រំឮកឡើងវិញ បួនចំនុចនៃបញ្ហាអ្នកភូមិបឹងកក់ ក្នុងរយៈពេលចុងក្រោយ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: July 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ជម្ងឺគ្រុនសន្ធំមួយ ដែលបានកើតឡើងនៅចំកណ្តាលរាជធានីភ្នំពេញ ក្រោមគម្រោងអភិវឌ្ឍន៍តំបន់«សេដ្ឋកិច្ច និងទេសចរណ៍» មកទល់នឹងពេលនេះ បានឈឺរ៉ាំរ៉ៃអស់ជាងប្រាំពីរឆ្នាំហើយ នៅតែមិនទាន់មានសញ្ញា នៃដោះស្រាយណាមួយ ឲ្យបានជាក់ច្បាស់នៅឡើយ។
អ្នកភូមិបឹងកក់ ដែលអាជ្ញាធរចាប់បញ្ជួនមកប្រឈមនឹងការកាត់ក្ដី នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទីទី២៤ ខែឧសភា ឆ្នាំ២០១២។
ជម្ងឺដែលដំបូងឡើយ គ្រាន់តែបញ្ហាសមញ្ញមួយប៉ុណ្ណោះ តែវាបានក្លាយបន្ដិចម្ដងៗ សឹងតែជា«ជំងឺមហារីក» ដោយសារតែអ្នកជម្ងឺតែងស្រែកដង្ហោយជាញ៉ឹកញយ ថាខ្លួនបានបាត់បង់សិទ្ធិលំនៅដ្ឋាន និងដីធ្លី ហើយវាបានប៉ះពាល់យ៉ាងខ្លាំង ទៅដល់មុខមាត់ររបស់រដ្ឋាភិបាល។ នោះគឺបញ្ហាដីធ្លី ដែលបានកើតឡើងយ៉ាងហោចណាស់ ទៅលើតំបន់ចំនួនពីរក្នុងរាជធានីភ្នំពេញ៖ បូរីកីឡា និងបឹងកក់។
ដោយឡែក ការវិវត្តថ្មីៗ ទៅលើបញ្ហាដីធ្លីនៅតំបន់បឹងកក់ បានក្លាយជាសំនុំរឿងមួយថ្មីទៀត ទន្ទឹមនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដែលបានទាក់ទាញចំណាប់អារម្មណ៍ របស់សាធារណជនឲ្យយកចិត្តទុកដាក់ ជាពិសេស គឺបញ្ហាចុងក្រោយដែលអ្នកផង ប្រៀបធៀបបញ្ហានេះទៅនឹង «ដង្កូវចេញពីសាច់ឯង» ឬ«ខ្មាំងស៊ីរូងផ្ទៃក្នុង»។
សម្រាប់អ្នកដែលខកខានមិនបានតាមដាន សាច់រឿងនៃ«ជម្ងឺដីធ្លី»នេះ តាំងពីប៉ុន្មានសប្ដាហ៍មកនោះ យើងសូមលើករឿងនេះត្រឡប់មកនិយាយខ្លីៗវិញ ចំនួនបួនចំនុច។
១-អ្នកបឹងកក់និងបុរីកីឡាទាមទារឲ្យមានដំណោះស្រាយដីធ្លីមុនបោះឆ្នោត
ជនរងគ្រោះដីធ្លីនៅភ្នំពេញ អ្នកភូមិបឹងកក់ កាលពីថ្ងៃទី២៩ ឧសភា កន្លងមកបានធ្វើបាតុកម្មបិទមហាវិថីព្រះមុនីវង្ស ចំមុខសាលារាជធានីភ្នំពេញ។ ក្នុងការបិទផ្លូវនេះ អាជ្ញាធរបានប្រើរថយន្តពន្លត់អគ្គិភ័យបីគ្រឿង បាញ់ទឹកសន្ធាប់ទៅលើពួកគាត់ ដែលបណ្ដាលឲ្យស្ត្រីបីនាក់សន្លប់នៅនឹងកន្លែង។ រសៀលថ្ងៃនោះដែរ ក៏មានការប្រទាញប្រទង់គ្នា រវាងសមត្ថកិច្ច និងក្រុមអ្នកភូមិបឹងកក់ បានបណ្តាលឲ្យ អ្នកស្រី ខែក ចាន់រស្មី អាយុ៣៣ឆ្នាំមានផ្ទៃពោះពីរខែកន្លះរលូតកូន និងស្ត្រីម្នាក់ទៀតឈ្មោះ បូវ សោភា អាយុ ៣៦ឆ្នាំ រងរបួសត្រូវពោះ។
មកដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣ មានការទាមទារឲ្យដោះស្រាយករណីដីធ្លីនេះ ឲ្យបានមុនការបោះឆ្នោត បង្កើតរដ្ឋាភិបាលថ្មី។ ប្រជាពលរដ្ឋ អ្នកភូមិបឹងកក់ បានលើកឡើងថាពួកគាត់ត្រូវការយុត្តិធម៌ ការដោះស្រាយពិតប្រាកដមួយ មិនចង់បាននូវការសន្យាពន្យារពេល និងភូតកុហកដូចលោក កែប ជុតិមា នោះទេ។ អ្នកបឹងកក់បញ្ជាក់ថាឥឡូវនេះលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីថ្មី មិនទាន់បង្ហាញពីឆន្ទៈណាមួយ គោរពតាមសម្ដីរបស់ខ្លួនដែលថា នឹងដោះស្រាយជូនប្រជាពលរដ្ឋនោះនៅឡើយ។
២-អន្តរាគមពីលោកហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
បន្ទាប់ពីមានការរិះគន់ពីមតិសាធារណៈជន ជាពិសេសទៅលើអង្គការជាតិ និងអន្តរជាតិមួយចំនួន ទៅលើការប្រើប្រាស់នូវកំលាំងហិង្សាដូចជាការបាញ់ទឹក និងការប្រើនូវកម្លាំងទាហាន ប៉ូលីស ប្រដាប់ដោយខែល និងដំបង ក្នុងការបំបែកហ្វូងបាតុកម្មនោះ ស្រាប់តែនៅថ្ងៃទីបី ខែកក្ដដា ឆ្នាំ២០១៣ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានកោះហៅតំណាងអ្នកភូមិបឹងកក់ ឲ្យចូលទៅជួបពិភាក្សាផ្ទាល់។
បើតាមប្រភពពីតំណាងពលរដ្ឋបឹងកក់ម្នាក់លោក ចាន់ ពុទ្ធិសាក់ បានប្រាប់ថា លោក ហ៊ុន ម៉ាណែត និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានសន្យានឹងជួយដោះស្រាយ បញ្ចប់វិវាទដីធ្លីរបស់ពួកគាត់ នៅក្នុងពេលឆាប់ៗខាងមុខនេះ ដោយហាមមិនឲ្យអ្នកភូមិចេញដើរតវ៉ា នៅតាមទីសាធារណៈតទៅទៀតនោះឡើយ ជាពិសេសជាមួយក្រុមអ្នកស្រី ទេព វណ្ណី។ លោកពុទ្ធិសាក់ បានបន្តរថា លោកមិនមែនតវ៉ាតាមអ្នកស្រី ទេព វណ្ណីទេ តែធ្វើការទាមទារដើម្បីដីធ្លីនឹងផ្ទះសម្បែងប៉ុណ្ណោះ ហើយក៏នឹងមិនធ្វើការតវ៉ាណាមួយ នៅពេលដែលទទួលបាននូវដំណោះស្រាយពិតប្រាកដ។
៣-ជម្លោះផ្ទៃក្នុងរបស់អ្នកភូមិបឹងកក់
បន្ទាប់ពីមានការលើកឡើងខាងលើ ក្នុងខណៈដែលជម្លោះដីធ្លីដ៏រ៉ាំរ៉ៃក្នុងតំបន់បឹងកក់ នៅមិនទាន់មានដំណោះស្រាយនៅឡើយ ស្រាប់តែមានការបំបែកគ្នាជាពីរ នៃក្រុមអ្នកបឹងកក់ និងធ្វើការប្រឆាំងគ្នាទៅវិញ មួយដឹកនាំដោយអ្នកស្រីទេព វណ្ណី និងមួយទៀតដឹកនាំដោយអ្នកស្រី ហេង មុំ។ ទោះបីយ៉ាងនេះក្តី ក្រុមថ្មីដែលដឹកនាំដោយអ្នកស្រី ហេង មុំ បានអះអាងថា ការបំបែកខ្លួននេះមិនមានសាលារាជធានី នៅពីក្រោយនោះឡើយ។
សម្រាប់បញ្ហានេះ មិនមានអ្វីប្លែកនោះទេ ព្រោះកន្លងមក ករណីបែបនេះ បានកើតមានជាហូរហែរួចមកហើយ។ តែទោះជាយ៉ាងនេះក្តី ក៏វានៅតែជាមន្ទិលសង្ស័យមួយ សម្រាប់សាធារណជននោះដដែលដែរ។
ភាពមន្ទិលសង្ស័យបានកើតមានឡើង ថាអាចមានអ្នកមានអំណាចណាមួយនៅពីក្រោយ នៃការបំបែកក្រុមថ្មីមួយនេះ ដោយសារតែកន្លងមក ស្ថានីយទូរទស្សន៍ទាំងរដ្ឋ និងឯកជន មិនដែលបានផ្សព្វផ្សាយ ពីសកម្មភាពតវ៉ារបស់ក្រុមអ្នកភូមិបឹងកក់ទាំងនោះទេ។ តែអ្វីដែលចំឡែកនោះ នៅថ្ងៃទី២ ខែកក្កដា ស្ថានីយទូរទស្សន៍ក្នុងស្រុកជាច្រើន ដែលធ្លាប់ផ្សាយតែសកម្មភាពរបស់រដ្ឋាភិបាល និងគណបក្សកាន់អំណាចនោះ បែរជាបានចាក់ផ្សាយយ៉ាងខ្លាំងក្លា នូវសន្និសីទសារព័ត៌មានរបស់ក្រុមអ្នកភូមិបឹងកក់ថ្មី ដែលដឹកនាំដោយអ្នកស្រី លី មុំ ជាក្រុមប្រឆាំងនោះទៅវិញ។
៤-ការមិនទទួលស្គាល់តំណាងអ្នកភូមិបឹងកក់
ក្រោយពីមានការចោទប្រកាន់ទៅលើតំណាងអ្នកភូមិបឹងកក់ អ្នកស្រី ទេព វណ្ណី ថាមាននិន្នាការប្រកាន់បក្ខពួកនោះ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៣ មានពលរដ្ឋបឹងកក់មួយចំនួន ដែលដឹកនាំដោយអ្នកស្រី ថុល ស្រីពៅ អ្នកស្រី ហេង មុំ និងលោក ឌួង សុគា បាននាំគ្នាយកញត្តិ មកដាក់តាមស្ថានទូតបរទេសនានាប្រចាំនៅកម្ពុជា ប្រកាសឈប់ទទួលស្គាល់អ្នកស្រី ទេព វណ្ណី ជាតំណាងរបស់ខ្លួន។ ក្រុមអ្នកស្រីហេង មុំ ថែមទាំងបានយកញាតិមិនទទួលស្គាល់នេះ ទៅដាក់ឲ្យស្ថាប័នអន្តរជាតិធំៗ ដូចជា ធនាគារពិភពលោក សហគមន៍អឺរ៉ុប នោះផង។ ញាតិដែលត្រូវបានការពារថា មិនជាប់ពាក់ព័ន្ធរឿងនយោបាយនោះ បានចោទប្រកាន់ អ្នកស្រី ទេព វណ្ណី ថាបានយកអ្នកភូមិបឹងកក់ ប្រមាណជាពីររយគ្រួសារ «ជាឈ្នាន់» ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។
គួររំលឹកថា តំបន់បឹងកក់ដែលមានទំហំផ្ទៃដីជាង ១០០ហិកតា ត្រូវបានរាជរដ្ឋាភិបាលប្រគល់ ឲ្យក្រុមហ៊ុនសម្បទានឈ្មោះ ស៊ូកាគូអ៊ីន អភិវឌ្ឍន៍ក្នុងរយៈពេល ៩០ឆ្នាំ។ នយោបាយសម្បទានដីធ្លីនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនជាង ៤០០០ គ្រួសារ ប៉ុន្តែប្រជាជនភាគច្រើន បានយល់ព្រមចាកចេញ ដោយព្រមទទួលយកគោលនយោបាយរបស់រដ្ឋាភិបាល។
កន្លងមកនៅក្នុងឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ដីជាង ១២ហិចតា ពីតំបន់ជម្លោះជាមួយក្រុមហ៊ុនស៊ូកាគូអ៊ីន របស់លោកឧកញ៉ា ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា មកចែកជូនប្រជាពលរដ្ឋសហគមន៍បឹងកក់ ដែលនៅសេសសល់ពីការបណ្តេញចេញដោយបង្ខំនេះវិញ។តែមកទល់នឹងពេលនេះ មិនមានការអនុវត្តណាមួយ តាមការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើឡើយ ដែលធ្វើឲ្យមានពលរដ្ឋយ៉ាងហោចណាស់៦៣គ្រួសារ នៅមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិ និងជាមូលហេតុនៃការតវ៉ាជាបន្តបន្ទាប់ មកទល់នឹងបច្ចុប្បន្ននេះ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ