កម្ពុជាជាគ្រូ «ប្រជាធិបតេយ្យ» របស់មីយ៉ាន់ម៉ា ឬភូមា?
លោកហ៊ុន សែនបានឆ្លើយតបទៅ ប្រធានាធិបតីអាមេរិក ក្នុងជំនួបទ្វេរភាគីកាលពីថ្ងៃទី១៩វិច្ឆិកាថា ប្រទេសកម្ពុជាមានការ«គោរពសិទ្ធិមនុស្ស» បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ លោកប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងសន្និសីទកាសែតមួយ នៅក្រោយជំនួបនោះ នាល្ងាចថ្ងៃដដែល។
លោកប្រាក់ សុខុន ក្នុងសន្និសិតកាសែតថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០១២ នៅមជ្ឈមណ្ឌលផ្សព្វផ្សាយ នៃវិមានសន្តិភាព។
រូបថត MONOROOM.info/ Phnom Thom
លោកប្រាក់ សុខុន បានលើកឡើងថា នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន និងលោក អូបាម៉ា ឯកភាពឲ្យក្រុមការងារប្រទេសទាំងពីរ ពិភាក្សាគ្នាឡើងវិញ អំពីបញ្ហាលុបបំណុល ហើយកម្ពុជាស្នើសុំឲ្យ មានការដោះស្រាយជាលក្ខណៈទ្វេភាគី និងសុំបង្វែសំណងនេះ ជាជំនួយលើវិស័យសិក្សាធិការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស។ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្តថា លោក អូបាម៉ា មានសង្ឃឹម ពីទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក មានភាពល្អប្រសើរជាងនេះ ដោយលោក នឹងជំរុញឲ្យមន្ត្រីការទូត និងស្ថានទូត នៅក្នុងទីក្រុងភ្នំពេញ បន្តធ្វើការជាមួយកម្ពុជា ក្នុងប្រយោជន៍ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្តទៀត។
ដោយឡែកទាក់ទង និងការគោរពសិទ្ធមនុស្ស លោកបន្តថា លោក ហ៊ុន សែន បានមានប្រសាន៍ថា «ប្រទេសកម្ពុជា មានការគោរពសិទ្ធិមនុស្ស បើប្រៀបធៀបទៅនឹងប្រទេសជិតខាង»។ លោកបានលើកជាឧទាហរណ៍ថា ប្រទេសខ្លះមិនត្រឹមបិទគណបក្សនយោបាយនោះទេ គឺថែមទាំងចាប់ខ្លួនអ្នកនយោបាយទៅដាក់គុកផងទៀត។
រីឯបញ្ហាការបោះឆ្នោតវិញ លោកប្រាក់ សុខុន បញ្ជាក់ថា កម្ពុជាមានច្បាប់របស់ខ្លួន ដែលមិនអាចធ្វើតាមសំណើ អ្នករាយការណ៍ពិសេសនោះបានទេ ព្រោះថា គេស្នើឲ្យមានសមាជិកគណបក្សប្រឆាំង ចូលទៅក្នុងគណៈកម្មការជាតិ រៀបចំការបោះឆ្នោត ហើយកម្ពុជាកំពុងតែពង្រឹងឯករាជ្យ និងអព្យាក្រឹតភាព នៅក្នុងគណៈកម្មការនេះ។
ទាក់ទិនទៅនឹងបញ្ហាដីធ្លី លោកប្រាក់ សុខុន បានស្រង់សម្ដី លោកហ៊ុន សែន ថា លោកនាយករដ្ឋមន្ត្រី ទទួលស្គាល់ថា ពិតជាមានជម្លោះដីធ្លី ប្រាកដមែន ទើបរដ្ឋាភិបាលបានសម្រេចដាក់ចេញ នូវ«គោលនយោបាយចាស់» សំរាប់សកម្មភាពថ្មីលើបញ្ហាដីធ្លី។ ហើយថា បញ្ហាដីធ្លី ជាពិសេសការជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ឬដីធ្លីនោះមានចំនួន«តិចតួច»តែប៉ុណ្ណោះ វាមិនមែនដូចការលើកឡើងរបស់គណបក្សប្រឆាំង ឬអង្គការសង្គមស៊ីវិលនោះទេ ពីព្រោះប្រជាពលរដ្ឋទាំងនោះ «រស់នៅលើដីដោយខុសច្បាប់» ដែលជាហេតុបង្ខំឲ្យរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់។
រីឯបញ្ហាអ្នកទោសនយោបាយវិញ លោក ហ៊ុន សែន បានលើកថា នៅកម្ពុជា«មិនមានអ្នកទោសនយោបាយ»នោះទេ ។ កម្ពុជាមានតែ អ្នកនយោបាយ«មានទោស»តែប៉ុណ្ណោះ។
ហើយក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិក អូស្ត្រាលី ក៏ដូចជាសហភាពអឺរ៉ុប ធ្លាប់បានពឹងពាក់រូបលោកផ្ទាល់ (ហ៊ុន សែន) ដើម្បីជួយទៅនិយាយជាមួយមេដឹកនាំភូមា ពីបញ្ហាកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។ តែឥឡូវបែជាកម្ពុជា ដែលជាគ្រូ«ប្រជាធិបតេយ្យ»របស់ មីយ៉ាន់ម៉ា នោះមានចំណាត់ថ្នាក់អន់ជាងប្រទេសមីយ៉ាន់ម៉ាទៅវិញ៕
---------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ