៤ មូលហេតុធំៗ ដែលធ្វើឲ្យប្រេស៊ីលចាញ់អាល្លឺម៉ង់
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៨ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 09, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទទួលគ្រាប់បាល់ពីក្រុមអាល្លឺម៉ង់ ដូចទឹកបាក់ទំនប់ (៧-១) ក្រុមបាល់ទាត់ជម្រើសជាតិ ប្រេស៊ីល បានបិទបញ្ចប់ក្ដីស្រម័យរបស់ខ្លួន ក្នុងការឈានទៅដណ្ដើមពានរង្វាន់ បាល់ទាត់ពីភពលោក ឆ្នាំ២០១៤នេះ ជាស្ថាពរ នៅក្នុងផ្ទះខ្លួនឯង។ ការជម្រុះចេញ ពីបេក្ខភាពក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយក្រុមអាល្លឺម៉ង់នេះ ត្រូវបានអ្នកវិភាគបាល់ទាត់ រកឃើញមូលហេតុ«ស្លាប់រស់» របស់ក្រុមប្រេស៊ីល ថាមានចំនួន៤។
កីឡាករ ទីចាហ្គូ ស៊ីលវ៉ា ត្រឡប់ចូលមកលួងលោម ដាវីដ ល្វី វិញ បន្ទាប់ពីបញ្ចប់ការប្រកួត។ (រូបថត AFP)
១- អត់កីឡាករ ណីម៉ា (Neymar) មិនបាន !
ការប្រកួតទាំងឡាយ ដែលរុញក្រុមប្រេស៊ីល មកដល់វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រនេះ គឺដោយសារគ្រាប់បាល់ទាំងបួន របស់កីឡាករ ណីម៉ា ដែលបានទាត់បញ្ចូលទីគូរប្រកួត ក្នុងពេលកន្លងមក។ ប៉ុន្តែនៅក្នុងការប្រកួតលើកមុន ជាមួយក្រុមកូឡំប៊ី កីឡាករខ្សែប្រយុទ្ធមួយរូបនេះ ត្រូវបានធ្វើឲ្យរងរបួសខ្នងយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ជង្គង់ហោះរបស់កីឡាករជាតិកូឡំប៊ីម្នាក់។ ដូច្នេះហើយ ណីម៉ា ចាំបាច់ត្រូវចូលទៅព្យាបាលខ្លួន នៅមន្ទីរពេទ្យ ហើយខានលែងបានចូលប្រកួត ជាមួយក្រុមជម្រើសជាតិរបស់ខ្លួនតទៅទៀត។
គ្មាន ណីម៉ា ក្រុមប្រេស៊ីលអស់ស្លាបហោះ និងគ្មានមធ្យោបាយដើម្បីទម្លុះ ខ្សែការពារដ៏រឹងមាំរបស់អាល្លឺម៉ង់ បានសូម្បីបន្ដិច។ ខ្សែប្រយុទ្ធប្រេស៊ីល កីឡាករ ហ្វ្រេដ (Fred) ដែលមកជំនួស ណីម៉ា តែងតែធ្វើឲ្យបាល់ខូច ជានិច្ចជាកាល នៅពេលបាល់បានឡើងទៅដល់មុខទីរបស់អាល្លឺម៉ង់។
២- យុទ្ធសាស្ត្របាល់ គ្មានជាតិ និងគ្មានអ្វីថ្មី
កាលពីឆ្នាំ២០០២ ដែលប្រេស៊ីលក្លាយជាម្ចាស់ ពានរង្វាន់ពិភពលោក នៅពេលនោះ ក្រុមជម្រើសជាតិនៃប្រទេសនេះ មានកីឡាករដែលមានថ្វីជើងជាច្រើន ជាពិសេសកីឡាករខ្សែប្រយុទ្ធ ដូចជា រ៉ូណាល់ដូ (Ronaldo) រីវ៉ាដូ (Rivaldo) កាកា (Kaka) និងរ៉ូណាល់ឌីញ៉ូ (Ronaldinho)។ នៅពេលនោះ យុទ្ធសាស្ត្របាល់របស់គ្រូបង្វឹកប្រេស៊ីល លោក ហ្វីលីព ស្កូឡារី (Felipe Scolari) បានរៀបពង្រឹកយកតែមែនទែន ខាងខ្សែការពារ។ តែនៅឆ្នាំនេះ គ្រូបង្វឹករូបនេះ នៅតែប្រកាន់យកយុទ្ធសាស្ត្របាល់ របៀបនេះដដែលទៀត ដោយមានកីឡាករដ៏រឹងមាំនៅខ្សែការពារមាន ទីចាហ្គូ ស៊ីលវ៉ា (Thiago Silva) និងដាវិដ ល្វី (David Luiz) ហើយទុកឲ្យខ្សែប្រយុទ្ធ ទៅឲ្យតែកីឡាករស្រួច ណីម៉ា តែម្នាក់ប៉ុណ្ណោះ។
ដោយអស់កីឡាករសំខាន់ៗ (ទីចាហ្គូ ស៊ីលវ៉ា និង ណីម៉ា) បានធ្វើឲ្យក្រុមប្រេស៊ីល ហាក់បីដូចគ្មានអ្វីសោះ ទាំងខែល ទាំងលំពែង ហើយចូលទៅប្រកួត ទល់នឹងក្រុមអាល្លឺម៉ង់ ដែលពោរពេញដោយថាមពល។
៣- ខ្វះទាំងកីឡាករជំនួស
មិនត្រឹមតែអស់ពី ណីម៉ា ឬពីទីចាហ្គូ ស៊ីលវ៉ា ប៉ុណ្ណោះទេ ក្រុមប្រេស៊ីលថែមទាំងគ្មានកីឡាករជំនួស ដើម្បីផ្លាស់ប្ដូរខ្យល់បាល់នោះថែមទៀត។ កីឡាករប្រេស៊ីល មានប៉ុន្មាននៅលើទីលាន បានប្រកួតរហូតទាល់តែដាច់ខ្យល់ និងរហូតដល់អាជ្ញាកណ្ដាល ផ្លុំកញ្ចែបញ្ចប់ការប្រកួត បើទោះជាដឹងថា កីឡាករទាំងប៉ុន្មាននេះធ្វើក្រុមអាល្លឺម៉ង់មិនរង្គើហើយនោះក៏ដោយ។
៤- សម្ពាធ
បើទោះជាបានឡើងមកដល់វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រក៏ពិតមែន ប៉ុន្តែគេក៏ត្រូវគិតថា ក្រុមបាល់ទាត់របស់ប្រទេសម្ចាស់ផ្ទះមួយនេះ រងនូវសម្ពាធមិនតិចទេ ពីសំណាក់មជ្ឈដ្ឋាននានា ជាពិសេសពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីល។ ការឡើងមកធ្វើជាប្រធានក្រុម របស់កីឡាករ ដាវីដ ល្វី ជាហេតុការណ៍មួយ ដែលកីឡាកររូបនេះ មិនសូវចង់បានប៉ុន្មានទេ។
តើគេត្រូវឲ្យកីឡាករ មានក្បាលគិតពីការប្រកួតយ៉ាងដូចម្ដេចកើត បើខ្លួនកីឡាកររួមរឹតទៅដោយចំណង ចងជាប់ជុំជិតនោះ? ករណីនេះ បានបញ្ជាក់យ៉ាងច្បាស់ នៅបន្ទាប់ពីក្រុមអាល្លឺម៉ង់ បានព្រលែងគ្រាប់បាល់ទី២របស់ខ្លួន ចូលទីរបស់ក្រុមប្រេស៊ីល ធ្វើឲ្យកីឡាកររបស់ក្រុមម្ចាស់ផ្ទះ ហាក់ដូចជាវង្វេងវង្វាន់ លែងដឹងក្រឡាបាល់ លែងដឹងត្រូវឈរទប់បាល់ កន្លែងណាទៀត ក្រៅតែពីទុកឲ្យក្រុមអាល្លឺម៉ង់ ព្រលះរហូតដល់៥គ្រាប់ផ្ទួនៗ។
បន្ទាប់ពីត្រូវបានអាល្លឺម៉ង់ លុត ក្នុងពិន្ទុចុងក្រោយ ៧-១ នោះមក ទឹកភ្នែកហូររបស់កីឡាករ ដាវីដ ល្វី នឹងបង្ហាញកាន់តែច្បាស់ឡើង ពីអ្វីដែលកីឡាករខ្លួនឯងទទួលរងទំនប់ថ្មបាក់ និងពីអារម្មណ៍ដែលមាននៅក្នុងខ្លួនកីឡាករ។ ប៉ុន្តែសម្រាប់ប្រវត្តិបាល់ទាត់ របស់ប្រទេសប្រេស៊ីល ទាំងរូបភាពយំស្រែក ទាំងលទ្ធផលដ៏អាម៉ាសនេះ នឹងត្រូវចារជាប់ជារៀងតទៅ នៅគ្រប់ជំនាន់ក្រោយៗទៀត៕