ក្រុមបាល់ទាត់អង់គ្លេសចំនួន៣ ឡើងទៅ១ភាគ៨ផ្តាច់ព្រ័ត្រ នៃពានអ៊ឺរ៉ូផាលីក
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: March 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមតោខៀវឆែលស៊ី (Chelsea) អាចបន្តរដំណើរទៅកាន់វគ្គ១ភាគ៨ផ្តាច់ព្រ័ត្រជាបន្ត នៃពានរង្វាន់អ៊ឺរ៉ូផាលីក (Europa League) កាលពីការប្រកួតថ្ងៃព្រហស្បត៏កន្លងទៅ។ ក្រុមទទិនហេម ហតស្ពឺ (Tottenham Hotspur) បានរួចខ្លួនឡើងវិញ បន្ទាប់ពីការវាយបកពីក្រុមអ៊ីនធឺ មីឡាន (Inter Milan)។ ឯក្រុមញ៉ូកាស្ស៊ល យូណៃធីត (Newcastle United) បានយកឈ្នះនៅចុងម៉ោង។
បាល់ទាត់ នៃពានរង្វាន់អ៊ឺរ៉ូផាលីក។
គ្រាប់បាល់របស់កីឡាករ ចន ម៉ាតា (Juan Mata), ចន ធើរី (John Terry) និងកីឡាករ ហ្វឺណាន់ដូតូរែស (Fernando Torres) ដែលទាត់បាល់ពិន័យប៉េណាល់ទី មិនបានសម្រេចនោះ បានជួយឲ្យក្រុមម្ចាស់ជើងឯកអ៊ឺរ៉ុបឆែលស៊ី យកឈ្នះដោយលទ្ធផល ៣-១ លើក្រុមភ្ញៀវ ស្ទេអូ បាឆារែស (Steaua Bucharest) និងសរុបការប្រកួតទាំង២ជើង ឆែលស៊ីយកឈ្នះ ដោយលទ្ធផល ៣-២ ។
ខ្សែប្រយុទ្ធក្រុមស្ពឺ អេម៉ាណូអែល អាដេបាយឺ (Emmanuel Adebayor) រកគ្រាប់ឲ្យក្រុមបានចំនួន១គ្រាប់ នៅម៉ោងបន្ថែម ដោយបញ្ចប់លទ្ធផលក្រុមស្ពឺ ចាញ់ក្រុមអ៊ឺនធឺដោយលទ្ធផល ៤-១ នៃការប្រកួតជើងទី២ ក្នុងកីឡាដ្ឋាន សានស៊ីរ៉ូ (San Siro)។ ប៉ុន្តែទោះបីជាការប្រកួតចាញ់ក៏ដោយ ក៏ក្រុមស្ពឺ មានសិទ្ធទៅកាន់វគ្គជាបន្តដែរ ដោយចំណេញគ្រាប់បាល់ក្រៅផ្ទះ។ សរុបគ្រាប់បាល់ទាំង២ជើង ក្រុមទាំង២ បញ្ចប់លទ្ធផល ៤-៤។
ក្រុមញ៉ូកាស្ស៊ល យូណៃធីត (Newcastle United) ក៏បានអបអរជ័យជំនះរបស់ខ្លួនដែរ បន្ទាប់ពីកីឡាករ ប៉ាប៉ិស ស៊ីស៊េ (Papiss Cisse) ប្រើជំនាញក្បាលរកគ្រាប់បាល់បញ្ចូលទី បានសម្រេច នៅចុងម៉ោង ហើយអាចជួយឲ្យញ៉ូកាស្ស៊ល ឈ្នះលើក្រុមដែលចំណាយលុយធំ អេនស្ស៊ី ម៉ាកខាចកាឡា (Anzhi Mackhachkala) ដោយលទ្ធផល ១-០ បន្ទាប់ពីការប្រកួតនៅជើងទី១ ក្រុមទាំង២ បញ្ចប់ដោយលទ្ធផល ០-០។
ក្រុមអ្នកមានរ៉ុស្សី មួយទៀត ដែលជាអតីតម្ចាស់ពានរង្វាន់យូហ្វាខាប់ (UEFA Cup) ឆ្នាំ២០០៨ ហ្ស៊ីនីត ហ្សិន ផិថឺស្បឺក (Zenit St Petersburg) ក៏ត្រូវធ្លាក់ចេញពីការប្រកួតដែរ ដោយសរុបគ្រាប់បាល់ទាំង២ជើង ក្រុមនេះចាញ់ក្រុម បាស្ស៊ែល (Basel) ដោយលទ្ធផល ២-១ ទោះបីជាការប្រកួត ជើងទី២នេះ ពួកគេឈ្នះដោយលទ្ធផល ១-០ ក៏ដោយ។
ក្រុមរ៉ូប៊ីន កាស្សាន (Rubin Kazan) របស់រ៉ុស្សី បានទម្លាក់ក្រុម ឡេវ៉ាន់តេ (Levante) របស់អេស្ប៉ាញ ដោយយកឈ្នះ ២-០ នៅម៉ោងបន្ថែម ហើយបានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុមឡាលីកា (La Liga) មួយនេះ។
កីឡាករ លីបរ កូស្សាគ (Libor Kozak) របស់ក្រុម ឡាស្ស៊ីអូ (Lazio) រកគ្រាប់បាល់បាន៣គ្រាប់តែម្នាក់ឯង ហើយជួយឲ្យក្រុមឈ្នះ ៣-១ ទៅលើក្រុម ស្ទូដកាត (Stuttgart) និងឈ្នះគ្រាប់បាល់សរុបទាំង២ជើង ៥-១ ដែលធ្វើឲ្យក្រុមរបស់ប្រទេសអ៊ីតាលីមួយនេះ បន្តក្តីសង្ឃឹមទៅកាន់វគ្គ ១ភាគ៨ផ្តាច់ព្រ័ត្រជាបន្តទៀត។
ក្រុមហ្វឺណឺបាច់ (Fenerbahce) ស្មើ ១-១ ជាមួយក្រុម វីកតូរៀ ផូលសិន (Viktoria Plzen) ហើយអាចទៅវគ្គជាបន្តទៀត ដោយកាលពីជើងទី១ ក្រុមនេះបានយកឈ្នះដោយលទ្ធផល ១-០។ ហើយអតីតម្ចាស់ជើងឯកអ៊ឺរ៉ុប បិនហ្វីកា (Benfica) ក៏អាចឆ្លងទៅកាន់វគ្គជាបន្តដែរ បន្ទាប់ពីយកឈ្នះក្រុមបរដូ (Bordeaux) របស់បារាំងដោយលទ្ធផល ៣-២ និងសរុបទាំង២ជើង ៤-២។
ដូច្នេះក្រុមទាំង៨ ដែលត្រូវប្រកួតវគ្គ ១ភាគ៨នៃពានរង្វាន់អ៊ឺរ៉ូផាលីក នៅខែមេសា ខាងមុខនេះមាន៖
១. ហ្វឺណឺបាច់ (Fenerbahce) មកពីប្រទេសទួរគី
២. បិនហ្វីកា (Benfica) មកពីប្រទេសព័រទុយហ្គាល់
៣. ញ៉ូកាស្ស៊ល យូណៃធីត (Newcastle United) មកពីប្រទេសអង់គ្លេស
៤. ឡាស្ស៊ីអូ (Lazio) មកពីប្រទេសអ៊ីតាលី
៥. ទទិនហេម ហតស្ពឺ (Tottenham Hotspur) មកពីប្រទេសអង់គ្លេស
៦. រ៉ូប៊ីន កាស្សាន (Rubin Kazan) មកពីប្រទេសរ៉ុស្សី
៧. បាស្ស៊ែល (Basel) មកពីប្រទេសស្វីស
៨. ឆែលស៊ី (Chelsea) មកពីប្រទេសអង់គ្លេស៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ