អ៊ឺរ៉ូ២០១៦៖ ក្រុម​បីសាច​ក្រហម រស់​ពេញ​រាជា​ណាចក្រ​ប៊ែលហ្សិក

ក្រុមជម្រើសជាតិប៊ែលហ្សិក ដែលមានរហស្សនាម តាមនិមិត្តសញ្ញារបស់ខ្លួន ជា«បីសាច​ក្រហម»​នោះ បាន​បង្ក្រាប​ក្រុម​ហុងគ្រី ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​កណ្ដាល​​យប់​ថ្ងៃ​អាទិត្យ ម្សិល​ម៉ិញ​នេះ។ ជាមួយនឹង​គ្រាប់បាល់ ៤ទល់​នឹង​សូន្យ ក្រុម​«បីសាច​ក្រហម» កំពុងងើប​ពី​ថាន​នរក មក​រស់នៅ​​ពាសពេញ​រាជាណាចក្រ ប៊ែលហ្សិល។ នេះ គេនៅ​មិន​ទាន់​រាប់ បណ្ដា​ជន​ប៊ែលហ្សិក ដែល​មក​គាំទ្រ​ក្រុម​បាល់ទាត់​របស់​ពួកគេ​ផ្ទាល់ នៅ​ក្នុង​ប្រទេស​បារាំង​នោះ​ផង។
អ៊ឺរ៉ូ២០១៦៖ ក្រុម​បីសាច​ក្រហម រស់​ពេញ​រាជា​ណាចក្រ​ប៊ែលហ្សិក
កីឡាករ មីស៊ី បាតស៊ូយី លោតត្រឡប់ខ្លួន បន្ទាប់ពីរកគ្រាប់បាល់បាន នៅនាទីទី ៧៨។ (រូបថត UEFA)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៦ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 27, 2016
  • ប្រធានបទ: អ៊ឺរ៉ូ ២០១៦
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅយប់ថ្ងៃអាទិត្យម្សិលម៉ិញ នៅចំពោះក្រុមហុងគ្រី ដែលគេអាចចាត់ទុកថា ជាក្រុមគ្រាន់បើដែរនោះ ក្រុម​កីឡាករ​​ជម្រើសជាតិប៊ែលហ្សិក ដែលមានរហស្សនាម តាមនិមិត្តសញ្ញារបស់ខ្លួន ជា«បីសាចក្រហម» បាន​ប្រមូល​គ្នា​ងើប​ពីថាននរក ចេញមកតថ្លៃ​ពេញព្រះរាជាណាចក្រ (ប៊ែលហ្សិក) ដោយបាន​បង្ក្រាប​ក្រុម​មួយ​នេះ ងើប​​មុខ​​មើល​​មេឃ​​លែង​រួច ក្នុងពិន្ទុ៤ទល់នឹងសូន្យ។

បើនិយាយរំលឹកឡើងវិញ គឺតាំងពីច្រើនខែកន្លងមក ដែលក្រុមជម្រើសជាតិប៊ែលហ្សិក ឬក្រុម«បីសាចក្រហម» តែងទទួលបាន​ការកោតសរសើរ មិនដាច់សូរ ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងពីបណ្ដាអ្នកប្រើប្រាស់​បណ្ដាញ​សង្គម នៅ​ប៊ែលហ្សិក ដោយពួកគេយោងទៅលើចំណាត់ថ្នាក់ដ៏កំពូល របស់ក្រុមនេះ នៅក្នុងតារាងចាត់​ចំណាត់​ថ្នាក់ របស់​សហព័ន្ធ​បាល់ទាត់ពិភពលោក (FIFA)។

តែបន្ទាប់ ពីប្រកួតចាញ់ក្រុមជម្រើសជាតិអ៊ីតាលី នៅក្នុងជុំទីមួយ នៃវគ្គជម្រុះ ដោយពិន្ទុពីរទល់​នឹង​សូន្យ​នោះ​មក ការ​រិះគន់ដ៏ខ្លាំងក្លា​បានកើតឡើងគ្របសង្កត់ ពីលើក្រុម«បីសាចក្រហម» ដោយបានវាយតម្លៃពី​អសមត្ថភាព ទាំងទៅលើគ្រូបង្វឹក និងក្រុមកីឡាករ។ ពួកគេបានរិះគន់ថា កីឡាករដ៏សំខាន់ៗរបស់​ក្រុម​ប៊ែលហ្សិក សុទ្ធ​តែ​កំពុង​ទាត់​ឲ្យ​ក្រុមធំៗ ជាច្រើននៅក្នុងប្រទេសអង់គ្លេស ដែលគ្រប់ទិសទីនៃពិភពលោក សុទ្ធ​តែ​ស្គាល់​ពួក​គេ។ ផ្ទុយ​ទៅ​វិញ កីឡាករទាំងនេះ មិនអាចមកទាត់រួមគ្នាឲ្យបានល្អ នៅក្នុងក្រុមជម្រើស​ជាតិនោះ​ឡើយ។

បើសូម្បីគ្រូបង្វឹក របស់ក្រុមប៊ែលហ្សិក លោក «Marc Wilmots» ក៏បានប្រតិកម្មតបវិញ ពីការរិះគន់ទាំងនោះ ដោយ​បានថ្លែងឡើងថា៖ «រឿងទាំងនេះ មិនបានរំខានអ្វីដល់ខ្ញុំទេ តែបានប៉ះពាល់ខ្លាំង ទៅដល់គ្រួសារខ្ញុំ និង​អ្នក​នៅ​ជុំ​វិញ​ខ្ញុំ។ កូនខ្ញុំម្នាក់ចាំបាច់ត្រូវញ៉ាំថ្នាំ ដើម្បីរំងាប់អារម្មណ៍តក់ស្លុត របស់វា។»។

ដូច្នេះ ទាំងគ្រូបង្វឹក ទាំងក្រុមកីឡាករ មិនមានជម្រើសអ្វី ក្រៅពីបង្ហាញ«ថ្វីជើង»របស់ពួកគេ នៅលើទីលាន​ប្រកួត នៅក្នុងវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រនេះឡើយ ហើយនេះជាចម្លើយ ទៅនឹងការរិះគន់៖ ៤-០! ឆ្លងផុត ពីវគ្គ​នេះ​ទៅ ក្រុម​«បីសាចក្រហម» នឹងត្រូវទៅជួបក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ជាមួយក្រុមជម្រើសជាតិ វៀល្ស៍ (Wales) នៅ​យប់​ម៉ោង២១ ថ្ងៃសុក្រទី១ ម៉ោងក្នុងប្រទេសបារាំង នាពេល​ខាងមុខ ដែលត្រូវនឹងម៉ោង២ទៀបភ្លឺ ថ្ងៃ​សៅរ៍​ទី២ ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា ខែកក្កដា ឆ្នាំ២០១៦៕

--------------------

» ទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...