កំទេចមហារូបចម្លាក់ ម៉ៅ សេទុង ចោល ព្រោះខុសបច្ចេកទេស?
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២០ មករា ២០១៦
- កែប្រែចុងក្រោយ: January 22, 2016
- ប្រធានបទ: រូបចម្លាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបចម្លាក់ដ៏ធំសម្បើម របស់អតីតប្រធានរដ្ឋចិន លោក ម៉ៅ សេទុង (Mao Tsé-toung) ត្រូវបានវាយកំទេចចោល ព្រោះរូបចម្លាក់នេះ «មិនបានចុះក្នុងបញ្ជី ហើយក៏មិនមានការអនុញ្ញាតឲ្យសាងសង់ ពីសំណាក់អភិបាលតំបន់នោះដែរ»។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មាន ស្និតនឹងគណបក្សកុម្មុយនីសឈ្មោះ «People's Net»។
រូបសំណាក របស់ស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតចិន ដែលធ្វើឡើង ក្នុងសភាពអង្គុយនៅលើកៅអី ដាក់ដៃទាំងពីរកាន់ក្ដោបចូលគ្នា ត្រូវបានវាយកំទេចចោល កាលពីខែធ្នូកន្លងទៅ បន្ទាប់ពីរូបសំណាកនេះ បានឆ្លងកាត់ការដ្ឋានសាងសង់ ចំនួនប្រមាណជា៩ខែកន្លងមកហើយ។ រូបថតចុងក្រោយ ពីរូបចម្លាក់ដ៏ធំនេះ ដែលត្រូវបានបង្ហោះ កាលពីប៉ុន្មានសប្ដាហ៍មុន នៅក្នុងបណ្ដាញសង្គមចិន «Baidu» បានបង្ហាញឲ្យឃើញ ថាក្បាលរូបចម្លាក់ត្រូវបានគ្រប ដោយអ្វីម្យ៉ាងពណ៌ខ្មៅ ហើយជើងរូបចម្លាក់ទាំងពីរ បានបាត់ទៅហើយ។
ចំណាយប្រាក់ច្រើន និងសង់ខុសកន្លែង
បើតាមសារព័ត៌មាន «New York Times» របស់អាមេរិក ដែលស្រង់សម្ដីរបស់អ្នកស្រុក «Tongxu» បានឲ្យដឹងថា ក្រុមកម្មករខាងវាយកំទេចរូបចម្លាក់ បានប្រើរយៈពេល ប្រមាណជា២ថ្ងៃប៉ុណ្ណោះ ក្នុងការកំទេចរូបនោះអស់មួយចំហៀង។ កម្មករម្នាក់ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានបញ្ជាក់ប្រាប់សារព័ត៌មានអង់គ្លេស «Guardian» ថា៖ «ខ្ញុំឮថា រូបចម្លាក់ត្រូវបានកំទេច ព្រោះរូបនេះ សង់នៅលើដីអ្នកស្រុកម្នាក់»។
គេហទំព័រក្នុងស្រុក «HMR.cn» បានរាយការណ៍ថា ដើម្បីសង់រូបចម្លាក់នេះ គេត្រូវចំណាយប្រាក់ ៣លានយ័ន្ដ (ប្រមាណជា ៤២០ពាន់អ៊ឺរ៉ូ ឬ៤៥៥ពាន់ដុល្លារ) ដែលត្រូវបានផ្ដល់ហិរញ្ញទាន ដោយក្រុមម្ចាស់ក្រុមហ៊ុនច្រើននាក់ នៃតំបន់។
បើទោះជាមានមនុស្សជាច្រើន បានសាទរគម្រោងសាងសង់នេះក៏ដោយ តែមតិសាធារណជនចិនមួយចំនួន បានធ្វើការរិះគន់ ទៅលើរូបចម្លាក់ ថាបានសាងសង់មិនត្រូវកន្លែង ដោយហេតុថា គ្រោះទុរភិក្សកាលពីទសវត្សន៍ឆ្នាំ៥០ បានសម្លាប់ប្រជាជនចិន នៅក្នុងតំបន់នេះ អស់រាប់លាននាក់។ បណ្ដាជនចិនមួយចំនួនទៀតបានគិតថា ៣លានយ័ន្ដ គួរតែត្រូវយកមកចំណាយ ទៅលើអ្វីផ្សេង ដែលមានប្រយោជន៍ជាងនេះ។
រំលឹកប្រវត្តិសាស្ត្រ...
ស្ថាបនិកនៃរបបកុម្មុយនីសចិន លោក ម៉ៅ សេទុង បានធ្វើមរណភាពនៅឆ្នាំ១៩៧៦។ បើទោះជាប្រជាជនចិនមួយភាគធំ បានគោរពស្រឡាញ់ ចាត់ទុកជាវីរបុរសរបស់ជាតិ និងរបស់ពួកគេក៏ដោយ តែស្រមោលដ៏អាក្រក់ ដែលកើតចេញពីនយោបាយ ដឹកនាំដោយអតីតមេដឹកនាំរូបនេះ បានបន្សល់ទុកនូវរូបភាពដ៏អាក្រក់ និងបានធ្វើឲ្យប្រជាជនចិនរាប់លាននាក់ ស្លាប់បាត់បង់ជីវិត។ ប្រវត្តិសាស្ត្រ ដែលជំរុញគណបក្សកុម្មុយនីសចិន ឲ្យទទួលស្គាល់ក្នុងទសវត្សន៍ឆ្នាំ៨០ ពីកំហុសឆ្គងនៃការដឹកនាំ នៅក្នុងអតីតកាលរបស់ខ្លួន៕