កងបញ្ជាការខណ្ឌសែនសុខ បើកកៀររថយន្ដកម្មករ រួចចុះមកក្របួចកអាវ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២៥ កុម្ភៈ២០១៥
- កែប្រែចុងក្រោយ: February 25, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការភ្ញាក់ផ្អើលមួយ បានកើតឡើង នៅវេលារសៀលម៉ោង ២និង៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ខាងលិចស្ពានអាកាស៧មករា ប្រមាណជា៣០០ម៉ែត។ ហេតុការណ៍នេះ បង្កឡើងដោយរថយន្តពីរគ្រឿង ដែលម្ខាងជារថយន្ត ធ្វើចររាចរណ៍ របស់អភិបាលខណ្ឌសែនសុខ និងម្ខាងទៀត ជារថយន្តឈ្នួល ដឹកអ្នកដំណើរមកពីខេត្តតាកែវ។ រថយន្ដទាំងពីរ បានប៉ះគ្នា បង្កឲ្យមានកាខូចខាត រថយន្តដឹកអ្នកដំណើរ ផ្នែកខាងមុខ។
សាក្សីនៅកន្លែងបានឲ្យដឹងថា រថយន្តទាំងពីរ បានបើកក្នុងទិសដៅស្របគ្នា ស្រាប់តែមកដល់កន្លែងកើតហេតុ រថយន្តរបស់បញ្ជាការដ្ឋាន ខណ្ឌសែនសុខ ដែលគ្មានស្លាកលេខ បានកៀររថយន្តឈ្នួល ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ កណ្តាល 2A-5711 ដែលកំពុងបើកបរ ក្នុងទិសដូចគ្នា បណ្តាលឲ្យរថយន្តឈ្នួល រងការខូចខាតផ្នែកខាងមុខ។ សាក្សីបានបន្តថា គេឃើញម្ចាស់រថយន្តខណ្ឌសែនសុខ ចាប់ទាញកអាវ ម្ចាស់រថយន្តឈ្នួល ទាំងសម្លេងសម្លុតខ្លាំងៗ ជាមួយនឹងអាការៈ បង្កភាពរញេញៃលើសពីអ្វី ដែលខ្លួនកំពុងធ្វើសណ្តាប់ធ្នាប់ ទៅទៀត។
ម្ចាស់រថយន្តឈ្នួល លោក វ៉ាន់ ថន រស់នៅភូមិត្រពាំងភ្លោះ ឃុំអូរសារាយ ស្រុកត្រាំកក់ខេត្តតាកែវ បានឲ្យដឹងថា លោកបើករថយន្ត ដឹកកម្មកកររោងចក្រ១១នាក់ ទៅធ្វើតេសឈាម ស្រាប់តែរថយន្តបង្ករខាងលើ បើកមកកៀរឡានរបស់លោក ហើយបានចុះមកនិយាយខ្លាំងៗ ថាឲ្យលោកប្រគល់សោឡាន ទាំងប្រើដៃទាំងពីរ ក្របួចកអាវរបស់លោកផង។ លោកបានសួរភ្លាមៗ ទៅម្ចាស់ឡានបង្កថា តើឡានលោកខុសអ្វី តែភាគីម្ខាងទៀតមិនឆ្លើយ ហើយនៅតែបង្ខំឲ្យលោក ប្រគល់សោឡានដដែល។
កម្មការិនីម្នាក់ អ្នកស្រី សោភា នៅជិះលើរថយន្តនេះដែរ បានឲ្យដឹងថា ពួកអ្នកស្រីទាំងអស់គ្នា មានសំបុត្រពេទ្យត្រឹមត្រូវ មានទាំងការបញ្ជាក់លេខ យ៉ាងច្បាស់ ចេញពីមន្ទីពេទ្យថែមទៀត។ ប៉ុន្តែអ្នកស្រីឆ្ងល់ថា ហេតុអ្វីបានជាមកចាប់ គម្រាមកំហែងបែបនេះ ហើយឡាន មិនបានដាក់លើសចំណុះនោះទេ គឺមានគ្នាតែ១១នាក់ប៉ុណ្ណោះ។
ចំណែកឯម្ចាស់រថយន្តបង្កលោក យ៉ា សោភាន់ បាននិយាយក្នុងសម្តីធំៗ មកកាន់អ្នកសារព័ត៍មានថា លោកធ្វើការតាមបញ្ជារបស់ថ្នាក់លើ គឺលោកអភិបាលរង ខណ្ឌសែនសុខឈ្មោះ ស៊ីធុល។ ហើយលោកបានប្រាប់ទៀតថា មានរថយន្តច្រើនគ្រឿង តែលោកចាប់តែឡានមួយនេះ។ បុរសម្នាក់នេះ មិនបានប្រាប់ ពីហេតុផលច្បាស់លាស់នោះទេ ដោយនៅតែទាមទារយកសោរឡាន និងចង់យកឡានដឹកកម្មករ ទៅកាន់ខណ្ឌសែនសុខ ជាបន្ទាន់។ លោកបានស្រដីថា៖ «ការរៀបចំសណ្តាប់ធ្នាប់ តែងតែមានការប៉ះពាល់ហើយ!»។
បន្ទាប់ពីមានការឈ្លោះប្រកែកគ្នា នៅកន្លែងកើតហេតុ ម្ចាស់រថយន្តបង្ករ បានបើកឡានទៅកាន់ខណ្ឌវិញ ដោយមិនមានផ្តល់សំណងអ្វីទាំងអស់ ទៅឡានជនរងគ្រោះ៕