អ៊ឺរ៉ូ២០១៦៖ អាល្លឺម៉ង់ លត់ ស្លូវាគី លើស​ពី​ពិន្ទុ​៣-០

បើគ្រាន់តែចាញ់​ដោយពិន្ទុ៣ទល់នឹង០ វាអាចចាត់ទុកដូចជារឿងធម្មតា ដែលតែងកើតឡើង​នៅក្នុងពិភពបាល់ទាត់។ តែនេះ ក្រុមជម្រើសជាតិស្លូវាគី បាន​​រងការវាយលុកយ៉ាងចាស់ដៃ តាំងពីនាទីដំបូង និង​ឥត​ឈប់ឈរ ពី​​សំណាក់​​ក្រុម​អាល្លឺម៉ង់ ដែលកំពុងកាន់​ពាន់​បាល់ទាត់​​ពិភពលោក ឆ្នាំ២០១៤ នៅក្នុងដៃ​​នៅ​ឡើយ។
អ៊ឺរ៉ូ២០១៦៖ អាល្លឺម៉ង់ លត់ ស្លូវាគី លើស​ពី​ពិន្ទុ​៣-០
កីឡាករ «» របស់ក្រុមអាល្លឺម៉ង់លើកជើងដ៏ខ្ពស់របស់ខ្លួន ទាត់បាល់បញ្ចូលទី នៅនាទីទី៦៣។ (រូបថត UEFA)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៦ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 27, 2016
  • ប្រធានបទ: អ៊ឺរ៉ូ ២០១៦
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើគ្មានការទប់​-ទះ-ច្រានបាល់ចេញ ពីសំណាក់អ្នកចាំទីជាតិស្លូវាគី ឬការទាត់បាល់មិនចំគោលដៅល្អ ពី​សំណាក់​កីឡាករអាល្លឺម៉ង់មួយចំនួនទេនោះ ក្រុមស្លូវាគីប្រាកដជាត្រឡប់ទៅផ្ទះវិញ ជាមួយនឹងពិន្ទុចាញ់ យ៉ាង​ហោច ៥ទល់នឹងសូន្យ។

និយាយឲ្យខ្លី ឡើងមកដល់វគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រនេះ ក្រុមណាក៏ដូចក្រុមណាដែរ សុទ្ធតែមានគំនិតថា «បើ​ឯង​មិនចាញ់ គឺមានតែអញទេ ដែលចាញ់ ហើយចេញត្រឡប់ទៅផ្ទះវិញ»។ ជាពិសេសទៅទៀត ដូចជា​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ ដែលជាម្ចាស់ជើងឯក​ពិភពលោក ឆ្នាំ២០១៤មួយនេះ ប្រាកដជាមិនទុក​ឲ្យខ្លួន​ឯង​«ចាញ់» ហើយ​«ហាល​អាវ»​ត្រឡប់ទៅផ្ទះវិញ និងមិនទុកឲ្យស្រមោល នៃការប្រកួតចាញ់របស់ខ្លួន កាលពី​មួយ​ខែ​មុន (ជា​ការប្រកួតសាកល្បងកម្លាំង មុនចូលមកអ៊ឺរ៉ូ២៩១៦) ត្រឡប់មកវិញ​នៅក្នុងថ្ងៃនេះឡើយ។

គ្រាន់តែចាប់ផ្ដើមប្រកួតភ្លាម ក្រុមអាល្លឺម៉ង់បានវាយលុក និងរកគ្រាប់បាល់បាន តាំងពីនាទីទី៨ ដោយថ្វីជើងរបស់​កីឡាករ​ខ្សែ​ការពារ ឈ្មោះ «Boateng» ដែលនេះ ចាត់ទុកថា ដូចជាគ្រាន់តែក្ដៅសាច់ដុំ តែបន្តិចប៉ុណ្ណោះ។ នៅប្រាំ​នាទី​ក្រោយ​មកទៀត អាជ្ញាកណ្ដាល​បាន​ផ្លុំ​កញ្ចែ​ពិន័យ​ក្រុមស្លូវាគី ដោយឲ្យក្រុមអាល្លឺម៉ង់ទាត់បាត់១១ម៉ែត្រ តែ​សំណាង​ល្អ​ដែលកីឡាករចាំទី របស់ស្លូវាគី បានផ្ដួលខ្លួនទៅសង្គ្រោះ និងទះបាល់ពិន័យនោះ​ចេញទាន់។

ក្រុមស្លូវាគី មានឱកាសមួយចំនួនដែរ ដោយទាត់បាល់បញ្ជូនពីចំងាយ តែនៅចំពោះកីឡាករចាំទី «Neuer» ដ៏​ល្បី​ឈ្មោះរបស់ក្រុមអាល្លឺម៉ង់ គ្រាប់បាល់ទាំងនេះ គ្រាន់តែជា«សត្វមូស» មករអ៊ូនៅក្បែរត្រជៀកប៉ុណ្ណោះ។

ក្រុមអាល្លឺម៉ង់បន្តការវាយលុក និងរកគ្រាប់បាល់បានពីរទៀត នៅនាទីទី៤៣ មុនបញ្ចប់ពាក់​កណ្ដាល​ម៉ោង​ទី​មួយ និងនៅនាទីទី៦៣ បន្ទាប់ពីចូលមកទាត់ នៅពាក់កណ្ដាលម៉ោងទីពីរវិញ បានមួយសន្ទុះ។ ក្រុម​អាល្លឺម៉ង់​បាន​បញ្ចប់ការប្រកួត ដោយគ្មានការញាប់ញ័រសូម្បីបន្តិច និងមានក្ដីជឿជាក់យ៉ាងមុតមាំ ដើម្បីឡើងទៅជួប ក្រុម​​អេស្ប៉ាញ ឬក្រុមអ៊ីតាលី នៅក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ទី២ ខែកក្កដាខាងមុខ ដោយ​រង់ចាំ​ក្រុម​ទាំង​ពីរ (អេស្ប៉ាញ-អ៊ីតាលី) ប្រកួតគ្នាឲ្យដឹងចាញ់ឈ្នះ នៅថ្ងៃស្អែកនេះជាមុនសិន៕

» ទស្សនាការប្រកួតនេះ ដោយសង្ខេបឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...