កីឡាករបាល់ទាត់ ដេវីដ ប៊េកខាំ នៅតែខ្លាំងនៅឡើយ!
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: November 25, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងអាយុ៣៧ឆ្នាំ កីឡាករដេវីដ ប៊េកខាំ ដើមកំណើតអង់គ្លេស មិនចង់លឺនិងមិនទាន់ចង់ស្គាល់ពីការចូលនិវត្តន៍ នោះនៅឡើយ។ កាលពីពេលថ្មីៗនេះ កីឡាកររូបនេះ បាននិយាយថា «នៅមានមហិច្ឆតាចង់លេងបាល់តទៅទៀត»។
កីឡាករបាល់ទាត់ ដេវីដ ប៊េកខាំ។
តារាបាល់ទាត់ដ៏ល្បី កំពុងទាល់អោយក្រុមបាល់ទាត់អាមេរិកាំងមួយ ឈ្មោះ ឡូស អេនជឺលេស ហ្គាឡាស៊ី (Los Angeles Galaxy) ដែលនឹងត្រូវទៅជួបជាមួយ ក្រុមបាល់ទាត់ហ៊ូស្តុន នៅថ្ងៃ០១ឆ្នូខាងមុខ ក្នុងវគ្គផ្ដាច់ព្រ័តនៃពានរង្វាន់បាល់ទាត់អាមេរិកខាងជើង (MLS) ហើយក៏ជាការប្រកួតចុងក្រោយបង្អស់របស់ តារាបាល់ទាត់នេះដែរ។ ភាពចាស់វស្សារបស់កីឡាកររូបនេះ ត្រូវបានពិភពទាល់បាល់ជាទូទៅ កំណត់ថា វាដល់ពេលដែលដេវីដ ប៊េកខាំ ត្រូវចូលនិវត្តន៍ហើយ។ តែឆ្លើយតបនឹងគំនិតនេះ ដេវីដ ប៊េកខាំ បានប្រកាសថា «មនុស្សជាច្រើន និយាយមកកាន់ខ្ញុំពីរឿងចូលនិវត្តន៍ តែខ្ញុំខ្លួនឯងមានអារម្មណ៍ថា នៅចង់ទាត់បាល់បន្ដ និងមានមហិច្ឆតាជាច្រើនទៀត សំរាប់ផ្ដល់អោយ នូវរាល់ការប្រកួត»។
ចាំមើលបន្ដិចមើល៍ នៅពេលបុណ្យណូអែលខាងមុខ ...
កីឡាករជនជាតិអង់គ្លេសរូបនេះ បានបន្តអះអាងថា «ខ្ញុំនៅមិនទាន់សម្រេចចិត្ត ថានឹងត្រូវទៅទាត់អោយខាងណានៅឡើយ។ យើងប្រហែលជាអាចនៅទីនេះ ឬនៅអ៊ឺរ៉ុបសម្រាប់មួយរយះពេលទៀត។ កិច្ចសន្យារបស់ខ្ញុំជាមួយ ហ្គាឡាស៊ី នឹងបញ្ចប់នៅសប្ដាហ៍ក្រោយនេះហើយ តែខ្ញុំមានជម្រើសខ្លះៗរួចហើយ។»
កាលពីសប្ដាហ៍មុន សហពន្ធកីឡាបាល់ទាត់អូស្ត្រាលី បានលើកពីអត្ថប្រយោជន៍ ដែលដេវីដ ប៊េកខាំ អាចនឹងចូលទាត់ នៅក្នុងការដណ្ដើមជើងឯកថ្នាក់ជាតិរបស់ប្រទេសនេះ។ ប៉ុន្ដែអ្នកចាត់ការទូទៅរបស់ ប៊េកខាំ បានឆ្លើយតបវិញថា ក្រុមបាល់ទាត់នៅអូស្រ្តាលី និយាយលើកឡើងដូច្នេះ ដើម្បីអោយផលប្រយោជន៍របស់ពួកគេ ត្រូវបានធានាតែប៉ុណ្ណោះ។
ដេវីដ ប៊េកខាំ បានបង្ហើបថា «នៅពេលបុណ្យណូអែលខាងមុខដែលយើងនឹងប្រារព្ធធ្វើនៅទីក្រុងឡុងដ៍ ខ្ញុំនឹងធ្វើការសម្រេចចិត្ត។ តែបើមិនដូច្នេះទេ ខ្ញុំនឹងសម្រេចវានៅឆ្នាំក្រោយ។» ដោយបានបញ្ជាក់ទៀតថា ជា«កិច្ចសន្យាចុងក្រោយ» ដែលកីឡាករនឹងទទួលយក មុននឹងឈានជើងចូលនិវត្តន៍ ពីវិស័យបាល់ទាត់។
គួរបញ្ចាក់ថា ក្រុមបាល់ទាត់របស់ទីក្រុងប៉ារីស (PSG) ប្រទេសបារាំង ធា្លប់បានជជែកពីការចង់ទិញតារាបាល់ទាត់រូបនេះ មកទាត់អោយក្រុមរបស់ខ្លួនកាលពីចុងឆ្នាំមុន។ តែកាលពីថ្មីនេះដែរ គ្រុបង្វឹករបស់ក្រុមបាល់ទាត់ទីក្រុងប៉ារីស បានថ្លែងក្នុងសន្និសិតសារពត៌មានថា «មិនមានបំណង ចង់យកកីឡាករនេះមកទៀតទេ។ បំណងនេះ ត្រូវបានបិទបញ្ចប់រួចរាល់ហើយ។»
-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ