កែ សុវណ្ណារ័ត្ន លើកពី«៤»ចំណុចថ្មី ខណៈ វង សូត ថាកំពុងអនុវត្តន៍
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី២៥ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 27, 2014
- ប្រធានបទ: សង្គមកិច្ច
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន លោក វង សូត នាវិមានរដ្ឋសភា កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤នេះ បានឯកភាពក្នុងការបង្កើតឲ្យមាន «អនុក្រឹត្យ»ថ្មីមួយ ដើម្បីបង្កើនប្រាក់ឧបត្ថម្ភ ដល់អ្នកដែលរស់នៅក្នុងមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបញ្ហាមួយចំនួនទៀត។ នៅចំពោះគណៈកម្មការសុខាភិបាល សង្គមកិច្ច យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា លោក វង សូត បានថ្លែងថា លោកនឹងទទួលធ្វើតាមសំណូមពរ ឬការលើកឡើងរបស់គណៈកម្មការទី៨ នៃរដ្ឋសភា។
ការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានធ្វើឡើង បន្ទាប់ពីលោក បានចូលឆ្លើយបំភ្លឺដល់គណៈកម្មការទី៨ នៃរដ្ឋសភា ដែលដឹកនាំដោយលោកស្រី កែ សុវណ្ណារ័ត្ន ជុំវិញភារកិច្ចទទួលខុសត្រូវរបស់ក្រសួងរបស់លោក។
ក្នុងជំនួបសួរដេញដោលនោះ ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ បានដាក់ចេញនូវគោលការណ៍ និងភារកិច្ច៤យ៉ាង ស្នើរឲ្យលោករដ្ឋមន្រ្តី ដែលមកពីគណបក្សប្រជាជនកម្ពុជា ធ្វើការអនុវត្ត និងបន្តរការអនុវត្តការងាររបស់ខ្លួន ដែលមានស្រាប់នោះឲ្យមានប្រសិទ្ធិភាពខ្ពស់។
គោលការណ៍ទាំងបួននោះ រួមមាន៖
១- យល់ព្រមបង្កើនរបបអាហារពី១៥០០រៀល (ក្នុងពេលមុន) ទៅ ៤០០០ រៀល ក្នុងមួយថ្ងៃ។
២- បើកទូលាយមណ្ឌលកែប្រែ ដែលគ្រប់គ្រងជនពិការ ជនវិកលចរិត ជនអនាថា និងអ្នកញៀនគ្រឿងញៀន គ្មានការលាក់កំបាំង ដើម្បីឲ្យអង្គការសង្គមស៊ីវិលមានសិទ្ធិចូលមើល និងសួរសុខទុក្ខ។
៣- បង្កើតវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងមជ្ឈមណ្ឌលសម្រាប់អ្នកគ្មានទីពឹង និងមុខរបរ ដើម្បីឲ្យមានឱកាសរកការងារធ្វើ។
៤- ស្នើសុំឱ្យមានការតាមដានវាយតម្លៃ ការកំណត់របបគោលនយោបាយប្រាក់សោធននិវត្តន៍ របស់ជនពិការឱ្យមានតម្លាភាព និងយុត្តិធម៌ ជៀសវាងការរើសអើង។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បន្ទាបពីជំនួបនោះ លោក វង សូត បានបង្ហាញនូវមោទនភាពរបស់ខ្លួនថា អ្វីដែលប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានស្នើឡើងនេះ ក្រុមការងាររបស់លោក ក៏កំពុងតែបានធ្វើរួចជាជំហានៗទៅហើយដែរ។ លោកបានថ្លែងថា៖ «វាមានអ្វីពិបាក បើយើងបាននឹងកំពុងគិតរួចទៅហើយ។ ចឹងក៏ស្របគ្នាហើយ។»
ទោះយ៉ាងណា លោកបានទទួលស្គាល់ថា ការងារទាំងអស់នោះ លោកបានធ្វើត្រឹមតែក្នុងក្របខណ្ឌ«ប្រកាស»ប៉ុណ្ណោះ មិនបានសម្រេចដល់ក្របខណ្ឌ«អនុក្រិត្យ»ឡើយ។ លោកបន្តថា ក្រោយពីជំនួបនេះ លោកនឹងរៀបចំការងារទាំងនោះ ឲ្យស្ថិតនៅក្នុងអនុក្រិត្យវិញ។
សម្រាប់លោកស្រី កែ សុវណ្ណារ័ត្ន វិញ បានចាត់ទុកថា «បួន»ចំណុចខាងលើនេះ មិនមែនជាការសន្យារបស់លោករដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំពោះមុខលោកស្រីទេ តែជាការសន្យាចំពោះមុខគណៈកម្មការទី៨ នៃរដ្ឋសភា។ លោកស្រីបន្ថែមថា លោកស្រីគាំទ្រចំពោះការលើកឡើងរបស់លោក វង សូត ដែលបានឆ្លើយថា បញ្ហាទាំងអស់ដែលគណៈកម្មការទី៨ នៃរដ្ឋសភា បានលើកឡើងនោះ កំពុងស្ថិតក្នុងដែនអនុវត្តន៍ និងការរៀបចំរបស់ក្រសួងពីមុនមក និងដល់បច្ចុប្បន្ន។
តាមការសន្យានេះ លោកស្រីប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានសង្ឃឹមថា នឹងទទួលបានជោគជ័យ ជាមួយនឹងយុត្តិសាស្ត្រថ្មីនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមការងាររបស់លោកស្រី និងបន្តតាមដាន ហើយជួយជម្រុញឲ្យការងារនោះឲ្យកាន់តែមានប្រសិទ្ធិភាព៕
សូមទស្សនាការលើកឡើងពិស្តារ របស់លោក វង សូត និងលោកស្រី កែ សុវណ្ណារ័ត្ន ជាមួយអ្នកសារព័ត៌មានដូចខាងក្រោម៖
(វីដេអូមកដល់ក្នុងពេលបន្តិចទៀត)
----------------------------------