៨ចំណុច ដែលស្ត្រីមិនគួរមើលរំលង
- ដោយ: ក. សោភណ្ឌ អត្ថបទ និងស្រាវជ្រាវ៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៤
- កែប្រែចុងក្រោយ: December 28, 2014
- ប្រធានបទ: សុខភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្រ្តីមួយចំនួន មិនសូវបានយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព ក្នុងការស់នៅប្រចាំថ្ងៃនោះទេ។ នោះដោយសារតែនាង មានភាពមមាញឹកនឹងការងារ ការរៀនសូត្រ និងមិនបានខ្វល់ខ្វាយ អំពីបញ្ហាបន្តិចបន្តួចនៅជុំវិញខ្លួន ជាពិសេសមិនបានរៀបចំ និងប្រុងប្រយ័តចំពោះការការពារសុខភាព។ ខាងក្រោមនេះជាចំណុចសំខាន់ទាំង៨ ដែលស្ត្រីគួរប្រតិបត្តិតាមកុំរំលង៖
១. អនាម័យ៖ អនាម័យមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺផ្សេងៗ ដែលមានគ្រោះថ្នាក់ ក៏ប៉ុន្តែអនាម័យហួសហេតុពេក ក៏មិនមែនជាវិធីដ៏ល្អដែរ ដើម្បីធ្វើការទប់ស្កាត់ ជាមួយនឹងការឆ្លងជំងឺ ផ្សេងៗនោះ។ អ្នកវិទ្យាសាស្រ្ត របស់ប្រទេសអង់គ្លេស បានធ្វើការស្រាវជ្រាវ បញ្ជាក់ឲ្យឃើញថា អនាម័យត្រូវតែមានរបៀបរបស់វា ទើបធ្វើឲ្យជីវិតល្អប្រសើរ។ តែបើសិនជាអនាម័យត្រូវបានប្រកាន់ ដោយជ្រុលហួសហេតុពេកនោះ អាចបណ្តាលឲ្យយើងមានជំងឺទៅវិញ។
២. ឥទ្ធិពលរបស់ថ្នាំការពារការមានផ្ទៃពោះ៖ ថ្នាំលេបបង្ការមិនឲ្យមានផ្ទៃពោះ គឺជាវិធីសាស្រ្តមួយដ៏ល្អ ហើយអាចជួយការពារការឆ្លងជំងឺ និងធ្វើឲ្យសុខភាព របស់អ្នកបានល្អប្រសើរ ។ វាអាចជួយកាត់ បន្ថយបញ្ហាជំងឺមហារីក ចាប់ពី ២០ភាគរយ ឡើងទៅក្នុងរយៈពេល ៣០ឆ្នាំ។
៣. តែខ្មៅ ល្អប្រសើរជាងតែបៃតង៖ តែខ្មៅ មានផលប្រយោជន៍ ដល់សុខភាពជាងតែបៃតង ព្រោះវាជួយជម្រះមេរោគ នៅក្នុងមាត់និងធ្មេញរបស់យើង ហើយជួយឲ្យចលនា បេះដូងមានដំណើរបានល្អ។
៤. កាត់បន្ថយការប្រើប្រាស់ភេសជ្ជៈ ដែលមានជាតិហ្គាស៖ អ្នកមិនគួរគិតថាភេសជ្ជៈ ដែលមានជាតិហ្គាស ដូចជាទឹកសូដា ទឹកក្រូច ឬស្រាបៀរជាដើម ល្អចំពោះសុខភាពនោះទេ។ ផ្ទុយទៅវិញ វាមានផ្ទុកសារធាតុអាស៊ីត ផូស្វរិច អាចបណ្តាលឲ្យមានបញ្ហាមួយចំនួន ចំពោះកោសិកាឆ្អឹងរបស់អ្នក។ អ្នកខ្លះយល់ថា ការទទួលទានស្រាបន្តិច គឺល្អចំពោះសុខភាព ក៏ប៉ុន្តែអ្នកស្រាវជ្រាវ អំពីជំងឺមហារីក បានឲ្យដឹងថា ស្រាអាចប៉ះពាល់ និងធ្វើឲ្យកើតជំងឺមហារីកបាន ជាពិសេសជំងឺ មហារីកសុដន់។ ចំណែកឯស្រ្តីដែលជក់បារី តែងតែមានជំងឺមហារីក ស្បួនទ្វេដង ជាងអ្នកដែលមិនជក់បារី ។
៥. បន្ថែមនូវសារធាតុអាស៊ីតផូលីត៖ អាស៊ីតផូលីតគឺជាសារធាតុមួយ ក្នុងចំណោមសារធាតុទាំង៦ ដែលមានសារៈសំខាន់ ដល់ស្រ្តី ដែលជួយឲ្យស្រ្តី ជៀសវាងពីជំងឺស្រ្តី និងជួយការពារ កុំឲ្យឆាប់ចាស់ ។
៦. ឆ្លៀតអាកាស ដើម្បីស្រូបកំដៅព្រះអាទិត្យ៖ អ្នកអាចទទួលយកវីតាមីន D ដែលបានពីពន្លឺព្រះអាទិត្យ ត្រឹម ២០នាទី ជារៀងរាល់ថ្ងៃ ដើម្បីបញ្ជៀសជំងឺមហារីកស្បែក។ ប៉ុន្តែប្រសិនបើអ្នកហាលថ្ងៃយូរពេក វានឹងធ្វើឲ្យរលាកស្បែក និងងាយស្រួលកើត ជំងឺមហារីកស្បែកទៅវិញ។
៧. ស្រ្តីត្រូវតែមានកូនមុនអាយុ៣០ឆ្នាំ ដើម្បីជួយកាត់បន្ថយជំងឺមហារីកសុដន់៖ មិនត្រឹមតែប៉ុណ្ណឹង ស្រ្តីដែលកូនបៅទឹកដោះខ្លួន នឹងជួយកាត់បន្ថយជំងឺឈឺសន្លាក់ឆ្អឹង បានរហូតដល់ទៅ ៥០ភាគរយ។ ការបំបៅដោះកូន អាចជួយឲ្យស្ត្រីវ័យកណ្តាលជាម្ដាយ មានភាពកាន់តែប្រសើរឡើង ខាងសុខភាព ជាងស្ត្រីដែលឲ្យកូនប៉ៅទឹកដោះគោ។
៨. ហាត់ប្រាណជាប្រចាំ ដូចជាកីឡាលើកដុំដែក ដែលសមស្រប៖ ដើម្បីឲ្យសាច់ដុំរបស់អ្នកមានភាពរឹងមាំ ជៀសវាងការឈឺខ្នង និងជួយឲ្យរូបរាងកាយ របស់អ្នកស្រស់ស្រាយ គ្មានជំងឺផ្សេងៗ ស្រ្តីគួតែមានពេលវេលាមួយ សម្រាប់ហាត់ប្រាណឲ្យបានគ្រប់គ្រាន់ ៕