ក្រុម​សន្តិសុខ​«ក្រុង» វាយ​ក្មេង​ប្រុស​លក់​ដូង​បែក​ក្បាល នៅ​បូរី​កីឡា

ព្រឹត្តិការណ៍នៃការប្រើប្រាស់នូវអំពើហិង្សាជាថ្មី ដោយក្រុមអាជ្ញាធរសាធារណៈ និងក្រុមសណ្តាប់ធ្នាប់ ទៅលើអតីត​អ្នកបុរីកីឡា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ បានធ្វើក្មេងប្រុសជាអនីតិជនអ្នកលក់ដូងម្នាក់បែកក្បាលឈាមដាបមុខ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: February 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រឹត្តិការណ៍នៃការប្រើប្រាស់នូវអំពើហិង្សាជាថ្មី ដោយក្រុមអាជ្ញាធរសាធារណៈ និងក្រុមសណ្តាប់ធ្នាប់ ទៅលើអតីត​អ្នកបុរីកីឡា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ បានធ្វើក្មេងប្រុសជាអនីតិជនអ្នកលក់ដូងម្នាក់បែកក្បាលឈាមដាបមុខ។


ក្មេងប្រុសលក់ដូង ដែលត្រូវបានវាយឲ្យបែកក្បាល នៅបូរីកីឡា ថ្ងៃទី១៤ ខែកុម្ភះឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. vary)

វាយតប់ - ការបណ្តេញ អតីតអ្នកបូរីកីឡាដោយជោគជ័យ ចេញពីអាគារទីប្រាំបួន ដែលកំពុងសាងសង់​មិន​ទាន់​រួច​រាល់ជាស្ថាពរនេះ ក៏បានធ្វើស្រីបួននាក់រងរបួសធ្ងន់ ក្នុងនោះម្នាក់មានផ្ទៃពោះជាងប្រាំបីខែ និងជាង១០នាក់ទៀត​របួសស្រាល។ ពិសេសមានក្មេងប្រុសជាអនីតិជនម្នាក់ ដែលលក់ដូងជាប្រចាំនៅទីនោះ ត្រូវបានរងរបួសដោយ​សារ​ក្រុមសន្តិសុខ ក្នុងឯកសណ្ឋានឈុតខៀវ ពាក់មួកឈ្លុបមានគ្នា ប្រហែលជាងប្រាំនាក់ បានវាយសំពងនឹងដំបងឈើ លាបពណ៌ខ្មៅ ទៅលើក្មេងនោះដោយចោទប្រកាន់ថាជាអ្នក«គប់»ដុំថ្មទៅលើក្រុមរបស់ខ្លួន។

តាមសាក្សីដែលនៅជាប់នឹងហេតុការណ៍នេះ អ្នកស្រី សារ៉ាន់ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ក្មេង​ប្រុសឈ្មោះ ឈីញ អាយុ១៦ឆ្នាំ ជាអ្នកលក់ដូងឈរនៅជិតគាត់ មិនបានចូលរួមក្នុងការធ្វើបាតុកម្មទាមទារនោះទេ។ គាត់ជាអ្នកតាកែវ ហើយបានមកជួលផ្ទះ នៅក្នុងបូរីកីឡានេះ ដើម្បីប្រកបមុខរបរលក់ដូង។ អ្នកស្រីបន្តរថា កំពុងតែ​ឈរ (ចំងាយជិតដប់ម៉ែត្រពីក្រុមសណ្តាប់ធ្នាប់នោះឈរជើង) ស្រាប់តែសន្តិសុខនោះ​មានគ្នាជាងប្រាំនាក់​មកវាយ​លើគាត់លឺសូរ«ប៉ែសៗ»ចំនួនពីរដំបង និងពីដំបងទៀតត្រូវគាត់ជៀសផុត។ (...) ឯប៉ូលីសដែលកាន់ខែល និងដំបង​នៅ​ជិតនោះមិនព្រមជួយឃាត់ទេ។

អ្នកស្រីបញ្ជាក់ថា «ទោះបីពាក់មួកជិត តែខ្ញុំមើលឃើញ និងចាំមុខអ្នកវាយនោះ។ បើតុលាការ ឬអ្នកណាហៅខ្ញុំទៅ​ធ្វើជាសាក្សីក៏ព្រមដែរ ខ្ញុំមិនខ្លាច ព្រោះខ្ញុំឃើញច្បាស់ ហើយគាត់ក៏មិនបានចូលរួមនឹងគេដែរ(ទាមទា,តវ៉ា)។ (...) វាអយុត្តិធម៌ពេក ធ្វើយ៉ាងនេះ។»

អ្នកស្រី ម៉ៅ ស៊ឿន បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅកន្លែងកើតហេតុថា ឈ្មោះ ឈីញ កំពុង​អង្កុយ​លើគ្រែជាមួយគាត់ មិនបានដឹងអ្វីទេ ស្រាប់តែក្រុមសន្តិសុខក្រុងទាំងនោះ មកវាយយកទាំងកម្រោលតែម្តង ដោយ​មិនដឹងខុសត្រូវនោះទេ។

ក្មេងប្រុសឈ្មោះ ឈីង នោះ ក្រោយពីត្រូវក្រុមសន្តិសុខនោះវាយបែកក្បាលហើយ មិនព្រមឲ្យគេជូនទៅពេទ្យទេ ដោយយំបណ្តើរនិយាយាបណ្តើថា «ឯងចាំមើលអា! អាញ់គ្រាន់តែឈរមើលទេតើ ម៉ិចមកវាយអញ ឯងចាំមើល​អាៗ!»។ បន្ទាប់ពីនោះមក ក្មេងប្រុសនោះត្រូវបានមន្រ្តីអង្គការ ដឹកទៅមន្ទីរពេ្យដើម្បីព្យាបាល និងរុំរបួស។

ទោះយ៉ាងណាក៏ដោយ ក្រោយព្រឹត្តិការណ៍នៃការវាយទៅលើក្មេងប្រុសនេះ មន្រ្តីសមត្ថកិច្ចម្នាក់ កាន់ដំបង និងខែល នៅជាប់ជាមួយក្រុមដែលបានវាយនោះ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានទទួលស្គាល់ពី​កំហុសនៃក្រុមសន្តិសុខ​ទាំងនោះ ដោយវាយ​ខុស​ ទៅលើអ្នកដែលបានគប់ដុំថ្មចូល ទៅក្នុងហ្វូងសន្តិសុខទាំងនោះ។ លោកបានបញ្ជាក់​បន្តរ​ថា «ខ្ញុំបានឃើញអ្នកគប់រត់ទៅឆ្ងាយហើយ តែក្រុមសន្តិសុខទាំងនោះមិនស្គាល់អ្នកគប់ ដល់ពេលមកឃើញក្មេង​ប្រុស​នេះ​ក៏វាយយកតែម្តង។»

ដោយឡែកប្អូនស្រី ញ៉េន ស្រីម៉ី អាយុ១៣ឆ្នាំ ក៏បានចូលខ្លួនធ្វើជាសាក្សីឲ្យក្មេងប្រុសឈ្មោះ ឈីញ នោះដែរថា គាត់ (ឈ្មោះឈីញ) បានមកឈរមើលជាមួយប្រជាពលរដ្ឋដ៏ទៃទៀត។ ពេលនោះមានអ្នកគប់ដុំថ្មមកពីក្រោយ ឯក្រុម​សន្តិសុខ​ទាំងនោះក៏បានសម្រុកចូលមក គាត់ក៏ថយចេញពីមុខគេ ស្រាប់តែសន្តិសុខទាំងនោះវាយគាត់យកតែម្តង។

តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិ លោក ស្រី មួសុខហួរ ដែលបាននៅក្នុងហេតុការណ៍នោះបានបញ្ជាក់ថា ពេលលោកស្រីបានមកដល់ ឃើញមានកាន់ខែល ដំបង លោកស្រីបានចាត់ទុកថា នេះជាសញ្ញានៃការ​បង្ក្រាប​ហើយ។ បន្ទាប់មកលោកស្រីក៏លឺសម្រែកចេញពីក្រុមសន្តិសុខ ដែលមិនមែនជាសន្តិសុខក្រុងទេ ស្រែកថា «វាយ​ទៅៗ»។ លោកស្រីបានបន្តថា លោកស្រីបានប្រើនូវកម្លាំងរបស់ខ្លួនច្រានក្មេងប្រុសនោះចេញ បើពុំដូច្នេះទេ ក្មេង​នោះនឹងអាចត្រូវគេវាយស្លាប់។ ជាមួយគ្នានឹងការរំដោះក្មេងនោះចេញ លោកស្រីក៏បានគេ​វាយត្រូវចាំដៃខាងឆ្វេង​ផងដែរ។

ចំណែកហេតុការណ៍នៃការចោលដំថ្មនោះ ប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានលើកឡើងថានេះ ជាបាតដៃ​ទីបីរបស់រដ្ឋាភិបាល ដែលប្រើមនុស្សឲ្យបន្លំចូលមកគប់ទៅលើក្រុមសន្តិសុខ នឹងអាលគេមាន«លេស»​ក្នុងការ​វាយ​សង្គ្រប់យកតែម្តង។ ពួកគាត់បន្តរថា ដូចករណីនៅស្ពាននាគ លើផ្លូវនរោត្តមនាពេលកន្លងមកជាដើម។ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ម្សិលម៉ិញនេះក្នុងកិច្ចប្រជុំជាមួយតំណាងអ្នកបូរីកីឡា អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក៏បានប្រកាសដែរថា បើសិនជាពលរដ្ឋទាំងនោះមិនព្រមរើចេញទេ ហើយមានព្រឹត្តិការណ៍អ្វីមួយកើតឡើង នោះ​សាលារាជធានីភ្នំពេញនឹងមិនទទួលខុសត្រូវឡើយ៕

នេះជាវីដេអូនៃការវាយក្បាលកុមារអ្នកលក់ដូង នៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៤៖

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...