មរណភាពអៀង សារី៖ សាលាក្ដីធ្វើអោយ«ខកចិត្ត» និងត្រូវពន្លឿនការងាររបស់ខ្លួន
- ដោយ: ដារា រិទ្ធ
- កែប្រែចុងក្រោយ: March 16, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនមែនជាដំណឹង ដែលគេមិនបានទន្ទឹងរងចាំនោះទេ! ជាពិសេសស្ថានភាពសុខភាព របស់ជនជាប់ចោទទាំងអស់ បានដាក់ជាសញ្ញាប្រកាសអាសន្ន ដល់សាលាក្ដី តាំងពីពួកគាត់ចាប់ផ្ដើម មានអាការះមិនស្រួល និងបន្ទាប់មកបានចូលទៅស្នាក់ព្យាបាល ជាបន្តបន្ទាប់នៅមន្ទីរពេទ្យមកម្លេះ។ ដូច្នេះហើយ ទើបនៅក្រោយមរណភាពរបស់ អៀង សារី ការអំពាវនាវអោយពន្លឿនការកាត់ទោស បានកើនឡើងយ៉ាងខ្លាំង ទាំងនៅក្នុងមតិជាតិ និងអន្តរជាតិ។
លោកអៀង សារី (រូបកណ្ដាល) ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។ រូបថតឯកសារ។
នៅថ្ងៃសុក្រនេះ ការអំពាវនាវ ដើម្បីអោយមានដំណើរការ អោយឆាប់រហ័សឡើងវិញ នូវអង្គសវនាការនៃសាលាក្ដីខ្មែរក្រហមនៅភ្នំពេញ មួយថ្ងៃក្រោយមរណភាព របស់ជនជាប់ចោទមួយរូប ក្នុងចំណោមជនជាប់ទាំងបី។ សវនាការដែលបានប្រើប្រាស់ពេលវេលា ច្រើនហួសប្រមាណ បើប្រៀបធៀបទៅនឹងលទ្ធផល ដែលចេញមកតែបន្ដិចបន្តួច រហូតទៅដល់មានការគិតថា ជាបរាជ័យមួយជាប្រវត្តិសាស្ត្រ របស់សាលាក្ដីមួយ នៃសាលាក្ដីអន្តរជាតិដែលធ្លាប់មានកន្លងមក ផ្សេងទៀតក្នុងពិភពលោក។
លោក អៀង សារី អតីតមេដឹកនាំខ្មែរក្រហម ត្រូវបានសាលាក្ដីសម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហម ចោទពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ មរណភាពរបស់ជនជាប់ចោទ អាយុ៨៧ឆ្នាំរូបនេះ កាលពីថ្ងៃទី១៤ខែមិនា បានបង្ហាញពី សញ្ញា«ប្រកាសអសន្ន»សាជាថ្មីទៀត ទៅដល់សាលាក្ដីនេះ ដែលបង្កើតឡើងតាំងពីឆ្នាំ២០០៦។ មកទល់នឹងពេលនេះ សាលាក្ដីបានចេញសាលក្រមបានតែមួយគត់ ទាក់ទងនឹងសំនុំរឿងទីមួយ របស់អតីតប្រធានពន្ធនាគារទួលស្លែង ឬមន្ទីសរ២១ ឈ្មោះ កាំ ហ្គេចអៀវ ហៅឌុច អោយជាប់ពន្ធនាគារអស់មួយជីវិត។
សាលាក្ដីធ្លាប់បានអះអាងថា មិនជាយូរប៉ុន្មានទៀតទេ សាលក្រមទីពីរនឹងអាចចេញ ទាក់ទងសំនុំរឿងលេខ២ ដែលមានជនជាប់ចោទចុងក្រោយទាំងបី។ តែក្នុងពេលនេះ មានជនជាប់ចោទតែពីរនាក់ទៀតប៉ុណ្ណោះ ដែលនៅរស់រានមានជីវិតនិងសុទ្ធតែមានវ័យជរាណាស់ទៅហើយ៖ អតីតប្រមុខរដ្ឋលោក ខៀវ សំផង អាយុ៨១ឆ្នាំ និងបងធំទី២ អតីតមេមនោគមវិជ្ជា លោក នួន ជា អាយុ៨៦ឆ្នាំ។
របាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា ដែលធ្វើដោយអ្នករាយការណ៍របស់ខ្លួន លោក ស៊ួរយ៉ា ស៊ូប៊ើឌី (Surya Subedi) បានរំលឹកទៅអង្គការពិភពលោកដ៏កំពូលនេះ ទៅសាលាក្ដី និងទៅរដ្ឋាភិបាលកម្ពុជា អោយប្រកាន់ខ្ជាប់នូវកិច្ចសន្យារបស់ខ្លួន ក្នុងការពន្លឿនដំណើរការកាត់ក្ដី។ របាយការណ៍នោះសរសេរថា «យើងត្រូវការការកាត់ក្ដីនេះ ដើម្បីជាយុត្តិធម៌ ទៅដល់អ្នកដែលរួចរស់មានជីវិត ពីរបបខ្មែរក្រហម ដល់គ្រួសារនៃជនរងគ្រោះ និងដល់សង្គមជាតិកម្ពុជាទាំងមូល ដែលបន្តនូវការឈឺចាប់ទាំងនេះ»។
ប៉ុន្តែរាល់ការអំពាវនាវទាំងនោះ បានដាក់សម្ពាធលើសាលាក្ដី ខណៈដែលស្ថាប័នយុត្តិធម៌មួយនេះ កំពុងត្រដរខ្យល់ពីបញ្ហាថវិការនោះផង។ ពីរសប្ដាហ៍កន្លងទៅហើយ ដែលសវនាការទាំងឡាយ ត្រូវបានលើកពេល ដោយហេតុពីកូដកម្ម មិនចូលធ្វើការរបស់បុគ្គលិកអ្នកបកប្រែ ជាជនជាតិខ្មែរ។ តាំងពីខែវិច្ឆិការមក បុគ្គលិកខ្មែរប្រមាណជា ២៧០នាក់ មិនបានទទួលប្រាក់ខែ របស់ពួកគេនៅឡើយ។ ស្ថានទូតបារាំង និងជប៉ុន តាមរយះអគ្គរដ្ឋទូតរបស់ផងខ្លួន បានចេញសេចក្ដីប្រកាសព័ត៌មាន«រួម»មួយ ដែលមានសេចក្ដីជាអាថ៌ថា «ជាងពេលណាទាំងអស់ វាជាការបន្ទាន់បំផុត ដែលគ្រប់ភាគីទាំងអស់ ត្រូវសំដែងនូវការទទួលខុសត្រូវរបស់ខ្លួន ដើម្បីសវនាការកាត់ក្ដី ទៅលើជនជាប់ចោទដទៃទៀត មានដំណើរការទៅមុខដោយភាពត្រឹមត្រូវ ប្រសិទ្ធភាព និងឆាប់រហ័ស»។
ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ បានស្រង់សម្ដីអ្នកសង្កេតការណ៍បរទេសមួយរូប ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា «ភាពរអាក់រអួល នៃដំណើរការរបស់សាលាក្ដី មានទំនាក់ទំនងនឹងសកម្មភាពគ្មានថាមពល របស់រដ្ឋាភិបាល» ដែលរងការរិះគន់ ថា«មិនបានធ្វើអ្វីទាំងអស់» ដើម្បីសង្គ្រោះសាលាក្ដី។ «មរណភាពរបស់អៀង សារី នឹងធ្វើអោយអារម្មណ៍ នៃការខកចិត្ត មានកាន់តែខ្លាំងឡើង» អ្នកសង្កេតការណ៍ម្នាក់នោះបានបន្ថែម ដោយបានអះអាងថា កិច្ចពិភាក្សាត្រូវតែធ្វើបន្ដ ដើម្បីស្វែងរកថវិការ និងបាន«រំលឹក»ពីកាតព្វកិច្ច ដែលរដ្ឋាភិបាលត្រូវបំពេញ។
កាលពីថ្ងៃព្រហស្បត្តិ៍ រាជអាជ្ញាអន្តរជាតិរង បានសន្យានឹងមានសាលក្រមថ្មី ពីពេលនេះ ទៅរហូតដល់រដូវក្ដៅខាងមុខ។ ប៉ុន្តែលោក បានបញ្ជាក់ទទួលស្គាល់ពីបញ្ហាមួយចំនួន នៅចំពោះមុខដែរថា «ប្រសិនបើបុគ្គលិកជាតិ មិនទទួលបានប្រាក់បំណាច់ ហើយជនជាប់ចោទម្នាក់បានស្លាប់ នៅមុនការចេញសាលក្រម និងបន្ទាប់មកនៅមានបញ្ហានិតិវិធីផ្សេងទៀត (...) វាជារឿងត្រឹមត្រូវហើយ ដែលនិយាយថា សាលាក្ដីកំពុងឆ្លងកាត់ដំណាក់កាលដ៏ពិបាកនោះ»។
កាលពីថ្ងៃសុក្រ អ្នកស្រុកប្រមាណជាមួយរយនាក់ ដែលស្និតនឹងអតីតមេដឹកនាំខ្មែរក្រហម លោក អៀង សារី បានចូលមកគោរពនៅចំពោះសាកសព ដែលបានដឹកទៅដល់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្ថិតជាប់នឹងព្រំដែនផ្នែកពាយព្យនៃប្រទេស។ ប្រភពស្និតនឹងគ្រួសារសពបាននិយាយថា សាកសពលោកអៀងសារី នឹងត្រូវបញ្ចុះនៅសប្ដាហ៍ខាងមុខ។
ចំណែកឯជនរងគ្រោះវិញ ពីមួយថ្ងៃទៅមួយថ្ងៃ ក្ដីសង្ឃឹមរបស់ពួកគាត់ ក្នុងការរកយុត្តិធម៌មកអោយខ្លួន មានកាន់តែតិចទៅៗ។ រវាងពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ នៃការកាន់អំណាចរបស់កម្ពុជាប្រជាធិបតេយ្យ ប្រជាជនកម្ពុជាប្រមាណជា ជិត២លាននាក់បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះអត់ឃ្លាន ទារុណកម្ម និងនយោបាយកម្ទេចខ្មាំងរបស់របបនេះ។ អ្នកដែលបានរួចរស់មានជីវិត សុទ្ធតែបានរងគ្រោះ នឹងការព្រាត់និរាសគ្រួសារ បាត់បងទ្រព្យសម្បត្តិ និងមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។
កាលពីឆ្នាំ២០០៩ ការស៊ើបអង្កេតបន្ថែមមួយ ត្រូវបានបើកធ្វើ ទៅលើជនសង្ស័យប៉ុន្មាននាក់ផ្សេងទៀត តែការស៊ើបអង្កេតមិនមានដំណើរការទៅ ដោយធម្មតាទេ។ នាយករដ្ឋមន្ត្រី លោកហ៊ុន សែន មិនដែលលាក់ពីគំនិតថា មិនចង់អោយពង្រីកសំនុំរឿងលើសពី ជនជាប់ចោទប៉ុន្មាននាក់ ដែលមានរួចមកហើយនេះទេ។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំនៅអាស៊ី លោកប្រ៊េដ អាដាម (Brad Adams) បានពន្យល់ថា «ប្រជាជនកម្ពុជាចាំបាច់ ត្រូវទទួលយកជនតែបីនាក់នេះ មកអោយទទួលខុសត្រូវ ក្នុងការបំផ្លិចបំផ្លាញប្រទេសរបស់ពួកគេ»។ លោកបានវាយតម្លៃថា «មរណភាពរបស់អៀង សារី បង្ហាញពីបរាជ័យ របស់សាលាក្ដី»។
ការបរាជ័យរបស់សាលាក្ដី ជាផ្នែកមួយនៃការទទួលខុសត្រូវ របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន អតីតទាហ៊ាន «ខ្មែរក្រហម» ដែលបានរត់ចោលជួរ ហើយងាកមកប្រឆាំងនឹងរបបនេះវិញ។ សម្រាប់លោកប៊្រេដ អាដាម នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីដាក់ការងាររបស់សាលាក្ដី ទៅក្នុងភាពជាប់គាំង។ «បុរសខ្លាំងរបស់ប្រទេសរូបនេះ ត្រូវទទួលខុសត្រូវមុនគេ ពីការមិនទទួលយកយុត្តិធម៌» នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានអះអាងយ៉ាងដូច្នេះ៕
-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ