អូបាមា លួច​បន្លំ​ប័ណ្ណ​ឥណ្ឌទាន ក្នុង​ភោជ​នីយដ្ឋាន​មួយ​នៅ ញ៉ូយក?

ខណៈពេលកំពុងត្រៀមទៅទូទាត់ លើការចំណាយនៃការហូបចុក នៅក្នុងភោជនីយដ្ឋានមួយ នាទីក្រុងញ៉ូយក ប័ណ្ណឥណ្ឌទានរបស់ប្រធានាធិបតីអាមេរិក ត្រូវបានម៉ាស៊ីនគិតលុយ បដិសេធមិនទទួលស្គាល់។ រឿងកំប្លែងប្រចាំសហរដ្ឋ បានផ្ទុះឡើងម្ដងទៀត។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៨ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 18, 2014
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាថ្មីម្ដងទៀត លោក​ប្រធានាធិបតី​អាមេរិក បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់ នៅ​ជុំ​វិញ​លោក​ផ្ទុះ​សំណើច អត់​ទ្រាំ​មិន​បាន។ ហេតុការណ៍​ផ្ទុះ​រឿង​កំប្លែង​របស់​លោក បារាក់ អូបាមា (Barack Obama) បាន​កើត​ឡើង​ចំ​ពេល ដែល​ប្រទេស​មហា​អំណាច​របស់​លោក កំពុង​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​លួច​បន្លំ ប័ណ្ណ​ឥណ្ឌទាន ហើយ​ជា​ពិសេស​នៅ​ពេល​ដែល​ឈ្មោះ​របស់​លោក បារ៉ាក់ អូបាម៉ា នៅ​លើ​ប័ណ្ណផ្ទាល់​ខ្លួន​នោះ រំលប់​មិន​សូវ​ច្បាស់​នោះ​ថែម​ទៀត។

នៅខណៈពេលដែល ត្រូវ​ទូទាត់​ការ​ហូប​ចុក​របស់​លោក​នោះ ស្រាប់​តែ​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង ព្រោះ​ប័ណ្ណ​ឥណ្ឌទាន​របស់​លោក ត្រូវ​បាន​ម៉ាស៊ីន​គិត​ប្រាក់​ក្នុង​ភោជនីយដ្ឋាន មិន​ទទួល​ស្គាល់។ លោក បារ៉ាក់ អូបាម៉ា បាន​ផ្ទុះ​សំដី​​ឡើង​ថា៖ «សំណាងណាស់ ដែល​មីឆែល (ភរិយាលោក) នៅ​មាន​ប័ណ្ណ​របស់​គាត់​មក​ជា​មួយ»។

ហេតុការណ៍បានកើតឡើង នៅទីក្រុងញ៉ូយក ក្នុងអំឡុងពេលនៃមហាសន្និបាតអង្គការសហប្រជាជាតិ ប៉ុន្តែ​ទើប​នឹង​ត្រូវ​បាន​លោក​ប្រធានាធិបតី​ទម្លាយចេញ​នៅ​ពេល​នេះ។ ហើយ​មូលហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​មិន​ទទួល​ស្គាល់ ប័ណ្ណ​ឥណ្ឌទាន​របស់​ប្រធានាធិបតី​នេះ មិន​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ទេ។ អ្នក​នាំ​ពាក្យ​របស់​សេតវិមាន បាន​បញ្ជាក់ទៀត​ថា សេតវិមានមិន​មាន​ព័ត៌មាន​អ្វី​សោះ ពី​បញ្ហា​នេះ​ឡើយ។

ចំណែកលោកប្រធានាធិបតី នៅបន្តសំដីលេងសើចរបស់លោកទៀត នៅក្នុង​កិច្ចប្រជុំ​ជា​មួយមន្ត្រីរបស់​លោក​ថា៖ «ខ្ញុំគិតថា ប្រហែលជាមកពីខ្ញុំ មិនសូវបានប្រើវាញឹកញាប់ (...) ទើបពួកគេជឿថា វាប្រហែល​មាន​ជាប់​ទាក់​ទង​នឹងការលួចបន្លំមួយ។ ហើយខ្ញុំខំពន្យល់ ទៅអ្នកធ្វើការនៅក្នុងភោជនីយដ្ឋាននោះ ខ្លាំងតែ​មែន​ទែន»។

វាមិនមែនជាការលេងសើច ដោយគ្មានហេតុផលនោះទេ ព្រោះនៅក្នុងកិច្ចប្រជុំនោះ លោក បារ៉ាក់ អូបាម៉ា បាន​លើកពីវិធានការមួយចំនួន ប្រឆាំងនឹងការលួចបន្លំក្នុងប្រព័ន្ធធនាគារនៅអាមេរិក។ លោកប្រធានាធិបតី​បាន​​ចុះ​ហត្ថលេខា ទៅលើក្រិត្យ​ដ៏សំខាន់មួយ ដាក់កំហិតទៅរដ្ឋការសហព័ន្ធ ឲ្យប្រើប្រាស់បច្ចេកវិទ្យា​នៃការ​ទូទាត់​ការចំណាយ ដោយប្រើប័ណ្ណឥណ្ឌទាន ដែលមានប្រព័ន្ធបញ្ជាអេឡិចត្រូនិក ហើយការពារដោយលេខ​កូដ​សម្ងាត់​៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...