ឲ្យកាតក្រហម១២ នៅក្នុងការប្រកួតបាល់ទាត់តែមួយ (vdo)
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៧ តុលា ២០១៤
- កែប្រែចុងក្រោយ: October 19, 2014
- ប្រធានបទ: ឯកត្តកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍នៅក្នុងកីឡាបាល់ទាត់ បានបង្កឲ្យមានចំណាប់អារម្មណ៍ថ្មី និងអាចចាត់ទុកជាឯកត្តកម្មថ្មី នៃការដកកាតក្រហម ដោយអាជ្ញាកណ្ដាលតែម្នាក់ នៅក្នុងការប្រកួតតែមួយ។ វាជាការប្រកួតរវាងក្រុមអន់ៗពីរ របស់ប្រទេសអាហ្សង់ទីន (ទ្វីបអាមេរិកខាងត្បូង) ដែលមានឈ្មោះថា Deportivo Roca និង Cipolletti។ មិនដែលមានចំណាត់ថ្នាក់ខ្ពស់ជារឿងមួយ តែក្រុមទាំងពីរ ក៏ជាគូរសត្រូវសងសិកមួយយ៉ាងចាស់វស្សាដែរ នៅក្នុងប្រវត្តិបាល់ទាត់ នៃប្រទេសអាមេរិកឡាទីនមួយនេះ។
បន្ទាប់ពីក្រុម Cipolletti ដែលជាក្រុមម្ចាស់ផ្ទះ បាននាំមុខដោយរកគ្រាប់បាល់បានមួយគ្រាប់មុន ភាពតានតឹងបានផ្ទុះឡើង។ ហើយពិសេសនៅក្រោយ ការធ្វើឲ្យរបួសដល់កីឡាករមួយរូប បង្កឲ្យមានការជជែកតមាត់តកខ្លាំងក្លារវាងក្រុមទាំងសងខាង ធ្វើឲ្យអាជ្ញាកណ្ដាលបង្ខំចិត្ត ត្រូវដកកាតក្រហម បណ្ដេញកីឡាករនៃក្រុមទាំងសងខាងពីរនាក់ចេញ។
បន្ទាប់ពីនោះហើយ ដែលហេតុការណ៍ បានប្រែក្លាយទីលានបាល់ទាត់ ទៅជាទីលានប្រដាល់ បង្កភាពរញ៉េរញ៉ៃពិបាកគ្រប់គ្រង ឈានទៅដល់ការផ្អាកការប្រកួត ទាំងកណ្ដាលទី។ កីឡាករម្នាក់ ដែលទើបនឹងត្រូវអាជ្ញាកណ្ដាលបណ្ដេញចេញ ហើយប្រហែលជាក្ដៅស្លឹកត្រជៀកទប់លែងបាន បានរត់សំដៅកីឡាករនៃក្រុមម្ខាងទៀត ដែលទើបនឹងត្រូវបណ្ដេញចេញដូចគ្នា ដើម្បីធ្វើការពន្យល់វែកញែក ដោយប្រើដៃជើជាថ្មីទៀត។ ក្រុមទាំងសងខាង បានចូលរួមក្នុងជម្លោះនេះ ហើយបង្កើតជាគូរប្រដាល់យ៉ាងអាណាធិបតេយ្យ រហូតមានទាំងនគរបាលបង្ក្រាបកុបកម្ម មកចូលធ្វើអន្តរាគមន៍ផង។
ជាលទ្ធផល អាជ្ញាកណ្ដាលបានដកកាតក្រហម បណ្ដេញកីឡាករ១០នាក់បន្ថែមទៀត ដើម្បីគម្រប់១២កាតក្រហម ហើយបានបញ្ចប់ការប្រកួត នៅមុនការគប់ដុំថ្មនិងដបទឹកពីទស្សនិកជន ដែលធ្វើឲ្យរបួសដល់កីឡាករ និងកងរក្សាសន្តិសុខមួយចំនួន ដែលនៅមានវត្តមានដើម្បីតថ្លៃគ្នា នៅលើប្រលាននៅឡើយ៕