ណាដាល់ ទម្លាក់ម្ចាស់ជើងឯក ហ្វេដឺរឺ ឡើងទៅពាក់កណ្តាលផ្តាច់ព្រ័ត្រ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករវាយកូនបាល់ រ៉ាហ្វា ណាដាល់ (Rafa Nadal) បានប្រកួតឈ្នះកីឡាករស្វីស រ៉ដចឺ ហ្វេដឺរឺ (Roger Federer) ដោយលទ្ធផល ៦-៤ និង ៦-២ ហើយអាចបន្តការប្រកួតនៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្ត ក្នុងកម្មវិធីប៊ីអិនភី ប៉ារីបាស អូផិន (BNP Paribas Open) កាលពីថ្ងៃព្រហស្បត៏។
កីឡាករវាយកូនបាល់ រ៉ាហ្វា ណាដាល់ (ស្ដាំ) និងកីឡាករស្វីស រ៉ដចឺ ហ្វេដឺរឺ (ឆ្វេង)។
កីឡាករអេស្ប៉ាញរូបនេះ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងបានចូលប្រកួតនៅលើទីលាន ជាលើកដំបូងរបស់គាត់ បន្ទាប់ពីការត្រឡប់មកពីរបួសរបស់គាត់អស់ពេល ៧ខែ ដោយសារតែបញ្ហាជង្គង់។ គាត់នៅតែធ្វើបានយ៉ាងល្អ នៅក្នុងការប្រកួត អ៊ិនដៀន វ៊ែល ថិននីស កាដិន (Indian Wells Tennis Garden) នេះ។
ណាដាល់ បានបំបាក់ម្ចាស់ការពារដំណែងជើងឯក ម្តងក្នុងវគ្គទី១ និង៣ដង ក្នុងវគ្គទី២ ហើយបានយកឈ្នះ ដោយប្រើរយះពេលអស់ ១ម៉ោង ២៤នាទី នៅលើទីលាន។
កីឡាករលេខ៥ ពិភពលោក របស់ប្រទេសអេស្ប៉ាញរូបនេះ បង្កើនកំណត់ត្រារបស់គាត់កាន់តែល្អឡើង បន្ទាប់ពីយកឈ្នះកីឡាករ ហ្វេដឺរឺ ដោយលទ្ធផលសរុប ១៩-១០ នឹងត្រូវជួបជាមួយកីឡាករឆែក ថូម៉ាស បឺឌីជ (Tomas Berdych) នៅវគ្គបន្ត បន្ទាប់ពីកីឡាកររូបនេះ បានយកឈ្នះ កីឡាករអាហ្វ្រិក ឃេវិន អេនដឺសិន (Kevin Anderson) ដោយលទ្ធផល ៦-៤ និង ៦-៤។
ណាដាល់ បាននិយាយថា «បន្ទាប់ពីអវត្តមានអស់រយះពេល៧ខែ ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបានបន្តដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្តនៅថ្ងៃនេះ។ ខ្ញុំគិតថា ខ្ញុំលេងបានយ៉ាងអស្ចារ្យនៅវគ្គទី១។ នៅវគ្គទី២ រ៉ដចឺ មិនបានវាយបកខ្ញុំទេ ប្រហែលជាគាត់មានបញ្ហាខ្លះៗ ហើយគាត់មិនមានអារម្មណ៏ល្អក្នុងការប្រកួត។ សម្រាប់ខ្ញុំ ខ្ញុំផ្តោតសំខាន់ទៅលើវគ្គទី១ ព្រោះវាជាវគ្គដែលសំខាន់ក្នុងការប្រកួត ហើយយើងទាំង២នាក់ព្យាយាមលេងឲ្យបានល្អរៀងៗខ្លួន។»
គាត់បានបន្តថា «កត្តាដែលធ្វើឲ្យខ្ញុំរីករាយបំផុតនោះ គឺចលនារបស់ខ្ញុំ ព្រោះយប់នេះ ខ្ញុំធ្វើបានល្អ ជាងពេលមុន។ ខ្ញុំមានអារម្មណ៏ល្អ នៅដៃផ្នែកខាងមុខរបស់ខ្ញុំ បើទោះបីជាខ្ញុំធ្វើឲ្យមានកំហុសផ្នែកខាងក្រោយ បន្តិចបន្តួចនៅវគ្គទី២ក៏ដោយ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ