាក្តីខ្មែរមួយនេះ រហូតមកដល់ថ្ងៃចុងបញ្ចប់ នៃការទទួល​ពាក្យបណ្តឹងរបស់​ដើមបណ្តឹងរដ្ឋប្បវេណី កាលពីថ្ងៃ៣០ មិថុនា ឆ្នាំ២០១០ កន្លងទៅ។ សំណុំរឿង០០២ នៅសល់ជនជាប់ចោទ​ចាស់ជរាពីររូប គឺនួន ជា និងខៀវសំផន ដែលសុទ្ធសឹងជាអតីតអ្នកទទួលខុសត្រូវជាន់ខ្ពស់ នៃរបបខ្មែរ​ក្រហម​ពីឆ្នាំ១៩៧៥ មកទល់ឆ្នាំ១៩៧៩។ នួន ជា និង ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះសាលាដំបូង របស់សាលាក្តី​ខ្មែរក្រហម សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...