រ៉ូណាល់ឌីញ៉ូ ចេញក្បាច់ការ៉ាតេទាត់ក្បាលកីឡាករ ជំនួសបាល់ទាត់ (vdo)
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៦ តុលា ២០១៤
- កែប្រែចុងក្រោយ: October 27, 2014
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករជាតិប្រេស៊ីល រ៉ូណាល់ឌីញ៉ូ ដែលមានអាយុ៣៤ឆ្នាំទៅហើយ លែងជាចំណាប់អារម្មណ៍របស់ក្រុមកីឡានានា នៅតំបន់អ៊ឺរ៉ុបទៀតហើយ បើទោះជាកីឡាកររូបនេះ ធ្លាប់ជាតារាល្បីឈ្មោះ ដែលធ្លាប់រះយ៉ាងត្រដែតត្រដឹម ក្នុងចុងទស្សវត្តន៍ ឆ្នាំ៩០ និងនៅដើមទស្សវត្តន៍ឆ្នាំ២០០០នោះក៏ដោយ។ ជាពិសេសអ្នកដែលស្នេហាវិស័យបាល់ទាត់ ក្នុងជំនាន់ថ្មី ទំនងជាបានភ្លេចឬមិនទាំងស្គាល់កីឡាកររូបនេះ ថែមទៀតផង។
ប៉ុន្តែកីឡាករខ្សែប្រយុទ្ធដ៏ជំនាញរូបនេះ នៅរកបានក្រុមមួយទៀតឈ្មោះ កឹរ៉េតារ៉ូ (Queretaro) ក្នុងប្រទេសម៉ិចស៊ិក ដើម្បីបន្តអាជីពរបស់ខ្លួន ហើយថែមទាំងបានបញ្ចេញសកម្មភាព ដើម្បីទាក់ទាញចំណាប់អារម្មណ៍គេឯងនោះទៀត។ ក្នុងពេលជួបប្រកួតជាមួយក្រុម អាមេរីខា (Club America) កាលពីថ្ងៃអាទិត្យ រ៉ូណាល់ឌីញ៉ូ កីឡាករខ្ញីចាស់យើង ដែលត្រូវបានគេផ្ដល់រហស្សនាមក្នុងស្រុក ថាជា«ស្វាប្រេស៊ីល» បានទទួលយកបាល់ពីខ្សែបម្រើរបស់ខ្លួន ដោយលើកជើងស្ដាំរបស់ខ្លួនខ្ពស់ហួសប្រមាណ ហើយបានគ្រវាសជើងនេះមួយទំហឹង ទៅចំមុខកីឡាករប្រជែង បណ្ដាលការប៉ះទង្គិចមួយកើតឡើង។
ការលើកជើងហួសប្រមាណ ហើយបង្កគ្រោះឲ្យកីឡាករប្រជែងបែបនេះ អាចទទួលបានកាតលឿង (ឬកាតក្រហមផង បើកីឡាកររងគ្រោះ មានរបួស) ប្រសិនជាកីឡាករ រ៉ូណាល់ឌីញ៉ូ ទាត់ឲ្យក្រុមណាមួយ ក្នុងទ្វីបអ៊ឹរ៉ុប។ ប៉ុន្តែអាជ្ញាកណ្ដាល នៅក្នុងការប្រកួតនេះ គ្រាន់តែបានផ្លុំកញ្ចែ ឲ្យទាត់បាល់ពិន័យធម្មតាប៉ុណ្ណោះ។ រីឯកីឡាកររងគ្រោះវិញ បែរជាងាកមកចាប់ដៃជាមួយ តារាបាល់ទាត់ខ្ញីចាស់ បើទោះជាខ្លួននៅកំពុងឈឺមុខ ព្រោះរងក្បាច់ទាត់ នៃសន្ទុះជើងឥតប្រណីនេះក៏ដោយ៕