ស្ត្រីប្រធានាធិបតីឯករាជ្យនិយមលើកដំបូងរបស់តៃវ៉ាន់ បញ្ឆេះចិន
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ មករា ២០១៦
- កែប្រែចុងក្រោយ: January 17, 2016
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកស្រី ឆាយ អ៊ីងវេន (Tsaï Ing-wen) បានបើកទំព័រ ជាប្រវត្តិសាស្ត្រមួយ ដោយបានក្លាយ ជាប្រធានាធិបតីស្ត្រីលើកដំបូងបង្អស់ របស់កោះតៃវ៉ាន់។ ក្នុងអាយុ៥៩ឆ្នាំ អតីតសាស្ត្រាចារ្យ នៅសកលវិទ្យាល័យរូបនេះ បានត្រៀមខ្លួនឆ្លើយតប ទៅនឹងអ្វីដែលប្រជាពលរដ្ឋតៃវ៉ាន់ ជាង១៨លាននាក់ កំពុងទន្ទឹងរង់ចាំ។
គឺពលរដ្ឋតៃវ៉ាន់ទាំងនោះហើយ ដែលបានទៅបោះឆ្នោត យ៉ាងភ្លូកទឹកភ្លូកដី កាលពីថ្ងៃសៅរ៍ម្សិលម៉ិញនេះ ដើម្បីឲ្យអ្នកស្រី ឆាយ ដែលជាប្រធានគណបក្សប្រឆាំង នៅតៃវ៉ាន់ បានឡើងកាន់តំណែងជាប្រមុខរបស់ពួកគេ ជាមួយនឹងសម្លេងឆ្នោត ៥៦,១២% ទល់នឹងសម្លេង ៣១,០៤% ដែលបេក្ខជនគូប្រជែង មកពីគណបក្សជាតិនិយម គួងម៉ីងតាំង (Kuomintang) ទទួលបាន។ នេះបើតាមការឲ្យដឹង របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។
បើនិយាយម្យ៉ាងទៀត ជ័យជំនះរបស់អ្នកស្រី ឆាយ អ៊ីងវេន បានអះអាងពីបរាជ័យ នៃនយោបាយរបស់ក្រុម គួងម៉ីងតាំង ដែលបានកាន់អំណាច តាំងពី៨ឆ្នាំមកហើយ ហើយតែងតែប្រកាន់ខ្ជាប់ នូវការ«សម្របសម្រួល»ជានិច្ច ជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង។ ក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់ ថាជាខេត្តបះបោរមួយរបស់ខ្លួន ហើយព្រមានពីការវាយយកមកកាន់កាប់វិញ ប្រសិនបើកោះនេះ ឈានទៅប្រកាស«ឯករាជ្យ»។
ស្ត្រីខ្លាំងដូចអ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel)?
នយោបាយរបស់ក្រុមគួងម៉ីងតាំងខាងលើ បានរងនូវការពិន័យយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ពលរដ្ឋតៃវ៉ាន់ ដែលភាគច្រើននៅតែប្រកាន់ខ្ជាប់ នូវអត្តសញ្ញាណរបស់ពួកគេ។ គោលគំនិតចង់បាន របស់ពលរដ្ឋតៃវ៉ាន់ទាំងនេះ ក៏ជាខ្សែបន្ទាត់នយោបាយ របស់អ្នកស្រី ឆាយ ក្នុងការទាមទារ ឲ្យមានបូរណភាពទឹកដីពិតប្រាកដ និងផ្សេងដាច់ដោយឡែក ពីប្រទេសចិនដីគោក។
នៅក្នុងការថ្លែងមួយ ពីវេទិកានយោបាយ នៅចំពោះបណ្ដាជន រាប់សិបពាន់នាក់ ដែលចាត់ទុកអ្នកស្រី ថា«ស្ត្រីខ្លាំងដូចអ្នកស្រី អង់ជឺឡា មែរគែល»នោះ អ្នកស្រី ឆាយ អ៊ីងវេន ដែលទើបនឹងជាប់ឆ្នោត បានព្រមានចិនរួចជាស្រេច ឲ្យ«គោរពប្រព័ន្ធប្រជាធិបតេយ្យ អត្តសញ្ញាណជាតិ និងភាពមិនអាចបំបែកបាន នៃទឹកដីតៃវ៉ាន់»៕