បារាំង៖ ប្រកាសតាមការសែតថា«ស្លាប់» ដើម្បីគេចចេញពីការស្វែងរកចាប់ខ្លួន
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២១ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 21, 2014
- ប្រធានបទ: ល្បិចខិល
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើម្បីគេចចេញ ពីការតាមចាប់ខ្លួន របស់នគរបាល យុវជនកំហិលម្នាក់ បានបង្កើតរឿងមួយ ដើម្បីគ្រួសាររបស់ខ្លួន នាំគ្នាយំស្រែកសោកសង្រេងគ្រប់គ្នា។ យុវជនដែលបានត្រូវចោទប្រកាន់ ថាបានប្រព្រឹត្តិល្មើសជាច្រើនករណី អាយុ២៦ឆ្នាំរូបនេះ បានប្រកាសតាមសារព័ត៌មាន ពីបុណ្យសពរបស់ខ្លួន នៅភាគខាងលិចរបស់ប្រទេសបារាំង ដើម្បីបង្វិលការស្វែងរករបស់សមត្ថកិច្ច តែបានធ្វើជីដូនរបស់ខ្លួន ញ័រស្ដាយចៅប្រុស ព្រោះជឿតាមការចុះផ្សាយនោះ។
នៅក្នុងសារព័ត៌មាន Ouest-France ផ្នែកផ្សាយដំណឹង គេបានឃើញសារមួយសរសេរជាអាថ៌ថា៖ «ម្ដាយ ឪពុក បងប្អូនប្រុសស្រី និងក្រុមគ្រួសារទាំងអស់ សូមជូនដំណឹងយ៉ាងក្រៀមក្រំ ពីមរណភាព របស់ សេឌ្រិក អ៊ិល. (Cédric L.) កាលពីថ្ងៃព្រហស្បត្តិ៍ទី១១ ខែកញ្ញា ក្នុងអាយុ២៦ឆ្នាំ។ ពិធីបញ្ចុះសពនឹងប្រព្រឹត្តិទៅ នៅថ្ងៃអង្គារទី១៦ ខែកញ្ញានេះ វេលាម៉ោង១០និង៣០នាទីព្រឹក ក្នុងព្រះវិហារ គ្រឹស្ដ៍រ៉័ ឌឺ កួរតឺយ (Christ Roi de Courteille) ក្នុងក្រុង អាឡង់សុង (Alençon ភាគខាងលិចប្រទេសបារាំង)»។
នគរបាលដែលកំពុងស្វែងរកមុខយុវជន ដើម្បីយកមកអនុវត្តទោស ៥ឆ្នាំ ក្នុងពន្ធនាគារ ពីបទឆរបោកនោះ បានធ្វើដំណើរទៅកាន់ពិធីបញ្ចុះសពនោះ ដើម្បីចង់ដឹងឲ្យពិតផង និងអាចចាប់ខ្លួនយុវជនកំហិលនេះផង។ រដ្ឋអាជ្ញាបារាំងប្រចាំតំបន់ បាននិយាយថា នគរបាលមិនឃើញមានសាកសព ហើយក៏គ្មានពិធីបុណ្យអ្វីដែរ។ តែផ្ទុយទៅវិញ ជីដូនរបស់យុវជននោះ បានបង្ហាញវត្តមាននៅទីនោះ ដោយទំនងជាមិនដឹង ពីល្បិចខិលខូចរបស់ចៅខ្លួន។ រដ្ឋអាជ្ញាបានបញ្ជាក់ទៀតថា យុវជននេះ ពិតនៅរស់ ហើយកំពុងលាក់ខ្លួននៅទីណាមួយនៅឡើយ ក្នុងពេលនេះ៕