បាល់ទាត់ជប៉ុន៖ ហុងដា និងណាកាតូម៉ូ អវត្តមានក្នុងការប្រកួតជាមួយស៊ូដង់
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 16, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករបាល់ទាត់ គេស៊ូកេ ហុងដា (Keisuke Honda) និងកីឡាករ យ៊ូតូ ណាកាតូម៉ូ (Yuto Nagatomo) នឹងត្រូវអវត្តមានពីក្រុមជម្រើសជាតិជប៉ុន ដែលត្រូវធ្វើការប្រកួតជំរុះបាល់ទាត់ពិភពលោក (FIFA World Cup) ជាមួយនឹងក្រុមជម្រើសជាតិស៊ូដង់ ដោយសារតែមានបញ្ហារបួស។ ប៉ុន្តែលោកគ្រូបង្វឹក អាបឺតូ ស្សាកចឺរ៉ូនី (Alberto Zaccheroni) ជឿថា គាត់នៅមានកីឡាករល្អផ្សេងទៀត ដើម្បីជំនួសដំណែងរបស់ពួកគេ។
កីឡាករ គេស៊ូកេ ហុងដា របស់ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ បាននិយាយថា «អវត្តរបស់ពួកគេ ប្រហែលជាធ្វើឲ្យក្រុមយើងមានបញ្ហាខ្លះៗ ប៉ុន្តែយើងនឹងរកដំណោះស្រាយដ៏ល្អ ដោយរកកីឡាករសំខាន់ផ្សេងទៀតមក ជំនួសឲ្យមានប្រសិទ្ធភាព»។
គាត់ក៏បានបង្ហាញឈ្មោះ កីឡាករទាំង២៣រូប ដែលនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសសូដង់ សំរាប់ការប្រកួតក្នុងទីក្រុង អាំម៉ែន (Amman) នៅថ្ងៃទី២៦ ខែមិនានេះដែរ។
ក្នុងចំណោមកីឡាករទាំងអស់ មាន១៣រូប ដែលលេងនៅតំបន់អ៊ឺរ៉ុប ដូចជាខ្សែបំរើរបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) ស្សីនជី កាកាវ៉ា (Shinji Kagawa)។ ប៉ុន្តែអត់មានវត្តមាន របស់កីឡាករខ្សែបម្រើ របស់ក្រុម ស៊ីអេសឃេអេ ម៉ូស្គូ (CSKA Moscow) និងខ្សែការពាររបស់ក្រុមអ៊ីនធឺ មីឡាន (Inter Milan) នោះទេ។
លោក ស្សាកចឺរ៉ូនី បានប្រាប់ថា «វាជាការពិត កីឡាករទាំង២ (ហុងដា និងណាកាតូម៉ូ) គឺជាកីឡាករដ៏ល្អក្នុងជម្រើសរបស់ខ្ញុំ ប៉ុន្តែខ្ញុំជឿជាក់យ៉ាងខ្លាំងថា នឹងមានកីឡាករដទៃទៀត អាចមកជំនួសកន្លែងទាំងនោះ និងធ្វើបានល្អដូចជាពួកគេ។ កាលពីមុនកីឡាករទាំង២ ក៏ធ្លាប់អវត្តមានដែរ ហើយកីឡាករដែលជំនួសដំណែងពួកគេ ក៏លេងបានយ៉ាងល្អដូចគ្នា។»
កីឡាករ ហុងដា ជាកីឡាករឆ្នើមក្នុងក្រុម ដែលគាត់រកគ្រាប់បាល់សរុបបាន៤គ្រាប់ ជួយឲ្យក្រុមសាម៉ារៃខៀវ (Blue Samurai) នាំមុខគេ ៨ពិន្ទុក្នុងពូលប៊ី (B ) របស់អាស៊ី។ បើសិនជាក្រុមជប៉ុនអាចយកឈ្នះក្រុមស៊ូដង់ ក្នុងការប្រកួតជុំទី៦នេះ នោះពួកគេនឹងក្លាយជាក្រុមទី១ ដែលអាចទៅប្រកួត នៅប្រទេសប្រេស៊ីលឆ្នាំ២០១៤ ដោយស្វ័យប្រវត្តិ។ ជើងឯករបស់អាស៊ី ៤សម័យកាល ជប៉ុន កំពុងតែមាន១៣ពិន្ទុនាំមុខគេក្នុងពូល។ ចំណែកឯ អូស្រ្តាលី អ៊ីរ៉ាក់ និងអូម៉ង់ មាន៥ពិន្ទុដូចៗគ្នា ហើយក្រុមស៊ូដង់មាន៤ពិន្ទុ នៅបាតតារាង។
បើយោងទៅតាមក្រុមស៊ីអេសឃេអេ កីឡាករ ហុងដា កំពុងតែសម្រាកព្យាបាលរបួសជង្គង់និងកជើងរបស់គាត់។ រីឯកីឡាករ ណាកាតូម៉ូ ទើបតែជាពីរបួសជង្គង់ ហើយមិនទាន់អាចចូលលេងបានទេ។
លោក ស្សាកចឺរ៉ូនី បាននិយាយថា «ស៊ូដង់បានបង្ហាញពីទម្រង់ដ៏ល្អរបស់ពួកគេឡើងវិញ បន្ទាប់ពីយកឈ្នះអូស្រ្តាលីក្នុងទឹកដីខ្លួនឯង កាលពីខែមុន។ ពួកគេក៏ដូចជាក្រុមនៃប្រទេសដទៃទៀតដែរ នៅមានឱកាសទៅវគ្គជាបន្តនៅឡើយ។ យើងត្រូវតែត្រៀមខ្លួនឲ្យបានល្អ ព្រោះពួកគេនឹងលេងឲ្យល្អក្នុងប្រកួតនោះ។»
អតីតគ្រូបង្វឹករបស់ក្រុម អេស៊ី មីឡាន (AC Milan) រូបនេះបានបន្តថា «ខ្ញុំមិនដឹងថា ក្រុមស៊ូដង់ នឹងលេងវាយលុក ឬក៏លេងការពារនោះទេ ប៉ុន្តែយើងនឹងត្រៀមខ្លួនឲ្យរួចជាស្រេច សម្រាប់យុទ្ធសាស្រ្តទាំង២»។
ក្រុមរបស់លោក ស្សាកចឺរ៉ូនី នឹងចាកចេញនៅថ្ងៃអាទិត្យ ទៅកាន់ប្រទេសកាតា ដើម្បីត្រៀមធ្វើការវឹកហាត់ ហើយនឹងត្រូវប្រកួតកម្តៅសាច់ដុំជាមួយនឹងក្រុមកាណាដា នៅថ្ងៃទី២២ ខែមិនា មុនពេលដែលត្រូវធ្វើដំណើរទៅប្រទេសស៊ូដង់ នៅថ្ងៃទី២៤ ខែមិនា៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ