ចំណុច​ទាំង​៨ ដែល​ត្រូវ​និយាយ​ទៅ​កាន់​មនុស្ស​កំពុង​កាន់​ទុក្ខ

នៅពេលមនុស្សម្នាក់ បាត់បង់នរណាមួយជាទីស្រឡាញ់នោះ មនុស្សនោះចាំបាច់ណាស់ ឲ្យមានអ្នក​ចូលរួម​ជួយ​រំលែក​ទុក្ខ និងផ្ដល់ជាយោបល់។ តើការជួយរំលែកទុក្ខ និងការផ្ដល់ជាយោបល់នោះ អាចនឹងត្រូវធ្វើ​ក្នុង​ល័ក្ខខ័ណ្ឌ​បែប​ណា និង​​ដោយ​​វិធី​​ណា? សូមអានការចងក្រង របស់អ្នកនិពន្ធមួយរូប ជុំវិញបញ្ហានេះ ដោយ​បាន​បែង​ចែក​ជា​៨ចំណុច។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៨ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 19, 2014
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យោបល់ប្រឹក្សា ទាំង៨ចំណុចនេះ ត្រូវ​បាន​អ្នក​និពន្ធ​ជាតិ​អាមេរិក អ្នក​ស្រី គ្រីស្ទី ហីជ័រ អេវីង (Christy Heitger-Ewing) សរសេរ​ចេញ​ជា​អត្ថបទ​ចំនួន​ពីរ​ភាសា អង់គ្លេស និងបារាំង ចុះ​ផ្សាយ​នៅ​ក្នុង​សារព័ត៌មាន​ ចម្រុះ​​ភាសា The Huffington Post​ ដើម្បី​ជា​ជំនួយ​ទៅ​ដល់​មិត្តភ័ក្តិ ឬ​ញាតិ​មិត្ត​របស់​មនុស្ស ​ដែល​កំពុង​មាន​ទុក្ខ​ព្រួយ ដោយ​សារ​បាន​បាត់​បង់​នរណា​ម្នាក់ ជា​ទី​ស្រឡាញ់​នៅ​ក្បែរ​ខ្លួន។

១) ខ្ញុំដឹងថា អ្នកឯងមានទុក្ខខ្លាំងណាស់

ឃ្លានេះ មិនដូចទៅនឹងឃ្លា «ខ្ញុំយល់ពីអ្វី ដែល​អ្នកឯង​កំពុង​ទទួល​អារម្មណ៍» បើ​ទោះ​ជា​អ្នក​ធ្លាប់​ឆ្លង​កាត់ រឿង​ដ៏​ពិបាក​ដូច​គ្នា​នេះ​ក៏​ដោយ។ ព្រោះថា មនុស្សម្នាក់ៗ មានទុក្ខកង្វល់ខុសៗគ្នា។ អ្នកនិពន្ធជាច្រើននៅ​អាមេរិក ក៏​យល់​ស្រប​ដែរ​ថា ឃ្លា«ខ្ញុំដឹងថា អ្នកឯងមានទុក្ខខ្លាំងណាស់» មានពាក្យដ៏សំខាន់ៗ សម្រាប់​មនុស្ស​​ដែល​ទើប​នឹង​បាត់​បង់​នរណាម្នាក់។ អ្នកនិពន្ធទាំងនោះ បានសរសេរថា៖ «គ្មានឃ្លាណាមួយ​ អាច​ចូលមកកាត់ នូវ​ភាព​ក្រៀម​ក្រំ​ដ៏​សោកសង្រេង ខណៈពេលយើងកំពុងបៀមទុក្ខ ក្នុងជម្រៅដ៏ជ្រៅមួយ បូក​រួមនឹងការសោក​ស្ដាយ និង​មហា​វិបយោគនោះទេ។ ប៉ុន្តែឃ្លាខាងលើ អាចជាកាយវិការមួយ ឬជា​ការ​ទាក់​ទាញដោយ​សំដី ដើម្បី​ផ្ដល់​ជា​ភាព​កក់​ក្ដៅ សម្រាប់ឲ្យមនុស្សកាន់ទុក្ខស្រាកស្រាន្ដបានខ្លះ។»

២) អ្នកឯងចង់ឲ្យខ្ញុំអោបអ្នកឯងឬ?

សម្រាប់ប្រទេសកម្ពុជា កាយវិការនេះ មិនសូវជាចាំបាច់ទេ ប្រសិនជាមនុស្សនោះ មិនសូវមានភាព​ស្និត​ស្នាល។ ប៉ុន្តែអ្នកត្រូវតែដឹងថា នៅពេលមនុស្សកំពុងបៀមទុក្ខ មនុស្សនោះស្និតក្នុងសភាពហេងហាង ឬស្ថិត​ក្នុង​សភាពរងារ រកស្មានមិនត្រូវ។ អ្នកស្រី គ្រីស្ទី ហីជ័រ អេវីង បានសរសេរនៅក្នុងអត្ថបទអ្នកស្រីថា នៅពេល​អ្នកស្រី​បានកាត់ទុក្ខបែបនេះដែរ អ្នកស្រីចង់យកមនុស្សទាំងអស់ ដែលចូលមកជួយរំលែកទុក្ខអ្នកស្រី មក​ដាក់​ក្នុងរង្វង់ដៃ។ នៅពេលកាន់ទុក្ខ រូបអ្នកស្រីប្រៀបបាន នឹងអំបែងកែវ ដែលបែកខ្ចាត់ខ្ចាយ។ តែនៅពេល​ដែល​មាននរណាម្នាក់ បានស្ថិតនៅក្នុងរង្វង់ដៃ ឬអ្នកស្រីត្រូវបានអ្នកដទៃ យកទៅអោបវិញនោះ វាប្រៀប​បាន​នឹង​ការ​តភ្ជាប់ អំបែកកែវនោះឡើងវិញដូច្នេះ។

៣) ខ្ញុំសោកស្ដាយជាទីបំផុត

ឃ្លាដ៏ខ្លីមួយនេះ បានបាញ់តម្រង់ឲ្យចំ និងមានបង្កប់នូវភាពស្មោះត្រង់ ព្រោះវាបានបង្ហាញយ៉ងសមញ្ញថា អ្នកចូលរួមសោកស្ដាយជាមួយមនុស្សនោះ។ អ្នកផ្សាយសាសនាដ៏ល្បី លោក ផាតទី ហ្វីតប៉ាទ្រីក (Patti Fitzpatrick) ធ្លាប់បានសរសេរនៅក្នុងសៀវភៅរបស់លោកថា ដំណោះស្រាយពីរយ៉ាង ដើម្បីចូលរួម​រំលែក​ទុក្ខ៖ «ទី១. ជួយយកអាសារភ្លាមៗ និងទី២. ខ្ញុំសោកស្ដាយជាទីបំផុត» ខ័ណ្ឌចប់។

៤) ខ្ញុំនៅទីនេះ ដើម្បីអ្នកឯង

មនុស្សមានទុក្ខ មិនដឹងថាត្រូវធ្វើអ្វីទេ ប៉ុន្តែនៅពេលបានប្រមូលអារម្មណ៍មកវិញម្ដងៗ មនុស្សនោះតែងចង់​ពង្រឹកជំហរដើរទៅមុខទៀត ដូចមនុស្សធម្មតាដែរ។ ប៉ុន្តែក្នុងអំឡុងពេលនោះ វាពិតជាមិនអាចទៅរួចទេ។ ដូច្នេះអ្វីដែលអ្នកអាចធ្វើបាន ត្រូវតែពន្យល់ទៅមនុស្សកាន់ទុក្ខថា អ្នកនៅទីនេះជានិច្ច ប្រសិនបើមនុស្សនោះ​ត្រូវការអ្វីក៏ដោយ។ «នៅពេលយើងកំពុងកាន់ទុក្ខ យើងមិនចង់ឲ្យមនុស្សផងទាំងពួង មើលឃើញពីយើង នូវ​សភាពដ៏អណោចអធមបែបនេះទេ ប៉ុន្តែយើងត្រូវការមនុស្សទាំងនោះ ដើម្បីជួយរំដោះគ្រោះនេះ ឲ្យឆ្លង​ចេញ​ទៅ»។

៥) ថ្ងៃអង្គារនេះ ខ្ញុំនឹងយកនំលោកខែ ដែលខ្ញុំធ្វើផ្ទាល់ដៃមកឲ្យអ្នកឯង

ឃ្លានេះជាឧទាហរណ៍មួយច្បាស់លាស់ ព្រោះមានថ្ងៃមានខែ មានកម្មបទមកបន្លប់ តែបានបង្កប់​ដោយការ​លួងលោម​មិន​ផ្ទាល់​នោះផង។ ឃ្លាដែលគួរជៀសវាង៖ «និយាយប្រាប់ខ្ញុំមក ប្រសិនអ្នកឯងត្រូវការ​អ្វីក៏​ដោយ» ព្រោះថា ពេលខ្លះ អ្នកប្រហែលចង់ធ្វើខ្លួន ជាអ្នកមានប្រយោជន៍ពិត តែអ្នកមិនបានដឹង ពីអ្វីដែល​មនុស្ស​កាន់​ទុក្ខនោះ ត្រូវការពិតប្រាកដទេ។ ឃ្លាដែលអ្នកគួរនិយាយដែរ ដូចជា៖ «ខ្ញុំនឹងទៅផ្សារទិញ​ម្ហូប​ឥឡូវនេះ។ បើ​អ្នកត្រូវការ ខ្ញុំអាចទិញត្រីរ៉ស់ និងអំពិលខ្ចីឲ្យអ្នក សម្រាប់អ្នកធ្វើម្ហូបល្ងាចនេះ។»។

៦) តើអ្នកឯងចង់និយាយពីគាត់ឡើងវិញឬ?

យើងប្រហែលជាគិតថា និយាយពីអ្នកដែលស្លាប់ទៅហើយ អាចនឹងធ្វើឲ្យមនុស្សកាន់ទុក្ខ មានភាព​ក្រៀម​ក្រំ​កាន់តែខ្លាំង។ តែផ្ទុយទៅវិញ មិនពិតដូច្នោះទេ។ «គ្នាបានបាត់បង់មនុស្សម្នាក់ហើយ ស្រាប់តែភ្លាមៗនេះ ទម្លាប់​ដែលធ្លាប់និយាយ ពីមនុស្សនេះក្នុងពេលកន្លងមក ក៏បាត់បង់ទៀត» នេះ ទើបជាអ្វី ដែលកាន់​តែមិន​អាច​ទទួល​យកបានបន្ថែមទៀត។ រំលឹកពីរឿងសមញ្ញៗប្រចាំថ្ងៃ ដែលអ្នកស្លាប់បានធ្វើកន្លងមក នឹង​អាច​ជួយ​សម្រួលចិត្តមនុស្សដែលកាន់ទុក្ខ ថាអ្វីៗដូចជានៅធម្មតា។»

៧) សួរថា «អ្នកឯងយ៉ាងដូម្ដេចហើយ» ហើយត្រូវត្រងត្រាប់ស្ដាប់ចម្លើយមកវិញ របស់មនុស្សនោះ

មិនខុសពីវេជ្ជបណ្ឌិតឡើយ។ នៅពេលអ្នកសួរទៅអ្នកជំងឺថា «អ្នកឯងយ៉ាងដូម្ដេចហើយ?» ដើម្បីចង់​ដឹងពី​ស្ថានភាពជំងឺ នឹងអាលដាក់ថ្នាំឲ្យត្រូវនោះ អ្នកគឺជាវេជ្ជបណ្ឌិតដ៏ចំណានមួយរូប ក្នុងការគាំពារ​ព្យាបាល​មនុស្ស​ដែលកំពុងតែកាន់ទុក្ខ។ បើទោះជាមនុស្សនោះ ឆ្លើយមកវិញត្រឹមតែ «គ្រាន់បើបន្តិចហើយ» ក៏ដោយ ប៉ុន្តែ​ការ​ត្រងត្រាប់ចាំស្ដាប់របស់អ្នក នឹងជំរុញឲ្យមនុស្សបៀមទុក្ខ យល់ឃើញថា អ្នកមិនមែនគ្រាន់តែ​សួរ​ចោល​នោះ​ទេ។

៨) កុំនិយាយអ្វីទាំងអស់!

ចំណុចនេះ មិនមែនមានន័យថា អ្នកត្រូវបញ្ជៀសខ្លួន ពីមនុស្សកំពុងកាន់ទុក្ខ ហើយធ្វើដូចជាមិនដឹង​មិនលឺ​ថា មានមនុស្សស្លាប់នោះឡើយ។ ទង្វើបែបនេះ នឹងធ្វើឲ្យអ្នកកាន់ទុក្ខ កាត់តែមានរបួសធ្ងន់ឡើង។ អ្វីដែល​អ្នក​និពន្ធ ចង់និយាយនៅទីនេះ បានសេចក្ដីថា អ្នកគួរបិតប្រអប់មាត់ កុំនិយាយដូចសេក ហើយត្រូវបើក​បេះ​ដូង​របស់អ្នកឡើង។ អ្នកគ្រាន់តែចាប់ដៃ ហុចកន្សែងដៃ ឆុងកាហ្វេ ឬយ៉ាងហោចណាស់ គ្រាន់តែសួរគ្នាថា៖ «តើ​អ្នកឯងចង់ដើរខ្លះឬទេ?» វាជាកាយវិការដ៏ប្រពៃរួចស្រេចទៅហើយ។

យ៉ាងណាក៏ដោយ អ្នកត្រូវទុកឲ្យមនុស្សកាន់ទុក្ខនិយាយឲ្យអស់ ពីក្នុងខ្លួន។ អ្នកត្រូវចាំស្ដាប់ដោយ​យក​ចិត្ត​ទុកដាក់ ហើយមិនត្រូវកាត់សម្ដីគ្នាទេ បើមិនមានភាពចាំបាច់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...