រស់នៅក្នុងផ្ទះជាមួយគ្នា៖ ធ្វើ​ដូចម្ដេច ដើម្បី​អោយ​«សុខ»​នឹង​គ្នា?

ការរស់នៅជាមួយអ្នកដទៃ អាចមានការលំបាក ជាពិសេសនៅពេលដែលអ្នកទាំងនោះ មកពីស្ថានភាពគ្រួសារ ជីវិតខុសគ្នា និងមានគំនិតផ្សេងគ្នា។ អានចំណុចណែនាំខាងក្រោមនេះ នឹងអាចជួយអ្នកឲ្យចេះចែករំលែក និងចេះអធ្យាស្រ័យគ្នាក្នុងការរស់នៅ
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើអ្នកធ្លាប់រស់នៅក្នុងបន្ទប់ ឬផ្ទះជួលជាមួយនឹងមនុស្ស មិនដែលធ្លាប់ស្គាល់ ឬក៏ជាមួយមិត្តជិតស្និទ្ធរបស់អ្នកទេ? តើការ​រស់នៅរបស់អ្នកចុះសម្រុងគ្នាទេ?


សូម្បីតែសត្វឆ្កែ និងឆ្មារ ក៏អាចរស់នៅជាមួយគ្នាបាន ចុះទម្រាំមនុស្ស?

ការរស់នៅជាមួយអ្នកដទៃ អាចមានការលំបាក ជាពិសេសនៅពេលដែលអ្នកទាំងនោះ មកពីស្ថានភាពគ្រួសារ ជីវិតខុស​គ្នា និងមានគំនិតផ្សេងគ្នា។

អានចំណុចណែនាំខាងក្រោមនេះ នឹងអាចជួយអ្នកឲ្យចេះចែករំលែក និងចេះអធ្យាស្រ័យគ្នាក្នុងការរស់នៅ។

១. ស្វែងរកមិត្តល្អ ដែលអាចរស់នៅក្នុងបន្ទប់ជាមួយគ្នា៖
បើអ្នកចង់បានមិត្តល្អមករស់នៅជាមួយអ្នក អ្នកត្រូវតែរៀនសង្កេតពីទង្វើរបស់គេ ក្នុងការរស់នៅប្រចាំថ្ងៃ ហើយ ធ្វើការ​ប្រៀបធៀបទៅនឹងទម្លាប់របស់អ្នក។

២. ត្រូវជួយធ្វើការងារទាំងអស់គ្នា៖
ត្រូវចេះសាមគ្គីគ្នាដូចជា ការធ្វើម្ហូប ការសំអាត នឹងរៀបចំសំភារៈផ្សេងៗ ដែលប្រើរួមគ្នា។

៣. កុំប៉ះពាល់កន្លែងគេ ដោយគ្មានការអនុញ្ញាត៖
បើអ្នកត្រូវការរបស់អ្វី ដែលជារបស់គេ អ្នកគួរតែសួរម្ចាស់គេ ឬក៏សុំខ្ចី។ អ្នកមិនត្រូវយករបស់គេ ដោយគ្មានការ អនុញ្ញាត ឬក៏ទៅយករបស់គេ ពេលគេមិននៅនោះទេ។

៤. ចេះបែងចែកភារកិច្ចគ្នា៖
បើអ្នកជាអ្នកសំអាត អ្នកអាចឲ្យមិត្តរបស់អ្នកធ្វើម្ហូប ប៉ុន្តែបើការងារមិនស្មើគ្នាទេ អ្នកអាចផ្លាស់ប្តូរវេនគ្នាធ្វើ។

៥. ចេះអធ្យាស្រ័យគ្នា៖
ក្នុងការរស់នៅ មិនមែនអ្នកគ្រប់គ្នា សុទ្ធតែមានគំនិតដូចគ្នានោះទេ។ អ្នកមិនអាចឲ្យមិត្តរបស់អ្នក ផ្លាស់ប្តូរទម្លាប់ របស់គេ ព្រោះតែអ្នកឡើយ ព្រោះគេក៏ចង់ឲ្យអ្នក ធ្វើដូចជាគេដែរ។ ដូច្នេះ អ្នកត្រូវចេះអត់ឱនឲ្យគ្នាទៅវិញទៅមក។

៦. ត្រូវសម្អាតសំភារៈផ្ទាល់ខ្លួនឲ្យបានស្អាត៖
សំភារៈផ្ទាល់ខ្លួនត្រូវសម្អាតឲ្យបានស្អាត រៀងៗខ្លួន កុំឲ្យមានភាពកខ្វក់ដល់កន្លែងគេ។

៧. កុំមានការរំខាន ពេលដែលគេកំពុងគេង៖
បើអ្នកជាមនុស្សចូលចិត្តនិយាយលឺៗ ពេលយប់អ្នកគួរតែបន្ថយសំលេង ព្រោះកុំឲ្យរំខានដល់គេ។

៨. ចំណាយពេលជាមួយគ្នា៖
គួរតែនិយាយសួរស្តី និងនិយាយលា ឬសួរនាំពីសុខទុក្ខ និងបង្ហាញពីការចាប់អារម្មណ៏ ដល់ការរស់នៅក្នុងជីវិត របស់គេ។

៩. ត្រូវចេះបត់បែន៖
យល់ពីជីវិតរបស់មិត្តភក្តិអ្នក។ ឧទាហរណ៏៖ មិត្តភក្តិអ្នកមានការប្រឡងនៅថ្ងៃខាងមុខ ដូច្នេះអ្នកគួរតែមាន​ការ​ស្ងៀម​ស្ងាត់ ហើយទុកពេលឲ្យគេសិក្សា។ បើមិត្តរបស់អ្នក រវល់ ហើយមានអារម្មណ៏មិនល្អ (ស្រ្តេស) នឹងការងារ អ្នកគួរ​តែ​ទុក​ពេលឲ្យ​គេសម្រាក។

១០. ការទំនាក់ទំនង៖
ទំនាក់ទំនងល្អ ធ្វើឲ្យជីវិតទទួលបានជោគជ័យ។ ការទំនាក់ទំនងល្អ ធ្វើឲ្យការងារ និងមិត្តភាពយូរអង្វែង ទោះបី​ជា​ស្ថិត​ក្នុង​ពេលមួយដ៏ខ្លីក៏ដោយ។ បើមានបញ្ហាអី្វ ជាមួយមិត្តភក្តិនៅក្នុងបន្ទប់របស់អ្នក អ្នកគួរតែនិយាយត្រង់ៗ ជៀស​ជាងព្យាយាម​រំលងវា និងធ្វើឲ្យមានរឿងកាន់តែធំ។

១១. ការចែករំលែក៖
ក្នុងការរស់នៅ មនុស្សតែងតែមានការពឹងពាក់គ្នាទៅវិញទៅមក។ ដូច្នេះអ្វីដែលអ្នកអាចចែករំលែកបាន អ្នកគួរតែ​ចែក​រំលែក នោះគេនឹងសប្បាយចិត្ត ហើយអ្នកក៏រីករាយដូចគ្នា។

ចំណុចត្រូវចងចាំ៖
• គិតពីសម្លេងរំខាន ដែលអ្នកបានធ្វើ។ នៅពេលដែលអ្នកស្តាប់តន្រ្តី ឬក៏និយាយទូរស័ព្ទអ្នកគួរតែពាក់កាស។ ជៀសវាង​មានការរំខានដល់គេ ធ្វើឲ្យគេមានអារម្មណ៏មិនល្អ។
• មុនពេលចេញក្រៅ អ្នកគួរតែបបួលមិត្តភក្តិរបស់អ្នក ព្រោះជាការគួរសម្យ និងបង្ហាញពីភាពជិតស្និទ្ធ។
• កុំមានការតឹងតែងពេក ព្រោះជីវិតខ្លីណាស់ ដូច្នេះពេលខ្លះអ្នកគួរតែសម្រេចចិត្ត ធ្វើអ្វីដែលមិនខ្វល់ (សប្បាយៗ)។
• ត្រូវចាំថា ដំបូងគ្រាន់តែមកនៅជាមួយគ្នា ប៉ុន្តែនៅពេលដែលនៅជាមួយគ្នាយូរៗទៅ នឹងក្លាយជាមិត្តភក្តិ។ ដូច្នេះ​ដើម្បីឲ្យ​ការរស់នៅមានការចុះសម្រុង និងក្លាយជាមិត្តភក្តិដ៏ល្អជាមួយគ្នាជារៀងរហូតនោះ អ្នកគួរតែមានភាព​ស្មើ​គ្នា។

ឧទាហរណ៏៖ ដូចជាការចំណាយទៅលើម្ហូបប្រចាំថ្ងៃ សំភារៈរួមគ្នា។ ការចេញលុយស្មើគ្នា ជាសេចក្តីសុខក្នុង​ចិត្ត​មួយ គាត់ក៏ពេញចិត្ត អ្នកក៏ពេញចិត្ត។

បំរាម៖
• កុំរអ៊ូរទាំ។ នេះជាមូលហេតុ ដែលធ្វើឲ្យមិត្តភក្តិរបស់អ្នកមានការក្តៅក្រហាយ និងខឹង។
• ត្រូវប្រយ័ត្នចំពោះការខ្ចីលុយ។ បើចំនួនតិច វាពុំសូវចោទជាបញ្ហានោះទេ ប៉ុន្តែកុំខ្ចីច្រើនពេក ដែលអាចប៉ះពាល់​ដល់ការ​ចំណាយផ្ទាល់ខ្លួនរបស់គេ ធ្វើឲ្យគេមានការទើសទាល់។
• ត្រូវចាំថា មនុស្សគ្រប់រូប មិនប្រាកដថាសុទ្ធតែចង់រស់នៅជាមួយគ្នានោះទេ។ ដូច្នេះអ្នកកុំរំពឹងខ្លាំងពេកថា អ្នកនឹង​ទទួល​បានមិត្តភក្តិដ៏ល្អ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...