បាល់ទាត់ពិភពលោក៖ ជប៉ុន ជំនះយកស្មើ សេណេហ្គាល់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 25, 2018
- ប្រធានបទ: បាល់ទាត់ពិភពលោក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងការប្រកួតជុំដំបូង នៃវគ្គជម្រុះតាមពូល ក្រុមជម្រើសជាតិជប៉ុនបានបង្កការភ្ញាក់ផ្អើល ដោយយកជ័យជំនះ លើក្រុម កូឡំប៊ី ដែលត្រូវបានគេចាត់ទុកថាជាក្រុមខ្លាំងមួយ សម្បូរដោយកំពូលកីឡាករល្បីៗជាច្រើន ដែលកំពុងទាត់ នៅក្នុងក្រុមបាល់ទាត់អាជីពធំៗ នៅអ៊ឺរ៉ុបខាងលិច។ នៅក្នុងការប្រកួតជុំទីពីរ នៅល្ងាចថ្ងៃអាទិត្យនេះ ក្រុម ជប៉ុន បានបង្កើតក្ដីរំភើបជាថ្មី សម្រាប់បណ្ដាអ្នកតាមដានបាល់ទាត់ ដោយបានយកស្មើ ២-២ ជាមួយក្រុម សេណេហ្គាល់ ដែលបានប្រកួត នៅក្នុងជុំទីមួយ កាលពីសប្ដាហ៍មុន ឈ្នះលើក្រុម ប៉ូឡូញ។
ក្រុម សេណេហ្គាល់ បាននាំមុខក្រុម ជប៉ុន នៅក្នុងគ្រាប់បាល់ទាំងពីរ (នៅនាទីទី ១១ និងនាទីទី ៧១) របស់ខ្លួន តែក្រុមបាល់ទាត់ របស់រាជាណាចក្រ ជប៉ុន បានបើកការវាយបកវិញ យ៉ាងស្វិតស្វាញ ហើយរកបានគ្រាប់បាល់ស្មើវិញ ជាបន្តបន្ទាប់ នៅនាទីទី ៣៤ និងនាទីទី ៧៨។
» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម ជប៉ុន និងក្រុម សេណេហ្គាល់៖
លទ្ធផលស្មើនៃការប្រកួតនេះ បានផ្ដល់១ពិន្ទុ ទៅឲ្យក្រុមទាំងពីរ (៤ពិន្ទុសរុប) ដើម្បីបន្តកាន់កាប់ ចំណាត់ថ្នាក់ខាងលើបំផុត នៃពូល H និងមិនអាស្រ័យអ្វី នឹងលទ្ធផលនៃការប្រកួត រវាងក្រុម ប៉ូឡូញ និងក្រុម កូឡំប៊ី ក្នុងប៉ុន្មានម៉ោងខាងមុខនេះទេ។ យ៉ាងណា សម្រាប់ពូលចុងក្រោយនេះបង្អស់ នៅវេលានេះ គេនៅមិនទាន់ដឹងថា តើក្រុមណាទទួលបានសំបុត្រឆ្លងវគ្គ ហើយក្រុមណា ត្រូវវេចបង្វិចត្រឡប់ទៅផ្ទះវិញមុនគេ នៅឡើយដែរ៕