ម៉ារ៉ាដូណា៖ មេសហព័ន្ធបាល់ទាត់អន្តរជាតិទាំងពីរ គឺជា«ចោរ»
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៥ មករា ២០១៦
- កែប្រែចុងក្រោយ: January 24, 2016
- ប្រធានបទ: បាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនមែនជារឿងថ្មីនោះទេ។ អតីតកំពូលកីឡាករ ឌីយ៉េហ្គោ ម៉ារ៉ាដូណា (Diego Maradona) មិនមែនជាអ្នកនិយម មេដឹកនាំពិភពបាល់ទាត់ទាំងពីររូប របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប (UEFA) និងរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (Fifa) នោះឡើយ។ កាលពីថ្ងៃអង្គារកន្លងមកនេះ អតីតតារាល្បីខាងបាល់ទាត់ នាទសវត្សន៍ឆ្នាំ៨០ បានថតរូបដាក់បង្ហោះមួយសន្លឹក ដោយបានឈរពាក់អាវ មានរូបកាត់តបញ្ចូលគ្នា រវាងប្រធានសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប លោក មីឆែល ប្លាទីនី (Michel Platini) និងអតីតប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ លោក ស៊ែប ប្លាស្ទ័រ (Joseph Blatter)។
«២៥ឆ្នាំហើយ ដែលខ្ញុំនិយាយ»
បញ្ហាវាទាស់នៅត្រង់ថា ពីលើរូបថតកាត់តនោះ (រូបថតលោក ម៉ារ៉ាដូណា នៅកណ្ដាលខាងលើ) មានអក្សរសរសេរថា «ចោរទាំងពីរ (Two thieves)»។ រូបថតនេះ ត្រូវបានថតដាក់ផ្សាយ នៅលើទំព័រអ៊ីនស្តាហ្គ្រាម ដោយលោក «Daniel Arcucci» អ្នកសារព័ត៌មានជាតិអាហ្សង់ទីនមួយរូប ដែលបានជួបលោក ម៉ារ៉ាដូណា ដោយផ្ទាល់នៅក្រុង ឌុយបៃ (ប្រទេសអេមៀរ៉ាអារ៉ាប់)។ នៅអមនឹងរូបថតនេះ អតីតកំពូលកីឡាករ ត្រូវបានអ្នកសារព័ត៌មាន ស្រង់សម្ដីយកមកសរសេរថា៖ «២៥ឆ្នាំហើយ ដែលខ្ញុំនិយាយពីរឿងនេះ»។
មិនខុសទេ! លោក ម៉ារ៉ាដូណា បានធ្វើសង្គ្រាមពាក្យសំដី ជាច្រើនលើកច្រើនគ្រាមកហើយ ប្រឆាំងនឹងប្រធានសហព័ន្ធបាល់ទាត់អ៊ឺរ៉ុប លោក មីឆែល ប្លាទីនី ដែលធ្លាប់ជាអតីតគូប្រកួត នៅក្នុងការប្រកួតបាល់ទាត់នានា កាលពីទសវត្សន៍ឆ្នាំ៨០។ ហើយលោកក៏មិនដែលត្រូវគ្នា ជាមួយនឹងអតីតប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ លោក ស៊េប ប្លាស្ទ័រ នោះដែរ ជាពិសេសលោក ម៉ារ៉ាដូណា បានឆ្លៀតឱកាសវាយសន្ធាប់ កាន់តែខ្លាំងឡើង បន្ទាប់ពីរឿងអាស្រូវពុករលួយ នៅក្នុងសហព័ន្ធបាល់ទាត់ពិភពលោកមួយនេះ ត្រូវបានបើកកកាយ ដោយប្រព័ន្ធយុត្តិធម៌អាមេរិក និងស្វីស កាលពីឆ្នាំទៅម៉ិញ។
«ធ្វើឲ្យបាល់ទាត់ មានរឿងអាក្រក់ៗជាច្រើន»
ដូចយ៉ាង កាលពីខែកញ្ញាឆ្នាំកន្លងទៅ លោក ម៉ារ៉ាដូណា បានចោទដោយចំៗ ទៅកាន់លោក ប្លាស្ទ័រ ថាបានបង្រៀនពី«របៀបលួច» ទៅឲ្យលោក ប្លាទីនី។ លោកបានថ្លែងឡើងថា៖ «តែខ្ញុំមិនមែនជាចោរលួចទេ។ ប្លាស្ទ័រ បានធ្វើឲ្យបាល់ទាត់ មានរឿងអាក្រក់ជាច្រើន។ ហើយជាមួយនឹង ប្លាទីនី ពួកគេបានបង្កើតឆាកល្ខោនមួយ។ ពួកគេធ្វើឬក ដូចជាមិនទាក់ទងគ្នាទេ, ម្នាក់នៅហ្វីហ្វា (Fifa) ម្នាក់ទៀត នៅយូអ៊ីហ្វា (UEFA)។ តែតាមពិត ពួកគេនៅជាមួយគ្នាតាំងពីដើមមក។»
បុរសមានអំណាច ក្នុងពិភពបាល់ទាត់ទាំងពីររូប (លោក ប្លាទីនី និងលោក ប្លាស្ទ័រ) ត្រូវបានគណៈកម្មាធិការប្រតិបត្តិ របស់សហព័ន្ធបាល់ទាត់អន្តរជាតិ ហាមឃាត់ក្នុងរយៈពេលច្រើនឆ្នាំ មិនឲ្យប៉ះបាល់ ឬធ្វើការងារទាក់ទងនឹងកីឡាបាល់ទាត់ ដោយសារអ្នកទាំងពីរ ត្រូវបានរកឃើញ ថាមានជាប់ពាក់ព័ន្ធ នឹងការ«លួច»បង្វិលប្រាក់ ១,៨លានអ៊ឺរ៉ូ ពីសំណាក់លោក ប្លាស្ទ័រ ទៅឲ្យលោក ប្លាទីនី កាលពីឆ្នាំ២០១១កន្លងមក ដើម្បីជាថ្នូរនឹងការងារ ទីប្រឹក្សា«សម្ងាត់»មួយ ដែលបានបញ្ចប់ទៅ ក្នុងឆ្នាំ២០០២៕